ឪម៉ាល់ លើកពាន Aquarius Cup ជាលើកទី២ អមដោយប្រាក់រង្វាន់ ៥ពាន់ដុល្លារ

មាស សុផាណារ៉ុង January 22, 2020


 

ភ្នំពេញ៖ ក្រុមបាល់ទាត់ពាក់កណ្ដាលអាជីព ឪម៉ាល់ គ្រងតំណែងជើងឯកពានមិនអាជីព Aquarius Cup លើកទី២ ឆ្នាំ២០២០ ទៀតហើយ បន្ទាប់ពីយកឈ្នះក្រុម AHFS FC ដោយលទ្ធផល ១-០ ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រ នៅទីលានវិទ្យាល័យឥន្ទ្រទេវី កាលពីដើមសប្ដាហ៍កន្លងទៅ។

ពិធីបិទការប្រកួតនេះ បានធ្វើឡើងក្រោមវត្តមានលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ និងលោក មាស វុត្ថា នាយកផ្នែកលក់ប្រចាំក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា ដើម្បីប្រគល់ពាន និងប្រាក់រង្វាន់ ដល់ក្រុមដណ្ដើមបានជយលាភី បន្ទាប់ពីពាមិនអាជីពនេះ ដំណើរការប្រកួតអស់រយៈពេលជាង ១ខែ។

សម្រាប់ជំនួបវគ្គផ្ដាច់ព្រ័ត្រខាងលើ ក្រុមទាំងពីរ បានបញ្ចប់ដោយភាពតានតឹងបំផុត ពោលគឺចំណាយពេលប្រកួតស្ទើរចប់ទៅហើយ ទើបកីឡាករ អោក ច័ន្ទសេរីវង្ស អាចបំប៉ោងសំណាញ់ក្រុម AHFS FC ១គ្រាប់ នៅចុងម៉ោង ដែលជាគ្រាប់ជ័យជម្នះ ជួយឲ្យក្រុមឪម៉ាល់ ការពារតំណែងជើងឯកបានសម្រេចតែម្ដង។

ក្នុងឱកាសនោះ បន្ទាប់ពីចូលរួមប្រគល់ពាន អមដោយប្រាក់រង្វាន់ ២០លានរៀល ដល់ក្រុមជើងឯកឪម៉ាល់ លោក នួន ផារ័ត្ន បានថ្លែងកោតសរសើរ ចំពោះការខំប្រឹងរបស់ក្រុមនីមួយៗ ពិសេសបេក្ខភាពវគ្គផ្ដាច់ព្រ័ត្រ ហើយលោកបានលើកទឹកចិត្តពួកគេឲ្យខិតខំប្រឹងបន្ថែម ដើម្បីអាចវិវត្តន៍ខ្លួនក្លាយជាកីឡាករអាជីព។ ជាមួយគ្នា លោកក៏បានស្នើរឲ្យកីឡាករកំពុងធ្វើការសិក្សា ត្រូវពង្រឹងការរៀនសូត្ររបស់ខ្លួនផងដែរ។

ចំណែកលោក មាស វុត្ថា បានបញ្ជាក់ថា ការប្រកួតនេះ ឈរលើចក្ខុវិស័យយូរអង្វែងរបស់ក្រុមហ៊ុន ដើម្បីចូលរួមលើកកម្ពស់ និងគាំទ្រវិស័យកីឡាបាល់ទាត់ជាតិ ក៏ដូចជាជំរុញឲ្យមានសុខុមាលភាពសង្គម ព្រមទាំងផ្តល់ឱកាសដល់និយមលេងកីឡា បានបញ្ចេញសមត្ថភាព និងកសាងចំណងមិត្តភាព សុខភាព ហើយក៏ចូលរួមបំផុសចលនាលេងកីឡា ដើម្បីរួមចំណែកក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាផងដែរ៕

 

រូបភាព៖ ផ្ដល់ឲ្យ

អត្ថបទ៖ បុត្រា

មតិយោបល់