កាន់តែជក់ចិត្ត! ពាន KW Cambodia Cup 2020 អនុញ្ញាតឲ្យក្រុមថ្នាលគ្រប់ក្លឹបអាជីពចូលរួម

មាស សុផាណារ៉ុង January 22, 2020


 

ភ្នំពេញ៖ ពានរង្វាន់ពាក់កណ្ដាលអាជីពដ៏ធំ KW Cambodia Cup រដូវកាលទី៩ ឆ្នាំ២០២០ គ្រោងនឹងចាប់ផ្ដើមការប្រកួតនាខែកុម្ភៈខាងមុខនេះហើយ។ តែអ្វីដែលពិសេស ការប្រកួតឆ្នាំនេះ នឹងកាន់តែជក់ចិត្តថែមទៀត បន្ទាប់ពីស្ថាបនិកពានលោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានប្រកាសអនុញ្ញាតឲ្យមានការចូលរួមពីក្រុមយុវជនក្លឹបសមាជិកលីគកំពូលកម្ពុជាទាំងអស់។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃពុធនេះ លោកឧកញ៉ា គីម ហ៊ាង ប្រធាន KW Cambodia មានប្រសាសន៍ថា ក្នុងនាមពានពាក់កណ្ដាលអាជីពវ័យចាស់ជាងគេ ឆ្នាំនេះប្រាក់រង្វាន់ក្រុមជើងឯក បានកើនដល់ ៤០លានរៀល ឯលេខ២ ទទួលបាន ២០លានរៀល, លេខ៣ បាន ១០លានរៀល, លេខ៤ បាន ៥លានរៀល និងប្រាក់រង្វាន់លើកទឹកចិត្តក្រុម Fair-Play, អ្នកចាំទីល្អ និងកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេ។

ចំពោះលក្ខខណ្ឌចូលរួម មិនសូវប្រែប្រួលនោះទេ ពោលគឺលោករក្សាពាក្យបើខ្លាចកុំលេង បើលេងកុំខ្លាច។ ដូច្នេះលោកបានកំណត់ក្រុមចូលរួមចន្លោះពី ១៦ ទៅ ២០ក្រុម ដោយមិនគិតក្រុមខ្មែរសុទ្ធ ឬបរទេសសុទ្ធនោះទេ សំខាន់ក្រុមនីមួយៗ អាចប្រើប្រាស់កីឡាករអាជីព នៃលីគកំពូលកម្ពុជាឆ្នាំ២០១៩ និងឆ្នាំ២០២០ ត្រឹមតែ ២នាក់ប៉ុណ្ណោះ។ អ្វីដែលពិសេសឆ្នាំនេះ គឺលោកអនុញ្ញាតឲ្យក្រុមយុវជនគ្រប់ក្លឹបអាជីពទាំងអស់ចូលរួម។

លោកនិយាយថា៖ «ពានយើងជាពានពាក់កណ្ដាលអាជីព ចឹងលក្ខខណ្ឌមិនតឹងរ៉ឹងពេកទេ ពេលយើងមានលក្ខខណ្ឌតឹងរ៉ឹងពេក ធ្វើឲ្យការប្រកួតប្រជែងមានកម្រិត ចឹងដូចឆ្នាំមុនអញ្ជឹង ទី១-បរទេសយើងបើកជំហរ ១០០% មានន័យថា ១ក្រុមមានបរទេសសុទ្ធក៏អាចលេងបាន ទី២-បើសិនជាក្រុមថ្នាលរបស់ក្លឹបសំខាន់ៗ មានន័យថា U-18, U-20 ឬ U-22 របស់ក្លឹបអាជីព ដែលចង់ចូលរួម គឺយើងឲ្យចូលរួម មកមួយក្រុមក៏បានដែរ។»

ទន្ទឹមជាមួយគ្នាលោកបណ្ឌិត ភូ សម្បត្តិ នាយកប្រតិបត្តិក្រុមហ៊ុន KW Cambodia បានលើកឡើងថា ក្នុងនាមក្រុមហ៊ុនឧបត្ថម្ភផ្ដាច់មុខក្នុងពានពាក់កណ្ដាលអាជីពនេះ ទោះបីវាមិនមានផលចំណេញសម្រាប់ក្រុមហ៊ុន តែលោកពេញចិត្ត ចំពោះការបង្កើតពាននេះឡើង ព្រោះវាជាផ្នែកមួយ នៃការងារសង្គមរបស់ក្រុមហ៊ុន ដែលចង់រួមចំណែកលើកស្ទួយវិស័យកីឡាបាល់ទាត់ជាតិ និងរួមចំណែកផលិតធនធនាកីឡាករអាជីពកាន់តែច្រើន។

គួរបញ្ជាក់ថា ពានរង្វាន់ KW Cambodia Cup ឆ្នាំ២០២០ គ្រោងបើកការប្រកួតរដូវកាលថ្មី នាថ្ងៃទី០៩ ខែកុម្ភៈខាងមុខ។ ដូច្នេះសម្រាប់ក្រុមមានបំណងចូលរួម សូមរួសរាន់ចុះឈ្មោះឲ្យបានលឿន ។ ប៉ុន្ដែមុនឈានដល់ការប្រកួតសន្សំពិន្ទុផ្លូវការ គណៈកម្មការរៀបចំពាន ក៏នឹងមានរៀបចំការប្រកួតមិត្តភាពលក្ខណៈសប្បុរសធម៌ និងបើករដូវកាល រវាងក្រុមជើងឯកលីគ និងខាប់ឆ្នាំចាស់ផងដែរ គឺក្រុម ISI United ប៉ះក្រុម Avatar នៅថ្ងៃទី០៩-កុម្ភៈ៕

 

អត្ថបទ៖ បុត្រា

មតិយោបល់