៥ក្លឹប បំពេញគ្រប់លក្ខខណ្ឌក្នុងការនាំចូលកីឡាករបរទេសផ្លូវការ សម្រាប់រដូវកាល ២០២០

មាស សុផាណារ៉ុង February 5, 2020


 

ភ្នំពេញ៖ នៅសល់រយៈពេលជាង ១សប្ដាហ៍ទៀតប៉ុណ្ណោះ ការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ២០២០ នឹងដំណើរការប្រកួតរដូវកាលថ្មី នៅថ្ងៃទី១៥ ខែកុម្ភៈ ខាងមុខគ្រាដែលគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានកំណត់ក្រុមចំនួន ១៣ធ្វើការប្រកួតប្រជែង។

ទន្ទឹមជាមួយគ្នា គេក៏ឃើញមានក្លឹបមួយចំនួនធំបាននឹងកំពុងដុតដៃដុតជើងរកកីឡាករបរទេសមកពង្រឹងក្រុមបន្ថែមដោយក្នុងនោះក្លឹប ៥នេះបានត្រៀមកីឡាករបរទេសរួចរាល់ហើយសម្រាប់ត្រៀមរដូវកាលថ្មី។

  • ទី១៖ ក្លឹបបាល់ទាត់ភ្នំពេញក្រោន

ភ្នំពេញក្រោន គឺជាក្លឹបនាំចូលកីឡាករបរទេស និងបង្គ្រប់កូតាក្នុងក្របខណ្ឌលីគកំពូលកម្ពុជាមុនគេចំនួន ៥នាក់ ក្នុងនោះមានកីឡាករសញ្ជាតិប្រេស៊ីល ១នាក់ ខ្សែបម្រើប្រយុទ្ធ Paulo Victor Soares, កីឡាករសញ្ជាតិកូឡុំប៊ី Andrés Nieto, កីឡាករនីហ្សេរីយ៉ា ២នាក់ Okereke Timothy និង Paul Omogba និងកីឡាករជប៉ុន Masaaki Ideguchi។

  • ទី២៖ ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង

ព្រះខ័នរាជស្វាយរៀង ពួកគេក៏បានចុះកិច្ចសន្យាក៏ដូចជាបន្តកិច្ចសន្យាជាមួយកីឡាករបរទេស ៥រូបបង្គ្រប់កូតាហើយដែររួមមានខ្សែការពារ Jonathan Cambpbell, ខ្សែបម្រើកណ្ដាលសញ្ជាតិជប៉ុន Diasuke Kobayashi ខ្សែប្រយុទ្ធកាម៉េរូន Privat Befolo Mbarga និងនាំចូលកីឡាករបន្ថែម ២រូបផ្សេងទៀតមានសញ្ជាតិប្រេស៊ីល Thiago Santos និង Pedro Augusto។

  • ទី៣៖ ក្លឹបបាល់ទាត់សូលទីឡូអង្គរ

សូលទីឡូអង្គរ ក៏ត្រូវបានដឹងថានាំចូលកីឡាករគ្រប់ ៥នាក់ផងដែរ ដែលរួមមានកីឡាករ Kento Fujihara, Fumiya Kogure, Kota Motoyama និងចុងក្រោយ គឺកីឡាករ Unno Tomoyuki ទាំង ៤រូបនេះជាកីឡាករបន្តកិច្ចសន្យាថ្មី ស្របពេលដែលកីឡាករប្រេស៊ីល Matheus Souza ជាកីឡាករដែលក្លឹបទើបនាំចូលពីអគ្គស្នងការដ្ឋាននគរបាលជាតិ។

  • ទី៤៖ ក្លឹបបាល់ទាត់អង្គរថាយហ្គឺរ 

អង្គរថាយហ្គឺរ មានកីឡាករបរទេស ៥រូបបានប្រកាសជាផ្លូវការហើយរួមមាន Yudai Ogawa និង Joichiro Sugiyama និង Takaki Ose ( ជប៉ុន ) និង ២រូបចុងក្រោយកីឡាករនីហ្សេរីយ៉ា Dzarma Bata និងកីឡាករប្រេស៊ីល Cristiano Marcolino Santos។

