ភ្នំពេញក្រោន ឡើងទៅតតាំងជាមួយជើងឯកលីគកំពូលថៃ Chiangria United ក្នុងពាន Leo Pre-Season Cup

មាស សុផាណារ៉ុង January 23, 2020


 

ភ្នំពេញ៖ ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានចាកចេញពីមាតុប្រទេសហើយ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ នេះ ដើម្បីទៅចូលរួមប្រកួតពានរង្វាន់អន្ដរជាតិ Leo Pre-Season Cup 2020 នៅប្រទេសថៃ ដើម្បីតតាំងជាមួយក្រុមជើងឯកលីគកំពូលថៃ Chiangria United។

សមាសភាពក្រុមដែលរួមមានកីឡាករ ២៥នាក់ និងថ្នាក់ដឹកនាំក្រុម ១០នាក់ សរុប ៣៥នាក់ បានចាកចេញពីទឹកដីកម្ពុជា នៅវេលាម៉ោង ៩:១០ នាទីព្រឹក តាមជើងហោះហើរលេខ FD609 ឆ្ពោះទៅប្រទេសថៃ ដោយផ្ទាល់តែម្ដង។

ភ្នំពេញ​ក្រោ​ន ដែល​ត្រូវបាន​អញ្ជើញ​ចូលរួម​ពានរង្វាន់​នេះ គឺ​ស្ថិត​ក្នុងនាម​ជា​ក្លឹប​តំណាង​កម្ពុជា ខណៈ​ដែល​ក្លឹប​មកពី​ឡាវ​, សិង្ហ​បុរី និង​ជប៉ុន ក៏មាន​តំណាង​ប្រទេស​រៀងៗ​ខ្លួន​ចូលរួម​ផងដែរ ដោយ​អង្គុយ​រង់ចាំ​ក្នុង វគ្គ ៨​ក្រុម​ចុងក្រោយ​ជាស្រេច​។ ចាំ​ប៉ះ​ក្រុម​ជើងឯក​លី​គ​កំពូល​ថៃ Chiangrai United ដែល​បាន​យកឈ្នះ Chainat ក្នុង​វគ្គ ១៦​ក្រុម​ចុងក្រោយ កាលពី​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២០ ម្សិលមិញ ដោយ​លទ្ធផល ១-០​។

Chiangria United យកឈ្នះ Chainat ម្សិលមិញ

គួររំលឹកថា ពានរង្វាន់​ដែល​ធ្វើឡើង​នៅ​ប្រទេស​ថៃ​ដដែលនេះ បានចាប់ផ្ដើម​តាំងពី​ថ្ងៃទី​១៨ ខែមករា ហើយគ្រោងនឹង​បញ្ចប់​នៅ​ថ្ងៃទី​៣០ ខែ​ដដែល ឆ្នាំ​២០២០។

ភ្នំពេញ​ក្រោ​ន ​នឹង​ធ្វើ​ការ​ប្រកួតជាមួយម្ចាស់ជើងឯកលីគកំពូលថៃ រដូវកាល២០១៩ Chiangria United នេះ នៅ​ថ្ងៃទី​២៥ ខែ មករា ឆ្នាំ​២០២០ ហើយក្រុមដែលឈ្នះនឹងត្រូវឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយនឹងត្រូវប៉ះក្រុមឈ្នះរវាង Cerezo Osaka តំណាង​ឲ្យ​ក្លឹប​មកពី​ជប៉ុន ជាមួយក្រុមឈ្នះរវាង Thai Port FC ជាមួយ Nakhonratchasima FC ដែលត្រូវប្រកួតតតាំងគ្នានៅថ្ងៃទី២៣ ខែមករា នេះ។

ភ្នំពេញ​ក្រោ​ន ធ្លាប់​ចូលរួម​ពានរង្វាន់ LEO Pre-Season Cup ម្តង​ផង​ដែរ​កាលពី​ឆ្នាំ​២០១៩ កន្លងទៅ ដោយ​បរាជ័យ ៤​ទល​ល់​០ ពេល​ជួប Nakhonratchasima FC ក្នុង​វគ្គ ៨​ក្រុម​ចុងក្រោយ​ដូចគ្នានេះ

បញ្ជាក់ថា សម្រាប់​ឆ្នាំ​២០២០ ក្រុម​ដែល​ចូលរួមពានរង្វាន់នេះ ​រួមមាន Muangthorng United, Thai Port FC, Chiangrai United, Nakhonratchasima FC, Prachuap FC, Chainat FC, Chiangmai FC, BG Pathum United, Khonkaen FC, Udonthani FC, Rayong FC និង Nong Bua Pitchaya FC ចំណែក​ក្រុម ៣​របស់​អាស៊ាន​រួមមាន ភ្នំពេញ​ក្រោ​ន ( កម្ពុជា ), Tampines Rovers ( សិង្ហ​បុរី ), Lao Toyota ( ឡាវ ) និង Cerezo Osaka តំណាង​ឲ្យ​ក្លឹប​មកពី​ជប៉ុន​៕

 

រូបភាព៖ Phnom Penh Crown FC | Chiang Rai United FC

អត្ថបទ៖ ណារ៉ុង

មតិយោបល់