ព្រះខ័នរាជស្វាយរៀង ឡើងទៅឡាវល្ងាចនេះ បន្តការប្រកួតជើងទី២ ជាមួយ Master 7 FC

មាស សុផាណារ៉ុង January 27, 2020


 

ភ្នំពេញ៖ ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង នឹងចាកចេញពីមាតុប្រទេស នៅល្ងាចថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ នេះ ដើម្បីហោះឆ្ពោះទៅកាន់ប្រទេសឡាវ ធ្វើការប្រកួតវគ្គជម្រុះពានរង្វាន់ជើងឯកក្លិបបាល់ទាត់អាស៊ីលំដាប់ទី២ (AFC Cup) ជើងទី២ ទល់នឹង Master 7 FC។

តាមការបង្ហើបឲ្យដឹង សមាសភាពក្រុមទាំងមូលនឹងចាកចេញពីទឹកដីកម្ពុជា នៅវេលាម៉ោង ៥:៣០ នាទីល្ងាច តាមជើងហោះហើរលេខ VN920។

ការប្រកួតជើងទី២ នេះ ត្រូវដឹងថាជាការប្រកួតកាត់សេចក្ដី ដ្បិតបើក្រឡេកទៅមើលជើងទី១ វិញ ព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុម Master 7 FC ដោយលទ្ធផល ៤ទល់១ នៅពហុកីឡដ្ឋានជាតិ កាលពីថ្ងៃទី២២ ខែមករា កន្លងទៅ។

ក្រុម Master 7 ជើងឯករងលីគកំពូលឡាវ នឹងត្រូវបើកទ្វារផ្ទះទទួលក្រុមព្រះខ័នរាជស្វាយរៀង វិញម្ដង នាថ្ងៃទី២៩ ខែមករា ខាងមុខនាកីឡដ្ឋានជាតិឡាវ វេលាម៉ោង ៥ល្ងាច ដើម្បីកាត់សេចក្ដីរកក្រុមឈ្នះឡើងវគ្គចែកពូល៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់