គ្រូក្លឹប PJ City FC ថា មិនយូរទេ លីគកម្ពុជា និងម៉ាឡេស៊ី នឹងមានកម្រិតប្រហាក់ប្រហែលគ្នា

មាស សុផាណារ៉ុង January 23, 2020


 

សៀមរាប៖ លោក K.Devan គ្រូបង្វឹកក្លឹបសមាជិកលីគកំពូលម៉ាឡេស៊ី Petaling Jaya City FC(PJ City FC) បានបង្ហាញសុទិដ្ឋិនិយមថា នៅអនាគតដ៏ខ្លីខាងមុខ លីគគំពូលកម្ពុជា និងលីគកំពូលម៉ាឡេស៊ី នឹងមានកម្រិតប្រកួតប្រជែងប្រហាក់ប្រហែលគ្នា។

ការអះអាងបែបនេះ បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការប្រកួតពានរង្វាន់មិត្តភាពអន្ដរជាតិ Siem Reap Super Asia Cup 2020 ដែលរៀបចំដោយក្លឹបសៀមរាបយូណាយធីត សហការជាមួយ Bolabros និង Karki Jersi ស្របពេលក្លឹប PJ City FC ត្រូវជួបក្លឹបអង្គរថាយហ្គឺរ នាវេលាម៉ោង ៤ល្ងាចនេះ នៅកីឡដ្ឋាន SRU Stadium។

បុរសវ័យ ៥៨ឆ្នាំរូបនេះ បាននិយាយថា លោករីករាយក្នុងការមកចូលរួមប្រកួតពានរង្វាន់មិត្តភាពខាងលើ នៅកម្ពុជា ពិសេសបានជួយក្រុមល្អៗ ដូចជាអង្គរថាយហ្គឺរ ឬក៏វិសាខា ព្រោះលោកបានដឹងពីភាពរីកចម្រើន នៃវិស័យកីឡាបាល់ទាត់កម្ពុជាបច្ចុប្បន្ន ពោលគឺមិនលើសខ្វះគ្នា រវាងលីគម៉ាឡេស៊ី និងលីគកម្ពុជាប៉ុន្មាននោះទេ។

លោកថា «យើងបានដឹងថា បាល់ទាត់កម្ពុជារីកចម្រើន ដូច្នេះយើងទើបយើងសម្រេចចិត្ត និងចង់មកលេងនៅទីនេះ។ និយាយមែនទែនទៅ លីគម៉ាឡេស៊ី និងកម្ពុជា មិនលើសខ្វះគ្នាប៉ុន្មានទេ ជាក់ស្ដែងកម្ពុជាក៏មានកីឡាករល្អៗច្រើនដែរ…។ អ្វីដែលសំខាន់ ខ្ញុំជឿថា មិនយូរទេ រវាងលីគម៉ាឡេស៊ី និងលីគកម្ពុជា នឹងមានកម្រិតប្រហាក់ប្រហែលគ្នា ហើយធ្វើឲ្យការប្រកួត ក៏ដូចជាជីវភាពកីឡាករកាន់តែល្អប្រសើរ។»

គួរបញ្ជាក់ថា ពានរង្វាន់ Siem Reap Super Asia Cup 2020 គឺមាន ៤ក្លឹបមកពី ៣ប្រទេសចូលរួម ហើយបេក្ខភាពចូលរួមនីមួយៗ សុទ្ធតែពេញចិត្ត ចំពោះការរៀបចំពាននេះឡើង ដែលផ្ដល់ឱកាសឲ្យក្រុមនីមួយៗ បានវាស់ស្ទង់សមត្ថភាព សម្រាប់ត្រៀមរដូវកាលថ្មីរៀងៗខ្លួន។ ចំពោះកម្មវិធីប្រកួតវិញ បន្ទាប់ពីអង្គរថាយហ្គឺរ ប៉ះក្រុមម៉ាឡេស៊ីថ្ងៃនេះ ក្រុមវិសាខា នឹងត្រូវជួបក្រុមឥណ្ឌូនេស៊ី Bhayangkara FC នាថ្ងៃស្អែក។

សម្រាប់ការប្រកួតនឹងធ្វើឡើង នៅកីឡដ្ឋាន SRU Stadium តែមួយគត់ ខណៈសំបុត្រចូលរួមទស្សនា រួមមានទី១-តម្លៃ ៤,០០០រៀលសម្រាប់កន្លែងគ្មានដំបូល តែបើសិនទិញសរុបសម្រាប់ ៤ប្រកួត គឺនៅសល់តម្លៃត្រឹម ១២,០០០រៀលប៉ុណ្ណោះ ។ ទី២-តម្លៃ ១០,០០០រៀលសម្រាប់កន្លែងមានដំបូល តែករណីទិញទុកទាំង ៤ប្រកួត គឺចំណាយត្រឹម ៣០,០០០រៀលប៉ុណ្ណោះ។ រីឯការប្រកួត ក្រុមឈ្នះ នឹងបានឡើងជួបគ្នាដណ្ដើមជើងឯក នាថ្ងៃទី២៦-មករា ខណៈក្រុមចាញ់ នឹងត្រូវជួបគ្នាដណ្ដើមលេខ៣ នៅថ្ងៃទី២៥-មករាខាងមុខ៕

 

រូបភាព៖ SRU Stadium

អត្ថបទ៖ បុត្រា

មតិយោបល់