កីឡដ្ឋាន SRU គ្រោងពង្រីកពានមិត្តភាព SSAC កាន់តែធំ នាឆ្នាំក្រោយ

មាស សុផាណារ៉ុង January 30, 2020


 

សៀមរាប៖ បន្ទាប់ពីទទួលបានជោគជ័យក្នុងការរៀបចំពានមិត្តភាពអន្ដរជាតិ Siem Reap Super Asia cup 2020 លើកទី១ ថ្នាក់ដឹកនាំកីឡដ្ឋាន SRU បានប្ដេជ្ញានឹងរៀបចំពានមិត្តភាពនេះឲ្យបានរាល់ឆ្នាំ ហើយពង្រីកឲ្យកាន់តែធំ ដើម្បីរួមចំណែកលើកស្ទួយវិស័យកីឡាបាល់ទាត់ជាតិ និងផ្សព្វផ្សាយវិស័យទេសចរណ៍ នាខេត្តសៀមរាបផងដែរ។

លោក ប៊ួយ ដារី អ្នកចាត់ការទូទៅក្លឹបសៀមរាបយូណាយធីត និងកីឡដ្ឋាន SRU បានបង្ហាញនូវមោទនភាព ចំពោះការរៀបចំព្រឹត្តិការណ៍អន្ដរជាតិលើកដំបូង ដែលទទួលបានការគាំទ្រពីសាធារណជន និងក្រុមចូលរួម កាលពីថ្មីៗ។ ប៉ុន្ដែមហិច្ឆតារបស់ថ្នាក់ដឹកនាំ គឺចង់រៀបចំពាននេះ ឲ្យក្លឹបជាពានអន្ដរជាតិរៀងរាល់ឆ្នាំ ដើម្បីលើកកម្ពស់ក្លឹបបាល់ទាត់ក្នុងស្រុក តាមរយៈការប្រកួតជាមួយក្លឹបបរទេស ដែលអញ្ជើញមកចូលរួម។

លោកថា៖ «ឆ្នាំក្រោយ ពាននេះនឹងរៀបចំកាន់តែធំ ព្រោះយើងមានពេលវេលាគ្រប់គ្រាន់ សម្រាប់អញ្ជើញក្លឹបផ្សេងៗ មកចូលរួម ផ្ទុយពីឆ្នាំនេះ យើងធ្វើលក្ខណៈប្រថុចញុច តែយ៉ាងណាយើងនៅតែរៀបចំ ដើម្បីដកបទពិសោធន៍។ តែអ្វីដែលយើងធ្វើ គឺយើងសប្បាយចិត្ត ព្រោះមានការគាំទ្រច្រើន ។ ចឹងឆ្នាំបន្ទាប់ យើងអាចនឹងអញ្ជើញក្លឹបថៃ ម៉ាឡេស៊ី សិង្ហបុរី ឬក្លឹបឥណ្ឌូនេស៊ីជាដើម ដើម្បីចូលរួមប្រកួតជាមួយក្លឹបនៅកម្ពុជា។»

បន្ថែមលើនេះ លោកបានបង្ហាញនូវសុទិដ្ឋិនិយមថា តាមរយៈការរៀបចំព្រឹត្តិការណ៍នេះ ក្រៅពីរួមចំណែកលើកស្ទួយវិស័យកីឡាបាល់ទាត់ ក៏ជាផ្នែកមួយផ្សព្វផ្សាយនូវតំបន់សក្ដានុពលផ្នែកទេសចរណ៍ នៃខេត្តសៀមរាប ដល់ពិភពលោកផងដែរ ។ ហេតុនេះលោកសង្ឃឹមថា បើមានការរៀបចំលើកទី២ នឹងមានការគាំទ្រច្រើនពីសាធារណជន ពិសេសប្រជាពលរដ្ឋនៅខេត្តសៀមរាប។

សូមរំឭកថា ពានរង្វាន់ Siem Reap Super Asia cup 2020 តំណែងជើងឯក គឺបានទៅក្រុមឥណ្ឌូនេស៊ី Bhayangkara FC ក្រោយយកឈ្នះក្រុមម៉ាឡេស៊ី PJ City FC ២-១ នៅវគ្គផ្ដាច់ព្រ័ត្រ។ ចំណែកលេខ៣ បានទៅក្រុមអង្គរថាយហ្គឺរ ដែលបានយកឈ្នះក្រុមវិសាខា ដោយបាល់ប៉េណាល់ទីកាត់សេចក្ដី ៥-៤ ក្រោយប្រកួតពេញម៉ោងស្មើគ្នា ១-១៕

 

រូបភាព៖ SRU Stadium

អត្ថបទ៖ បុត្រា

មតិយោបល់