ព្រះខ័នរាជស្វាយរៀង ក្លឹបកម្ពុជាទី៣ ឡើងវគ្គចែកពូលពានរង្វាន់ AFC Cup

មាស សុផាណារ៉ុង January 29, 2020


 

ឡាវ៖ ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានកៅអីឡើងវគ្គចែកពូលពានរង្វាន់ក្លឹបបាល់ទាត់ប្រចាំទ្វីបអាស៊ី លំដាប់ទី២​ ( AFC Cup 2020 ) ជាផ្លូវការហើយ បន្ទាប់ពីបានយកឈ្នះ ក្រុមជើងឯករងលីគកំពូលឡាវ Master 7 FC ដោយលទ្ធផល ០ទល់៣ នៅកីឡដ្ឋាន Lao National Stadium និងសរុបទាំងពីរជើង ៧ទល់១។

គ្រាប់បាល់ទាំង ៣គ្រាប់របស់ព្រះខ័នរាជស្វាយរៀង ធ្វើបានសម្រេច ២គ្រាប់នៅវគ្គទី១ ដោយកីឡាករ សំអឿន ពិដោរ នៅនាទី២២ និងមួយគ្រាប់ទៀតដោយកីឡាករ Privat នៅនាទី ៤៥។ ខណៈគ្រាប់ទី៣ រកបាននៅវគ្គទី២ នៅនាទី៧១ ដោយកីឡាករ ហ៊ួយ ផល្លីន

ជ័យជម្នះនេះ នឹងនាំឲ្យព្រះខ័នរាជស្វាយរៀង ឡើងទៅវគ្គចែកពូល ដោយត្រូវចូលទៅពូល G ជាមួយ ជើងឯកលីគកំពូលហ្វីលីពីន ( Ceres Negros ) ជើងឯកលីគកំពូលឥណ្ឌូណេស៊ី ( Bali United ) និងក្រុមលេខ៣ លីគកំពូលវៀតណាម ( CLB Than Quang Ninh ) ហើយគ្រោងចាប់ផ្ដើមនៅដើមខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះ ផងដែរ។

បញ្ជាក់ថា បានកៅអីឡើងទៅវគ្គចែកពូលនេះ នឹងធ្វើឲ្យព្រះខ័នរាជស្វាយរៀង ក្លាយជាក្លឹបកម្ពុជា ទី៣ ដែលទទួលបានលេងនៅវគ្គចែកពូលពានរង្វាន់ដដែលនេះ បន្ទាប់ពី បឹងកេត ឆ្នាំ២០១៧, ២០១៨ និងណាហ្គាវើលដ៍ ឆ្នាំ២០១៩៕

 

រូបភាព៖ Preah Khan Reach Svay Rieng FC

អត្ថបទ៖ ណារ៉ុង

មតិយោបល់