លោក Conor Nestor ចាត់ទុកថាការបានឡើងវគ្គចែកពូល AFC Cup ជាឱកាសដើម្បីសាកល្បងខ្លួនឯង

មាស សុផាណារ៉ុង January 30, 2020


 

ភ្នំពេញ៖ ព្រះខ័នរាជស្វាយរៀង បានយកឈ្នះ Master 7 FC របស់ឡាវ ដោយលទ្ធផល ៣-០ ក្នុងជើងទី២ នៃវគ្គជម្រុះពានរង្វាន់ក្លឹបបាល់ទាត់ប្រចាំទ្វីបអាស៊ី កម្រិតទី២ ( AFC Cup ) ដើម្បីប្រមូលបានជ័យជម្នះ ៧-១ សរុបលទ្ធផលទាំងពីរជើង និងរកបានកៅអីមួយក្នុងវគ្គចែកពូល។

គ្រាប់បាល់បញ្ចូលទីពី សំអឿន ពិដោរ, Privat និងហូយ ផល្លីន នាំឲ្យម្ចាស់ជើងឯកលីគកំពូលកម្ពុជា មួយនេះឡើងដល់ចំណុចកំពូលនៅលើទឹកដីឡាវជាមួយនឹងការបង្ហាញទម្រង់លេងដ៏អស្ចារ្យ ដែលធ្វើឲ្យ លោក Conor Nestor មានមោទកភាពយ៉ាងខ្លាំង។

ក្រុមតំណាងខេត្តស្វាយរៀងមួយនេះ នឹងចូលរួមពូល G នៃពានរង្វាន់ AFC Cup ដែលពួកគេត្រូវជួបជាមួយ Ceres Negros ( ហ្វីលីពីន ), Than Quang Ninh ( វៀតណាម ) និង Bali United ( ឥណ្ឌូនេស៊ី ) ហើយ Conor Nestor ពិពណ៌នាថាវាជាឱកាសមួយសម្រាប់ក្រុមរបស់លោក ក្នុងការសាកល្បងខ្លួនឯង។

Conor Nestor បានប្រាប់សារព័ត៌មាន camsports.org ថា៖ «នេះជាការបង្ហាញទម្រង់លេងដែលមានលក្ខណៈអាជីព ហើយខ្ញុំមានមោទកភាពចំពោះកីឡាកររបស់យើង។ គោលបំណងរបស់យើងគឺដើម្បីឈានដល់វគ្គចែកពូល ហើយឥឡូវនេះមានតែនៅក្នុងពូលប៉ុណ្ណោះដែលនាំឲ្យយើងនឹងដឹងថាតើកំរិតរបស់យើងនៅទីណា។»

«ខ្ញុំពិតជាមានមោទកភាពណាស់ ដែលខ្ញុំបានបង្វឹកកីឡាករទាំងនេះជារៀងរាល់ថ្ងៃ ហើយការនាំពួកគេទៅវគ្គចែកពូលជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ក្លិប គឺជាពេលវេលាដ៏អស្ចារ្យមួយសម្រាប់អ្នករាល់គ្នាដែលមានទំនាក់ទំនងជាមួយព្រះខ័នរាជស្វាយរៀង។» លោក Conor បន្ថែម។

គ្រូបង្វឹកសញ្ជាតិអៀរឡង់រូបនេះបន្ត ជុំវិញជំហានបន្ទាប់នៅវគ្គចែកពូលថា៖ «ការប្រកួតដំបូង គឺក្រុម Ceres [Negros] នៅក្រៅដី ជាក្រុមដែលបង្ហាញថាពួកគេខ្លាំងកម្រិតណា នៅពេលដែលគេប្រកួតទល់នឹង Port FC (ថៃ) និង FC Tokyo (ជប៉ុន) វគ្គជម្រុះ AFC Champions League ហើយពួកគេជាក្រុមមួយដែលមានសមត្ថភាពឈ្នះពាន AFC Cup។»

«យើងពិតជារំភើបណាស់ចំពោះឱកាសធ្វើតេស្តិ៍ខ្លួនឯងទល់នឹងក្រុមខ្លាំងៗ។ យើងនឹងផ្តល់អ្វីៗទាំងអស់សម្រាប់ក្លឹប អ្នកគាំទ្ររបស់យើង និងសម្រាប់ទង់ជាតិកម្ពុជាផងដែរ។» លោក Conor Nestor សង្កត់ធ្ងន់។

 

រូបភាព៖ Preah Khan Reach Svay Rieng FC

អត្ថបទ៖ សុភ័ក្ត្រ

មតិយោបល់