ធារី ចន្ថាប៊ីន ត្រូវបានក្លឹបថៃបញ្ចប់កុងត្រាតាំងពីសប្ដាហ៍មុនបន្ទាប់ពីមិនស៊ីគ្នាជាមួយប្រព័ន្ធលេងរបស់ក្លឹប

មាស សុផាណារ៉ុង January 28, 2020


 

គូឡាឡាំពួរ៖ កីឡាករកូនកាត់ខ្មែរ-បារាំង ធារី ចន្ថាប៊ីន បានត្រឡប់ទៅប្រកបអាជីពនៅលីគកំពូលម៉ាឡេស៊ីវិញហើយ ដោយចុះកុងត្រាលេងឲ្យក្លឹប Perak FA នៅក្នុងរដូវកាលឆ្នាំ២០២០ បន្ទាប់ពីទើបតែរួមរស់ជាមួយក្លឹបលីគកំពូលថៃ Sukhothai FC បានប្រមាណមួយខែកន្លះ។

យោងតាមការចេញផ្សាយនៅលើសារព័ត៌មានថៃ dailysoccer.in.th បានស្រង់សម្ដីអ្នកចាត់ការទូទៅរបស់ក្លឹប លោក Khet Phongkunat Siri ដោយបញ្ជាក់ថា ក្រុម Sukhothai FC បានបញ្ចប់កិច្ចសន្យាជាមួយ ធារី ចន្ថាប៊ីន ដែលជាខ្សែបម្រើសញ្ជាតិកម្ពុជា។

លោកសង្គត់ធ្ងន់ថា៖ «កីឡាករដែលបានចុះកុងត្រាមិនអន់ទេ តែទាមទារឱ្យមានការអភិវឌ្ឍល្អ និងភាពស៊ីគ្នាជាមួយប្រព័ន្ធលេងរបស់ក្លឹប។ ដំបូងការហាត់សមរបស់យើងមិនសូវខ្លាំងទេ។ តែឥឡូវយើងហាត់ខ្លាំងណាស់ បើអ្នកណាមិនចូលគម្រោងរបស់យើង ហើយវិវឌ្ឍន៍ខ្លួនមិនល្អទេនោះ យើងអាចលុបចោលកិច្ចសន្យា។ នៅពេលនេះទីផ្សារដោះដូរកីឡានៅតែមិនទាន់បិទ។ ប្រសិនបើយើងឃើញថានៅតែមានចំណុចណាមួយដែលត្រូវបន្ថែមយើងប្រហែលជាអាចទិញកីឡាករបន្ថែមនៅក្នុងតំណែងនោះ។»

គួរបញ្ជាក់ថា Perak FA គឺជាក្លឹបធំមួយ នៅលីគកំពូលម៉ាឡេស៊ី ខណៈឆ្នាំ២០១៩ ពួកគេបានបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ ៥។ ប៉ុន្ដែមុនផ្ទេរទៅអតីតក្រុមជើងឯករង ឆ្នាំ២០១៨ នេះ ធារី ចន្ថាប៊ីន បានអះអាងថា ខ្លួនបានបញ្ចប់កិច្ចសន្យារួចរាល់ជាមួយក្លឹប Sukhothai FC រួចហើយ៕

 

រូបភាព៖ Perak FA | Sukhothai FC

អត្ថបទ៖ បុត្រា

មតិយោបល់