ឃឹម បូរី នៅតែជាកីឡាករកម្ពុជាតែម្នាក់គត់ ដែលមានផ្លែផ្កានៅលីគកំពូលកំពូលថៃ ក្នុងបាល់ទាត់សម័យទំនើប

មាស សុផាណារ៉ុង January 29, 2020


 

ភ្នំពេញ៖ គិតមកទល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ នេះ កីឡាករ ឃឹម បូរី នៅតែជាកីឡាករកម្ពុជាតែម្នាក់គត់ ដែលមានសមិទ្ធផលនៅលីគកំពូលថៃ ( Thai League 1 ) ក្នុងបាល់ទាត់សម័យទំនើប បន្ទាប់ពីកីឡាករ ២រូបផ្សេងទៀតដែលមានឱកាសចូលរួមជាមួយក្រុមនៅលីគដែលកំពុងមានប្រជាប្រិយភាព ក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ ត្រូវបានក្លឹបបញ្ចប់កិច្ចសន្យាមុនកាលកំណត់ទាំងមិនទាន់បានបង្ហាញខ្លួន ពោលគឺ ច្រឹង ពលរដ្ឋ ( ជាមួយ Buriram United ) និង ធារី ចន្ថាប៊ីន ( ជាមួយ Sukhothai FC )។

ធារី ចន្ថាប៊ីន ត្រូវបានគេរំពឹងថានឹងអាចក្លាយជាកីឡាករកម្ពុជា ទី២ ដែលទំនងនឹងចូលរួមបង្កើតសមិទ្ធផលនៅលីគកំពូលថៃ ជាមួយក្លឹប Sukhothai FC បន្ទាប់ពីត្រូវបានគេប្រកាសក្លាយជាសមាជិកនៃក្រុមដែលបញ្ចប់ទៅនៅចំណាត់ថ្នាក់លេខ១២ រដូវកាលមុនមួយនេះ កាលពីដើមខែធ្នូ ឆ្នាំ២០១៩ ជាមួយនឹងកិច្ចសន្យាក្នុងរយៈកាលកំណត់មួយ ប៉ុន្តែត្រូវបានក្លឹបបញ្ចប់កិច្ចសន្យាវិញ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ វិញ ដោយសារហេតុផលរៀងៗខ្លួន ហើយក៏បានផ្លាស់ទៅចូលរួមជាមួយ Perak FA នៃលីគកំពូលម៉ាឡេស៊ី វិញ ដែលត្រូវបានប្រកាសឲ្យដឹងកាលពីម្សិលមិញ។

ទោះមិនអាចបន្សល់ទុកសមិទ្ធផលល្អនៅថៃ ក៏ពិតមែន ប៉ុន្តែ ធារី ចន្ថាប៊ីន បាននឹងកំពុងសាងសមិទ្ធផលល្អនៅប្រទេសម៉ាឡេស៊ី វិញ ដោយបានក្លាយជាកីឡាករកម្ពុជាដំបូងគេប្រកបអាជីពនៅលីគកំពូលម៉ាឡេស៊ី ( Malaysia Super League ) ហើយក៏អាចចាត់ទុកថាជាកីឡាករកម្ពុជា ជោគជ័យជាងគេនៅលីគកំពូលម៉ាឡេស៊ី ផងដែរ ដ្បិតបានប្រកបអាជីពនៅទីនោះ ជាមួយ Teregganu FC បាន ២រដូវកាលជាប់ៗគ្នា គ្រាដែលមិត្តរួមសញ្ជាតិដូចជា ប្រាក់ មុន្នីឧត្តម ( ជាមួយ​ Negeri Sembilan ) កែវ សុខផេង ( PKNP ) និង ចាន់ វឌ្ឍនាកា ( Pahang និង PKNS ) ដែលប្រកបអាជីពបានត្រឹមបាក់កណ្ដាលរដូវកាល។

ធារី ចន្ថាប៊ីន ត្រូវបានក្លឹបថៃបញ្ចប់កុងត្រាតាំងពីសប្ដាហ៍មុនបន្ទាប់ពីមិនស៊ីគ្នាជាមួយប្រព័ន្ធលេងរបស់ក្លឹប

កាលពីឆ្នាំ២០១៨ វិញ ច្រឹង ពលរដ្ឋ ក៏ធ្លាប់ត្រូវបានគេរំពឹងថានឹងអាចក្លាយជាកីឡាករកម្ពុជា ទី២ ដែលទំនងនឹងចូលរួមបង្កើតសមិទ្ធផលនៅលីគកំពូលថៃ ដូចគ្នា ជាមួយនឹងក្លឹប Buriram United គ្រាដែលរូបគេបានចូលរួមជាមួយក្លឹបនៅក្បែរព្រំដែនកម្ពុជា ក្នុងកិច្ចសន្យាខ្ចីជើង រយៈពេល ២រដូវកាលពីក្លឹបបាល់ទាត់ក្រសួងការពារជាតិ ទាំងដែលកំពុងមានរបួសញ្ញាញីនៅឡើយ។ យ៉ាងណាមិញអ្វីៗមិនដូចការរំពឹងទុក នៅពាក់កណ្ដាលឆ្នាំ២០១៩ ច្រឹង ពលរដ្ឋ ផ្ទាល់បានបង្ហើបថាខ្លួនបានចែកផ្លូវជាមួយក្លឹប Buriram United បន្ទាប់ពីរបួសជង្គង់មិនទាន់ជាសះស្បើយ។

