លោក Oriol រំពឹងវត្តមាន Bata ធ្វើឲ្យតំបន់ប្រយុទ្ធអង្គរថាយហ្គឺរ កាន់តែមុតស្រួច

មាស សុផាណារ៉ុង January 30, 2020


 

ភ្នំពេញ៖ លោក Oriol Mohedano គ្រូបង្វឹកក្រុមអង្គរថាយហ្គឺរ បានបង្ហាញនូវសុទិដ្ឋិយមខ្ពស់ ចំពោះការត្រឡប់មកវិញរបស់ខ្សែប្រយុទ្ធ Dzarma Bata ដោយលោករំពឹងវត្តមានរបស់កីឡាករនីហ្សេរីយ៉ារូបនេះ នឹងធ្វើឲ្យតំបន់ប្រយុទ្ធកាន់តែមុតស្រួច សម្រាប់ត្រៀមរដូវកាលថ្មីខាងមុខ។

បុរសជនជាតិអេស្ប៉ាញខាងលើ បានបង្ហាញការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះ Bata ដ្បិតលោកបានទទួលស្គាល់រូបគេ ជាកីឡាករមានបទពិសោធន៍ច្រើនម្នាក់ ក្នុងលីគកំពូលកម្ពុជា ដែលអាចរួមចំណែកជួយអង្គរថាយហ្គឺរបានច្រើន ដូចកាលពីឆ្នាំមុន ដែលគេអាចរកបាន ៣៥គ្រាប់ម្នាក់ឯង។

លោក Oriol ថា៖ «បន្ទាប់ពីខ្ញុំមានកីឡាករល្អបែបហ្នឹង(Bata) តើខ្ញុំត្រូវរៀបចំប្រព័ន្ធការពារដូចម្ដេចវិញ ដើម្បីធ្វើឲ្យក្រុមយើងកាន់តែល្អប្រសើរ? ការណាខ្ញុំមានកីឡាករម្នាក់ ដែលរដូវកាលមុនគាត់រកបាន ៣៥គ្រាប់ក្នុងលីគ វាមិនមែនជារឿងធម្មតានោះទេ តែខ្ញុំត្រូវធ្វើដូចម្ដេច ដើម្បីធ្វើឲ្យទម្រង់លេងរបស់គាត់កាន់តែប្រសើរជាងមុន។»

គួរដឹងថា Dzarma Bata គឺជាកីឡាករបរទេស ដែលបានលេងឲ្យក្លឹបជាច្រើន នៅលីគកំពូលកម្ពុជា បន្ទាប់ពីគេបានមកប្រកបអាជីពនៅទីនេះ កាលពីឆ្នាំ២០១៤ រួមមានក្លឹបព្រះខ័នរាជស្វាយរៀង បឹងកេត អង្គរថាយហ្គឺរ អាស៊ីអឺរ៉ុប សូលទីឡូអង្គរ មុនគេត្រឡប់ទៅលេងឲ្យក្លឹបអង្គរថាយហ្គឺរវិញ ក្នុងរដូវកាលថ្មី ឆ្នាំ២០២០៕

 

រូបភាព៖ អង្គរថាយហ្គឺរ

អត្ថបទ៖ បុត្រា

មតិយោបល់