គ្រូ Master 7 រំពឹងបង្កើតឲ្យមានការប្រកួតដ៏អស្ចារ្យ ខណៈគ្រូស្វាយរៀង ដឹងខ្លួនថានឹងត្រូវធ្វើការធ្ងន់

មាស សុផាណារ៉ុង January 21, 2020


 

ភ្នំពេញ៖ គ្រូបង្វឹកនៃក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ក៏ដូចជាគ្រូបង្វឹកនៃក្លឹបបាល់ទាត់ Master 7 FC របស់ជើងឯករងលីគកំពូលឡាវ ដែល​ត្រូវតតាំងគ្នា នៅក្នុងវគ្គជម្រុះពានរង្វាន់ជើងឯកក្លិបបាល់ទាត់អាស៊ីលំដាប់ទី២ (AFC Cup) បានសម្ដែងនូវការប្ដេជ្ញាចិត្តរៀងៗខ្លួនមុនការប្រកួតជើងទី១ មកដល់នៅល្ងាចស្អែក។

លោក Conor Nestor គ្រូបង្វឹកនៃក្លិបព្រះខ័នរាជស្វាយរៀង បានលើកឡើងថា៖ «យើងរីករាយ​ដែល​បានមកដល់ទីនេះ យើងបានធ្វើការធ្ងន់ណាស់ ដើម្បីការប្រកួតផងដែរ យើងពិតជារីករាយខ្លាំង​ណាស់ ដែលយើងត្រូវតំណាងអ្នកគាំទ្រ ជាមួយគ្នាផងដែរដើម្បីបាល់ទាត់កម្ពុជា ជាពិសេស​ដើម្បី​អ្នក​គាំទ្រមានមោទកភាព យើងដឹងថាយើងនឹងធ្វើការធ្ងន់។»

ចំពោះគ្រូបង្វឹករបស់ក្រុម Master 7 FC លោក Catalin បានសម្ដែងផងដែរថា៖ «យើងរីករាយ​ដែលមកទីនេះ វាគឺជាការប្រកួតដ៏សំខាន់សម្រាប់យើង ក៏ដូចជាប្រវត្តិសម្រាប់ក្លិបដូចគ្នា យើងមក​ទីនេះជាមួយការតាំងចិត្ត យើងធ្វើការធ្ងន់ ដើម្បីរៀបចំការប្រកួតនេះ យើងដឹងថាយើងត្រូវប្រកួត​ជាមួយក្រុមដែលខ្លាំង ដែលជាជើងឯកនៃលីគកំពូលកម្ពុជា ប៉ុន្តែយើងរីករាយដើម្បី​បង្កើត​ឲ្យមាន​ការប្រកួតដ៏អស្ចារ្យ។»

បញ្ជាក់ថា ក្រុមទាំងពីរនឹងត្រូវប្រកួតវគ្គជម្រុះដើម្បីដណ្ដើមកៅអីឡើងទៅវគ្គបន្ត ( វគ្គចែកពូល ) ដោយជើងទី១ នេះធ្វើឡើងនៅពហុកីឡដ្ឋានជាតិ នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ នៅវេលាម៉ោង ៦ល្ងាច ដោយមានការផ្សាយផ្ទាល់តាមរយៈស្ថានីយទូរទស្សន៍ BTV News ផងដែរ៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់