ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន វគ្គថ្នាក់ខេត្ត បន្ថែមខេត្តថ្មីចំនួន២ និងចាប់ពូលឡើងវិញ

មាស សុផាណារ៉ុង January 31, 2020


 

ភ្នំពេញ៖ ការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន វគ្គថ្នាក់ខេត្ត រដូវកាល២០២០ នឹងដំណើរការប្រកួតរដូវកាលថ្មីនៅដើមខែកុម្ភៈ ឆ្នាំ២០២០ ជាមួយនឹងសមាសភាពក្រុមចំនួន ១៧ធ្វើការប្រកួតប្រជែងដណ្ដើមជើងឯក ស្មើនឹង ៥ពូល បន្ទាប់ពីដើមឡើយមានក្រុមតែ ១៥ចូលរួម។

ដើមឡើយវគ្គថ្នាក់ខេត្តនេះ មានតែ ១៥ក្រុមចូលរួមប៉ុណ្ណោះ ខណៈខេត្តមួយចំនួនធំ ដែលមិនបានចូលរួមគឺដោយសារមិនបានបំពេញលក្ខខណ្ឌបទដ្ឋានបច្ចេកទេស ជាចំបងដូចជាទីលានប្រកួត ដែលមានស្ថានភាពមិនអាចទទួលយកបានដើម្បីត្រៀមលក្ខណៈ និងរៀបចំធ្វើជាម្ចាស់ផ្ទះ ហើយត្រូវការពេលវេលា និងការរៀបចំបន្ថែម ប៉ុន្តែក្រោយមកក៏មានការបន្ថែម ២ក្រុមបន្ថែមទៀត ហើយថែមទាំងបានធ្វើការចាប់ពូលសារជាថ្មីផងដែរ។

ការបែងចែកពូលយោងតាមកម្មវិធីដំបូងសម្រាប់សមាសភាពក្រុមទាំង១៥ ដូចខាងក្រោម៖ 

  • ពូល ក ( បាត់ដំបង , សៀមរាប និង បន្ទាយមានជ័យ )
  • ពូល ខ ( កំពង់ធំ , រតនៈគីរី , និង ព្រះវិហារ )
  • ពូល គ ( កំពង់ធំ , កណ្ដាល និងត្បូងឃ្មុំ )
  • ពូល ឃ ( កំពត , កែប និង តាកែវ )
  • ពូល ង ( ព្រះសីហនុ , កោះកុង និង កំពង់ស្ពឺ )

ក្រុមតំណាងខេត្តពីរផ្សេងទៀត ត្រូវបានបន្ថែមគឺ ខេត្តពោធិសាត់ និងខេត្តព្រៃវែង ជាហេតុនាំឲ្យមានការចាប់ឆ្នោតបែងចែកពូលជាថ្មី ដែលមានទិដ្ឋភាពដូចខាងក្រោម៖

  • ពូល ក ( ពោធិសាត់ , បាត់ដំបង , បន្ទាយមានជ័យ និងកំពង់ឆ្នាំង )
  • ពូល ខ ( កំពង់ធំ , ព្រះវិហារ និងសៀមរាប )
  • ពូល គ ( រតនៈគីរី , ត្បូងឃ្មុំ និងព្រៃវែង )
  • ពូល ឃ ( កណ្ដាល , តាកែវ និងកំពង់ស្ពឺ )
  • ពូល ង ( ព្រះសីហនុ , កោះកុង , កំពត និងកែប )

សូមបញ្ជាក់ថា វគ្គថ្នាក់ខេត្ត គ្រោងនឹងចាប់ផ្ដើមពីថ្ងៃទី០៤​ ខែកុម្ភៈ ហើយធ្វើការប្រកួតរៀងរាល់ថ្ងៃអង្គារ៍ និងថ្ងៃពុធ ប្រកួតចំនួន ២ជើង ដល់ថ្ងៃទី១១ ខែមីនា សម្រាប់វគ្គជម្រុះក្នុងពូល ក្រុមលេខ១ ប្រចាំពូលទាំង៥ បានកៅអីឡើងវគ្គ ៨ក្រុមចុងក្រោយ បូកនឹងក្រុមលេខ ២ល្អ ចំនួន ៣ក្រុមបន្ថែមទៀត ចាប់ផ្ដើមប្រកួតពីថ្ងៃទី០៧ ខែមេសា រហូតដល់ថ្ងៃទី២០ ខែឧសភា ដែលជាការប្រកួតផ្ដាច់ព្រ័ត្រ វគ្គថ្នាក់ខេត្ត។

តាមគម្រោង ៣ក្រុមដែលទទួលបានចំណាត់ថ្នាក់ពីលេខ១ ដល់លេខ៣ នឹងទទួលបានកៅអីឡើងទៅប្រកួតវគ្គថ្នាក់ជាតិ ជាមួយក្រុមចំនួន ១៣ផ្សេងទៀតដែលអង្គុយរង់ចាំរួចជាស្រេច ដែលជាសមាជិកនៃលីគកំពូលកម្ពុជា ប្រកួតក្នុងវគ្គ ១៦ក្រុមចុងក្រោយ។

ខាងក្រោមគឺជាកម្មវិធីប្រកួតទាំងស្រុង៖

សូមបញ្ជាក់ថា នេះជាឆ្នាំទី១៤ហើយ ដែលពានកម្រិតទី២ ប្រចាំប្រទេសមួយនេះដំណើរការឡើង ខណៈឆ្នាំចុងក្រោយក្រុមដែលទទួលតំណែងជើងឯក វគ្គថ្នាក់ខេត្តគឺបានទៅ ខេត្តត្បូងឃ្មុម ក្រោយយកឈ្នះ ខេត្តសៀមរាប ០ទល់១ ស្របពេលដែលក្រុមជើងឯពានរង្វាន់នេះជាផ្លូវការវិញ គឺបានទៅលើ ក្លឹបបាល់ទាត់បឹងកេត បន្ទាប់ពីបានយកឈ្នះ ព្រះខ័នរាជស្វាយរៀង ដោយបាល់កាត់សេចក្ដី ១១ម៉ែត្រ ៥ទល់៤ បន្ទាប់ពីស្មើគ្នា ១ទល់១ រយៈពេល ១២០នាទីពេញ នៅវគ្គផ្ដាច់ព្រ័ត្រ៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់