ក្រុម Samrong United ក្លាយជាជើងឯក Tiger Street Football 2020 មណ្ឌលសៀមរាប

នូ មករា January 23, 2020


 

សៀមរាប៖ បន្ទាប់ពីបានឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញរួចមក នៅទីបំផុតក្រុមបាល់ទាត់ Samrong United បានក្លាយជាម្ចាស់ជើងឯក Tiger Street Football 2020 ប្រចាំមណ្ឌលសៀមរាប ដែលជាមណ្ឌលទី២ ក្រោយពីបានយកឈ្នះក្រុមបាល់ទាត់គិរីដងរែកក្នុងលទ្ធផល ៣ទល់០ នាវគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃអាទិត្យកន្លងទៅថ្មីៗនេះ។

ប្រធានក្រុម Samrong United កីឡាករ ហួត លាងហាប់ បានលើកឡើងថា នេះជាលើកទី៣ហើយដែលក្រុមរបស់ខ្លួនបានពុះពារតាំងពីខេត្តឧត្តរមានជ័យមកប្រកួតនៅមណ្ឌលសៀមរាបនេះហើយប្រជែងបានតំណែងជាម្ចាស់ជើងឯកលើកទី៣ថែមទៀត។ លោកបានបន្ថែមថា ក្រុមទាំងមូលពិតជាមានភាពសប្បាយរីករាយខ្លាំងណាស់ព្រោះពួកគេនឹងបានឡើងទៅលេងនៅរាជធានីភ្នំពេញជាបន្តទៀតដើម្បីបានឱកាសជួបផ្ទាល់ជាមួយតារាបាល់ទាត់ពិភពលោកគឺលោក Rio Ferdinand នោះ។

កីឡាករ ហួត លាងហាប់ អះអាងទៀតថា អ្វីដែលជាចំណុចខ្លាំងដែលធ្វើឲ្យក្រុមរបស់ខ្លួនក្លាយជាម្ចាស់ជើងឯកប្រចាំមណ្ឌលសៀមរាប៣ឆ្នាំជាប់ៗគ្នានេះគឺដោយសារតែក្រុមរបស់គេមានកីឡាករនៅក្នុងក្រុមធ្លាប់លេងជាមួយគ្នា មានទម្រង់លេងស៊ីសង្វាក់គ្នាល្អបូករួមទាំងការសាមគ្គីក្នុងក្រុមល្អផងនោះ ទើបធ្វើឲ្យក្រុមទទួលបានជោគជ័យបែបនេះ។

ប្រធានក្រុមរូបនេះបញ្ជាក់ទៀតថា ក្រុមបាល់ទាត់ Samrong United ខេត្តឧត្តរមានជ័យនេះ ធ្លាប់បានទៅលេងវគ្គផ្តាច់ព្រ័តនៅរាជធានីភ្នំពេញ២លើករួចមកហើយ ដោយជាលទ្ធផលគឺបិះឡើងដល់វគ្គកណ្តាលផ្តាច់ព្រ័ត្រកាលពីឆ្នាំមុនៗហើយសម្រាប់លើកទី៣នេះ សមាជិកក្រុមបានតាំងចិត្តដ៏មោះមុតថានឹងពង្រឹងការហ្វឹកហាត់ឲ្យខ្លាំងបន្ថែមទៀតដើម្បីឈានទៅដណ្តើមជើងឯកទូទាំងប្រទេសឲ្យបាន និងដើម្បីលើកមុខមាត់ខេត្តឧត្តរមានជ័យផងដែរ។

ជាមួយគ្នានេះ លោកហួត លាងហាប់ បានថ្លែងអំណរគុណដល់ក្រុមហ៊ុនស្រាបៀរ Tiger (CBL) ដែលបានបង្កើតព្រឹត្តិការណ៍ប្រកួតនេះឡើងដោយបានផ្តល់ឱកាសឲ្យពួកគេបានបង្ហាញសមត្ថភាព ជាពិសេសបានបង្ហាញនូវក្តីស្រលាញ់ចំពោះបាល់ទាត់ដែលពួកគេមានដើម្បីឈានទៅអភិវឌ្ឍខ្លួនក្លាយជាកីឡាករអាជីពនៅពេលខាងមុខ។

គួរបញ្ជាក់ថា សម្រាប់មហាព្រឹត្តិការណ៍បាល់ទាត់ដ៍ធំប្រចាំប្រទេសកម្ពុជា គឺ Tiger Street Football 2020 រដូលកាលទី៨ មណ្ឌលទី២ ខេត្តសៀមរាប បានដំណើរការប្រកួតផ្លូវការពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ ដោយមានក្រុមចូលរួមប្រកួតប្រជែងចំនួន១១៩ក្រុមមកពីខេត្តចំនួន៤ រួមមាន៖ សៀមរាបម្ចាស់ផ្ទះ ឧត្តរមានជ័យ ព្រះវិហារ និងកំពង់ធំ។


សម្រាប់ព្រឹត្តិការណ៍បាល់ទាត់ Tiger Street Football 2020 រដូវកាលទី៨នេះ មាន៨មណ្ឌលដែលមានប្រាក់រង្វាន់សរុបចំនួន ៥០០០០ដុល្លារ ហើយការប្រកួតផ្តាច់ព្រ័ត្រនឹងធ្វើនៅរាជធានីភ្នំពេញចាប់ពីថ្ងៃទី២៩ ខែកុម្ភៈដល់ថ្ងៃទី១ ខែមីនាឆ្នាំ២០២០ ហើយវគ្គផ្តាច់ព្រ័ត្រនេះក៏មានការចូលរួមពីលោក Rio Ferdinand ផងដែរ៕

នាំមកជូនដោយ៖ ក្រុមហ៊ុនស្រាបៀរ Tiger (CBL)
ស្តែងចេញនូវការតាំងចិត្តដ៏មោះមុតរបស់អ្នកជាមួយស្រាបៀរថៃហ្គ័រ! សូមពិសាដោយការទទួលខុសត្រូវ!

មតិយោបល់