សឿត បារាំង រីករាយជាមួយភ្នំពេញក្រោន ក្នុងការនាំចូលកីឡាករបរទេសថ្មី និងរំពឹងអាចជួយក្រុមឲ្យប្រជែងតំណែងជើងឯកលីគ

មាស សុផាណារ៉ុង January 28, 2020


 

ភ្នំពេញ៖ សឿត បារាំង សង្ឃឹមថាកីឡាករបរទេស ៤ រូបរួមមាន Paul Omogba, Andreas Nieto, Masaaki Indeguchi និង Timothy Chimerie ដែលភ្នំពេញក្រោន បានចុះហត្ថលេខានាំមករួមក្រុមនៅរដូវកាលនេះ នឹងជួយឱ្យក្រុមមានមូលដ្ឋានក្នុងរាជធានីភ្នំពេញ អាចប្រជែងតំណែងជើងឯកលីគ។

ខ្សែការពារឆ្វេងរូបនេះ មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវការបញ្ចូនបាល់ចូលក្នុងរបស់ខ្លួន ពីស្លាបខាងឆ្វេង ខណៈដែលរូបគេជឿជាក់ថា Timothy Chimerie ដែលមានកាយសប្បទាខ្ពស់ នឹងនាំមកនូវផលប្រយោជន៍ នៅចំពោះមុខទីរបស់គូប្រជែង។

បារាំង ក៏មានសេចក្តីរីករាយផងដែរជាមួយនឹងការមកដល់របស់ អ៊ុំ វិចិត្រ ខណៈដែលបានចាត់ទុកអតីតអ្នកចាំទីក្រសួងការពារជាតិ ថាជាអ្នកចាំទីដ៏ឆ្នើមម្នាក់ក្នុងពានរង្វាន់លីគកំពូលកម្ពុជា។

កីឡាករវ័យ ២០ ឆ្នាំរូបនេះបានប្រាប់សារព័ត៌មាន camsports.org ថា៖ «ខ្ញុំគិតថាកីឡាករបរទេស ៥នាក់របស់យើង នឹងធ្វើអោយយើងក្លាយជាក្រុមខ្លាំងជាងរដូវកាលមុន។ ពួកគេមានបទពិសោធច្រើនក្នុងលីគ ដូច្នេះពួកគេមានការយល់ដឹងខ្ពស់អំពីលីគ។ ខ្ញុំតែងតែជឿជាក់លើក្រុមរបស់យើង ថាយើងអាចសំរេចគោលដៅរបស់យើង ហើយខ្ញុំជឿជាក់ថាយើងអាចប្រជែងដណ្តើមជើងឯកលីកនៅរដូវកាលនេះ។»

បន្ថែមលើសមាជិកបរទេសថ្មី សឿត បារាំង បន្តថា៖ «Thimothy គឺជាការនាំចូលកីឡាករប្រកបដោយគុណភាព ហើយសង្ឃឹមថាគាត់អាចបង្កើតសម្ពាធដល់គូប្រកួត នៅក្នុងតំបន់ប្រយុទ្ធកណ្តាលរបស់យើង។ វានឹងផ្តល់ភាពងាយស្រួលសម្រាប់ខ្ញុំក្នុងការបញ្ជូនបាល់ចូលក្នុង នៅពេលដែលគាត់មានកម្ពស់ខ្ពស់ និងរឹងមាំ ដូច្នេះអ្វីដែលខ្ញុំត្រូវធ្វើគឺបញ្ជូនបាល់ឲ្យមានគុណភាព និងចំគោលដៅ។ គាត់នឹងជួយយើងក្នុងតំបន់ប្រយុទ្ធរបស់យើង។»

«យើងតែងតែចង់ឈានទៅមុខពីមួយរដូវកាល ទៅមួយរដូវកាល ដែលយើងព្យាយាមរៀន និងកែលម្អ។ កាលពីរដូវកាលមុនយើងមានបញ្ហាអ្នកចាំទីខ្លះ ដូច្នេះការមកដល់របស់ អ៊ុំ វិចិត្រ គឺជាដំណឹងដ៏ល្អសម្រាប់យើង។ គាត់មានបទពិសោធល្អជាមួយក្លឹប និងក្រុមជម្រើសជាតិ។ គាត់គឺជាអ្នកចាំទីដ៏ឆ្នើមម្នាក់នៅកម្ពុជា។» សឿត បារាំង បន្ថែមជុំវិញការចូលរួមរបស់អ្នកចាំទី អ៊ុំ វិចិត្រ។

សមាជិកនៃក្រុមជម្រើសជាតិកម្ពុជា ក្រុមធំ និងយុវជនអាយុក្រោម ២២ឆ្នាំ កាលពីឆ្នាំ២០១៩ កន្លងទៅនេះ បន្តទៀតថា៖ «ខ្ញុំតែងតែរៀន និងទទួលបានបទពិសោធន៍ថ្មីៗ។ ការប្រកួតប្រជែងនឹងកាន់តែធំនៅក្នុងលីគ ដូច្នេះខ្ញុំគិតថារដូវកាលនេះនឹងក្លាយជារដូវកាលដ៏រំភើបមួយសម្រាប់យើង។»

 

រូបភាព៖ Phnom Penh Crown FC

អត្ថបទ៖ សុភ័ក្ត្រ

មតិយោបល់