ពានសម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០២០ វគ្គថ្នាក់ខេត្ត មាន ១៥ក្រុមចូលរួម តិចជាងឆ្នាំកន្លងទៅដោយសារលក្ខខណ្ឌបច្ចេកទេស

មាស សុផាណារ៉ុង January 28, 2020


 

ភ្នំពេញ៖ ការប្រកួតដណ្ដើមពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០១៩ វគ្គថ្នាក់ខេត្ត គ្រោងនឹងចាប់ផ្ដើមនៅដើមខែកុម្ភៈ តទៅ ដោយមានក្រុមទាំងអស់ចំនួន ១៥ចូលរួម តិចជាងឆ្នាំកន្លងទៅ ដែលមានដល់ទៅ ២៣ក្រុមចូលរួម វគ្គថ្នាក់ខេត្តនេះ។

យោងតាមការបញ្ជាក់មូលហេតុដែលខេត្តមួយចំនួនធំ ដែលមិនបានចូលរួមគឺដោយសារមិនបានបំពេញលក្ខខណ្ឌបទដ្ឋានបច្ចេកទេស ជាចំបងដូចជាទីលានប្រកួត ដែលមានស្ថានភាពមិនអាចទទួលយកបានដើម្បីត្រៀមលក្ខណៈ និងរៀបចំធ្វើជាម្ចាស់ផ្ទះ ហើយត្រូវការពេលវេលា និងការរៀបចំបន្ថែម ជាពិសេស។

វគ្គថ្នាក់ខេត្ត គ្រោងនឹងចាប់ផ្ដើមនៅដើមខែកុម្ភៈ តទៅ ពោលគឺពីថ្ងៃទី០៤​ ខែកុម្ភៈ ហើយធ្វើការប្រកួតរៀងរាល់ថ្ងៃអង្គារ៍ និងថ្ងៃពុធ។ សម្រាប់ការប្រកួតដែល មានក្រុមទាំងអស់ចំនួន ១៥ចូលរួម ( ស្មើនឹង ១៥ខេត្ត ) នឹងធ្វើការបែងចែកចេញជា ៥ពូល ( ពូល ​ក ដល់ពូល ង ) ហើយក្នុង ១ពូលមាន ៣ក្រុម។

សម្រាប់សមាសភាពក្រុមទាំង១៥ ដែលនឹងត្រូវប្រកួតក្នុងវគ្គថ្នាក់ខេត្តរួមមាន៖ 

  • ពូល ក ( បាត់ដំបង , សៀមរាប និង បន្ទាយមានជ័យ )
  • ពូល ខ ( កំពង់ធំ , រតនៈគីរី , និង ព្រះវិហារ )
  • ពូល គ ( កំពង់ធំ , កណ្ដាល និងត្បូងឃ្មុំ )
  • ពូល ឃ ( កំពត , កែប និង តាកែវ )
  • ពូល ង ( ព្រះសីហនុ , កោះកុង និង កំពង់ស្ពឺ )

សូមបញ្ជាក់ថា នេះជាឆ្នាំទី១៤ហើយ ដែលពានកម្រិតទី២ ប្រចាំប្រទេសមួយនេះដំណើរការឡើង ខណៈឆ្នាំចុងក្រោយក្រុមដែលទទួលតំណែងជើងឯក វគ្គថ្នាក់ខេត្តគឺបានទៅ ខេត្តត្បូងឃ្មុម ក្រោយយកឈ្នះ ខេត្តសៀមរាប ០ទល់១ ស្របពេលដែលក្រុមជើងឯពានរង្វាន់នេះជាផ្លូវការវិញ គឺបានទៅលើ ក្លឹបបាល់ទាត់បឹងកេត បន្ទាប់ពីបានយកឈ្នះ ព្រះខ័នរាជស្វាយរៀង ដោយបាល់កាត់សេចក្ដី ១១ម៉ែត្រ ៥ទល់៤ បន្ទាប់ពីស្មើគ្នា ១ទល់១ រយៈពេល ១២០នាទីពេញ នៅវគ្គផ្ដាច់ព្រ័ត្រ៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់