លោក Honda ត្រូវបានដឹងថាកំពុងចរចាផ្ទេរទៅចូលរួមជាមួយក្លឹបលីគកំពូលប្រេស៊ីល

មាស សុផាណារ៉ុង January 31, 2020


 

ប្រេស៊ីល៖ បន្ទាប់ពីប៉ុន្មានសប្ដាហ៍មុន មានសេចក្ដីរាយការណ៍ថាសមាជិកលីគកំពូលឥណ្ឌូនេស៊ី Persija Jakarta មានបំណងចង់នាំយកអ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា Keisuke Honda ទៅរួមក្រុមនៅរដូវកាល ២០២០ ខាងមុខ ថ្មីៗនេះផងដែរ លោកត្រូវបានក្លឹបលីគកំពូលប្រេស៊ីល កំពុងចរចា។

យោងតាមការចេញផ្សាយដោយសារព័ត៌មាន globoesporte.globo.com បានបញ្ជាក់ថា ក្លឹប Botafogo ដែលជាសមាជិកលីគកំពូលប្រេស៊ីល បានដាក់សំណើដេញថ្លៃជាផ្លូវការដើម្បីចុះហត្ថលេខាលើខ្សែបម្រើអន្តរជាតិសញ្ជាតិជប៉ុន Keisuke Honda។

សារព័ត៌មានដដែល បាននិយាយកាលពីពេលថ្មីៗនេះថា កីឡាករវ័យ ៣៣ឆ្នាំរូបនេះត្រូវបានគេដឹងថាជាអ្នកជំនួសកន្លែងដ៏ល្អសម្រាប់កីឡាករ Joao Paulo ដែលជិតចូលរួមជាមួយក្រុម Seattle Sounders នៃលីគកំពូលអាមេរិក ( Major League Soccer )។

GloboEsporte.com បានរកឃើញទៀតថាក្លឹបបានឈានដល់កិច្ចព្រមព្រៀងជាមួយខ្សែបម្រើសញ្ជាតិជប៉ុនវ័យ ៣៣ឆ្នាំដែលបច្ចុប្បន្នទំនេរគ្មានក្លឹបប្រកបអាជីពជាមួយ ហើយគាត់ត្រូវបានគេរំពឹងថានឹងនៅទីក្រុង Rio de Janeiro ចុងសប្តាហ៍នេះដើម្បីចុះហត្ថលេខាលើកិច្ចសន្យារយៈពេលមួយឆ្នាំ។

ដោយឡែកនៅក្នុងគណនី Twitter របស់លោក Honda បានបង្ហោះដោយមិននិយាយចំៗពី ក្លឹប Botafogo យ៉ាងដូច្នេះថា៖ «ខ្ញុំបាននិយាយជាមួយពួកគេ ប៉ុន្តែខ្ញុំមិនទាន់សំរេចចិត្តនៅឡើយទេ។»

គួររំលឹកផងដែរថា អ្នកចាត់ការក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា លោក Keisuke Honda ដែលបានចូលរួមជាមួយក្លឹប Vitesse នៃលីគកំពូលហូឡង់ ជាមួយកិច្ចសន្យាដល់ រដូវកាល២០១៩-២០២០ កាលពីដើមខែវិច្ឆិកា កន្លងទៅថ្មីៗនេះបានសម្រេចចាកចេញពីក្លឹបនេះវិញ កាលពីចុងខែធ្នូ ឆ្នាំ២០១៩ បន្ទាប់លោកគិតថាពុំអាចជួយកែប្រែស្ថានការណ៍របស់ក្លឹបឲ្យទទួលបានលទ្ធផលល្អបាន៕

 

ប្រភព៖ Globo Esporte news

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់