បច្ចុប្បន្ន ច្រឹង ពលរដ្ឋ បានត្រលប់មកស្ថានភាពល្អប្រសើរជុំវិញបញ្ហារបួស ហើយបានចូលរួមជាមួយក្លឹបបាល់ទាត់វិសាខា នៃលីគកំពូលកម្ពុជា ជាមួយកិច្ចសន្យាដល់ឆ្នាំ២០២២ ផងដែរ។

អំពីកីឡាករ ឃឹម បូរី វិញ បាន​ទៅ​លេង​ឲ្យ​ក្លឹប​ Sisaket FC ដែល​ជា​ក្លិប​លេង​នៅ​លីគ​កំពូល​ថៃ ​កាល​ឆ្នាំ២០១១ ​ជា​លក្ខណៈ​ខ្ចី​ជើងពីក្លឹបភ្នំពេញក្រោន និងបាន​ធ្វើ​ឲ្យ​ ឃឹម បូរី ​ក្លាយ​ជា​កីឡាករ​កម្ពុជា​ដំបូងគេ ប្រកបអាជីពនៅ​លីគ​កំពូល​ថៃ​​ ក្នុង​សម័យ​កាល​បាល់ទាត់​សម័យ​ទំនើប ហើយមានឱកាសបាន​​បង្ហាញ​ខ្លួន​នៅ​លើ​ទីលាន​បាន​ប្រហែល​ជា ១០ប្រកួតផងដែរ។

ឆ្នាំ២០១០ នោះ បូរី រួមចំណែកឲ្យក្លឹបបញ្ចប់ទៅដោយទទួលបានចំណាត់ថ្នាក់លេខ១២ នៃលីគដែលមាន ១៨ក្រុមចូលរួម ។

ក្រៅពី ឃឹម បូរី កីឡាករកម្ពុជា ក៏មាន ៣នាក់ផ្សេងទៀតផងដែរ ដែលធ្លាប់ប្រកបអាជីពនៅលីគបាល់ទាត់ក្នុងប្រទេសថៃ ប៉ុន្តែមិនមែនលីគកំពូលឡើយគឺភាគច្រើនលីគទី២ ឬទី៣ ពោលរួមមាន កីឡាករ​ ចាន់ រិទ្ធី​ ធ្លាប់​បាន​លេង​បាល់ទាត់​នៅ​ប្រទេស​ថៃ​ ចំនួន​២ក្លិប​ រួមមាន Nakhon Pathom និង Surin FC ចន្លោះ​ឆ្នាំ​ ២០០៩​-២០១០, កែវ សុខង៉ន​ បាន​ចេញ​ពី​ប្រទេស​កំណើត​ ទៅ​ប្រកប​អាជីព​បាល់ទាត់​នៅ​ក្លឹប​ Samut Sakhon ដែល​ជា​ក្លឹប​លេង​នៅលីគលំដាប់​ទី​២ ​​ថៃ​កាល​ពី ​ឆ្នាំ​២០១០-២០១១ និងកីឡាករម្នាក់ទៀតគឺ ស៊ិន ដាលីន ធ្លាប់​បាន​ទៅ​ប្រកប​អាជីព​បាល់ទាត់​នៅ​ក្លឹប​ Sa Kaeo United ដែល​ជា​ក្លឹប​លេង​នៅ​ក្រប​ខណ្ឌ​បាល់ទាត់​តាម​តំបន់​ របស់​ប្រទេស​ថៃ ​នៅ​រដូវ​កាល​២០១០-២០១១។

ចាន់ ឬទ្ធី ( ឈរកណ្ដាល )

កែវ សុខង៉ន ( ពាក់ខោលេខ ៩ )

ស៊ិន ដាលីន កំពុងប្រជែងបាល់ 

បន្តអំពី ឃឹម បូរី កីឡាកររូបនេះមាន​ស្រុកកំណើត​នៅ​ខេត្តតាកែវ បាន​ប្រកប​អាជីព​បាល់ទាត់​ដំបូង​នៅ​ឆ្នាំ​២០០៧ ជាមួយ​ក្លឹប​ក្រសួងការពារជាតិ ហើយ​នៅ​ឆ្នាំ​ ២០១០ដល់​២០១៥ រូបគេ​ផ្ទេរ​ទៅកាន់​ក្លឹប​ភ្នំពេញ​ក្រោ​ន ខណៈ​ក្នុង​ឆ្នាំ​២០១១ រូបគេ​បាន​ខ្ចី​ជើង​ទៅលេង​នៅ​ក្លិប Sisaket ក្នុង​លី​គ​កំពូល​របស់​ប្រទេស​ថៃ ហើយ​នៅ​ចុងក្រោយ​ពី​ឆ្នាំ​២០១៥ រូបគេ​បាន​ផ្លាស់​មកលេង​ក្លឹប​ណាហ្គា​វើ​ល រហូតដល់​បច្ចុប្បន្ន​ ហើយកំពុងដើរតួនាទីជាកីឡាករផង និងជាជំនួយការគ្រូបង្វឹកផង ជាមួយក្លឹបដែលទើបតាំងមូលដ្ឋានក្នុងខេត្តកំពង់ស្ពឺ មួយនេះ៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់