ក្រុមឥណ្ឌូនេស៊ី វាយបកឈ្នះម៉ាឡេស៊ី លើកពាន Siem Reap Super Asia Cup 2020 នៅកម្ពុជា

មាស សុផាណារ៉ុង January 27, 2020


 

សៀមរាប៖ ពានរង្វាន់មិត្តភាពអន្ដរជាតិ Siem Reap Super Asia Cup 2020 ដែលរៀបចំដោយក្លឹបសៀមរាបយូណាយធីត សហការជាមួយ Bolabros និង Karki Jersi បានបញ្ចប់ហើយ ដែលលើកពានដោយក្រុម Bhayangkara FC មកពីឥណ្ឌូនេស៊ី បន្ទាប់ពីពួកគេ បានវាយបកឈ្នះក្រុមលីគកំពូលម៉ាឡេស៊ី PJ City FC ដោយលទ្ធផល ២-១ នៅល្ងាចថ្ងៃអាទិត្យ នៅកីឡដ្ឋាន SRU Stadium។

ជាមួយការប្រកួតវគ្គផ្ដាច់ព្រ័ត្រលើទឹកដីអង្គរនេះ ក្រុម PJ City FC បានបើកការនាំមុខក្រុមលីគកំពូលឥណ្ឌូនេស៊ី ១គ្រាប់មុន នៅចុងវគ្គទី១។ ប៉ុន្ដែចូលវគ្គទី២ ក្រុម Bhayangkara FC បានព្យាយាមវាយបក និងបង្កើតជាច្រើន រហូតរកបាន ២គ្រាប់វិញ ហើយក៏ជាគ្រាប់បាល់ជ័យជម្នះផងដែរ បន្ទាប់ពីក្រុម PJ City FC ព្យាយាមរកគ្រាប់បាល់បន្ថែម តែធ្វើមិនបានសម្រេចឡើយ។

ក្រោយចប់ការប្រកួតលោក Paul Munster គ្រូបង្វឹកក្រុម Bhayangkara FC បានលើកឡើងថា លោករីករាយ ដែលកូនក្រុមលោកសហការគ្នាបានល្អ ពិសេសក្រោយឆ្លងកាត់ ២ប្រកួតក្នុងពានមិត្តភាពនេះ បានធ្វើឲ្យក្រុមខ្លួនទទួលមេរៀនល្អៗជាច្រើន ដើម្បីត្រៀមរដូវកាលថ្មី នៃលីគកំពូលឥណ្ឌូនេស៊ី។ លើសពីនេះ លោកក៏អរគុណ ក្លឹបសៀមរាបយូណាយធីត ដែលរៀបចំពាននេះឡើង និងអញ្ជើញក្រុមខ្លាំងៗចូលរួមផងដែរ។

គួរបញ្ជាក់ថា ពានរង្វាន់ Siem Reap Super Asia Cup 2020 បានចាប់ផ្ដើមការប្រកួតតាំងពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែមករា ដោយមាន ៤ក្លឹបមកពី ៣ប្រទេសចូលរួម ។ ជាលទ្ធផលក្រុម Bhayangkara FC បានគ្រងជើងឯក ខណៈក្រុម PJ City FC បានត្រឹមជើងឯករង។ ចំណែកក្រុមអង្គរថាយហ្គឺរ បានទទួលលេខ៣ បន្ទាប់ពីយកឈ្នះក្រុមវិសាខា ដោយបាល់ប៉េណាល់ទី ៥-៤ ក្រោយប្រកួត ៩០នាទីស្មើគ្នា ១-១៕

 

អត្ថបទ៖ បុត្រា

មតិយោបល់