Conor រំពឹងកូនក្រុមធ្វើបានល្អជាងជើងទី១ ប៉ះក្រុម Master 7 ល្ងាចនេះ

មាស សុផាណារ៉ុង January 29, 2020


 

ឡាវ៖ លោក Conor Nestor គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង បានបង្ហាញពីការត្រៀមខ្លួនជាស្រេច ដើម្បីតតាំងជាមួយក្រុមម្ចាស់ផ្ទះ Master 7 នៅពហុកីឡដ្ឋានជាតិឡាវ នាវេលាម៉ោង ៥ល្ងាចនេះ ក្នុងជំនួបជើងទី២ នៃវគ្គជម្រុះពានរង្វាន់ក្លឹបាបាល់ទាត់ជើងឯកអាស៊ី AFC Cup 2020 ហើយលោករំពឹងកូនក្រុមខ្លួន នឹងធ្វើបានល្អប្រសើរជាងកាលពីជើងទី១។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួត កាលពីម្សិលមិញ បុរសជនជាតិអៀរឡង់រូបនេះ បានរំឮកថា កាលពីជើងទី១ កូនក្រុមខ្លួនធ្វើមិនសូវបានល្អនោះទេ តែរយៈពេល ១សប្ដាហ៍កន្លងទៅ ពួកគេបានត្រៀមខ្លួនយ៉ាងល្អ ហើយលោកក៏បានកែប្រែចំណុចខ្វះខាត ដើម្បីទទួលបានលទ្ធផលកាន់តែល្អប្រសើរ ក្នុងការប្រកួតជើងទី២ ជាមួយក្រុម Master 7 ល្ងាចនេះ។

លោកថា៖ «ខ្ញុំដឹងថា ក្រុមទាំងពីរ សុទ្ធតែជាក្រុមមានសមត្ថភាព ហើយប្រាកដជាមានក្រុមមួយ បានឡើងវគ្គបន្ដ ។ យើងនឹងប្រឹងឲ្យអស់ពីសមត្ថភាព ដើម្បីដណ្ដើមជ័យជម្នះក្នុងការប្រកួតនេះ ព្រោះពួកយើងចង់លេងក្នុងដី ៣ប្រកួតទៀត ។ នេះគឺជាមូលហេតុ ដែលយើងចង់ឈ្នះការប្រកួតថ្ងៃស្អែក(ល្ងាចនេះ) ។ ពួកយើងបានត្រៀមខ្លួនជាស្រេច កីឡាករបានលះបង់គ្រប់យ៉ាង សម្រាប់ការរប្រកួតដ៏សំខាន់នេះ។»

គួរដឹងថា កាលពីជើងទី១ ទោះបីក្រុមព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុម Master 7 ដោយលទ្ធផល ៤-១ ក្នុងដី ប៉ុន្ដែលោក Conor បានមើលឃើញចំណុចខ្វះខាតចំនួន ២ គឺការបញ្ចប់ទី និងការគ្រប់គ្រងការប្រកួត។ ចំណុចទាំងពីរនេះ ត្រូវបានលោកប្ដេជ្ញាកែតម្រូវឲ្យបានល្អនៅជើងទី២ ព្រោះវាក៏ជាការត្រៀមខ្លួនមួយ សម្រាប់ការពារតំណែងជើងឯកលីគកំពូលកម្ពុជា នារដូវកាលថ្មីខាងមុខផងដែរ៕

 

រូបភាព៖ ក្លឹបព្រះខ័នរាជស្វាយរៀង

អត្ថបទ៖ បុត្រា

មតិយោបល់