  • ទី៥៖ ក្លឹបបាល់ទាត់វិសាខា

ត្រូវបានដឹងថាបានចុះបញ្ជីកីឡាករបរទេសបាន ៥រូបហើយផងដែរ រួមមាន Mustafa Sazazai ( អតីតកីឡាករភ្នំពេញក្រោន ), Mahammed Khan ( អតីតកីឡាករក្រសួងការពារជាតិ ) និងកីឡាករ Alisher Mirzaev ដែលជាកីឡាករសញ្ជាតិអ៊ូបីគីស្ថាន ស្របពេលដែលកីឡាករសញ្ជាតិនីហ្សេរីយ៉ា Ajayi Opeyemi Korede គឺបន្តកិច្ចសន្យាជាមួយក្លឹបថែមមួយរដូវកាលទៀត និងចុងក្រោយកីឡាករសញ្ជាតិក្រូអាត Mihaljevic Filip។

បឹងកេត ក៏ត្រូវបានកត់សម្គាល់ថាបានចុះបញ្ជីកីឡាករបរទេសចំនួន ៣រូបរៀងខ្លួនផងដែរ ដូចជា បឹងកេត បានប្រកាសជាផ្លូវការកីឡាករ ៣រូបនោះរួមមាន Kenta Yamazaki, Hikaru Mizuno ( ជប៉ុន ) និង Anderson Zogbe កូតឌីវ័រ។

អគ្គស្នងការដ្ឋាននគរបាលជាតិ ដ្បិតពុំឃើញមានការប្រកាសផ្លូវការនៅឡើយ ប៉ុន្តែក៏ត្រូវបានដឹងថា មានការបន្តរក្សាកីឡាករបរទេស ៣រូបដែលបានរួមរស់ជាមួយក្លឹបកាលពីរដូវកាលមុន មានកីឡាករជប៉ុន Tomohiro Masaki, កីឡាករនីហ្សេរីយ៉ា ទាំងពីររូប Mathew Osa និង Momoh Degule និងក៏មានលេចមុខអតីតកីឡាករអាស៊ីអឺរ៉ុបយូណាយធីត Abdel Kader Coulibali ផងដែរប៉ុន្តែមិនទាន់ប្រកាសផ្លូវការ។

អាស៊ីអឺរ៉ុបយូណាយធីត ក៏ត្រូវបានដឹងថាមានការនាំចូលកីឡាករបរទេសថ្មីផងដែរ ពោលគឺជាកីឡាករសញ្ជាតិជប៉ុន មានឈ្មោះថា Kanta Asami លេងក្នុងតួនាទីជាខ្សែបម្រើ គឺជាកីឡាករបរទេសដំបូងដែលក្លឹបតំណាងសាកលវិទ្យាល័យមួយនេះនាំចូលសម្រាប់រដូវកាល ២០២០ ផងដែរ បន្ទាប់ពីបានធ្វើតេស្តរើសកីឡាករថ្មីបានមួយចំនួនកាលពីដើមខែធ្នូ ឆ្នាំ២០១៩កន្លងទៅ។

ចំពោះណាហ្គាវើលដ៍,​ គីរីវង់សុខសែនជ័យ និងសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ( ទ័ព ) ក៏មិនទាន់មានការប្រកាសផ្លូវការអំពីសមាសភាពកីឡាករបរទេសនៅឡើយ ប៉ុន្តែគេបានប្រទះឃើញកីឡាករបរទេសមួយចំនួនកំពុងធ្វើតេស្តសមត្ថភាពជាមួយក្លឹប។

ដោយឡែកចំពោះ អគ្គិសនីកម្ពុជា ជាមួយ យុវជនសាលាបាល់ទាត់ជាតិបាទី អាយុក្រោម ១៨ឆ្នាំ មិនមានការប្រើប្រាស់កីឡាករបរទេសឡើយ។

យោងតាមកូតាលីគកំពូលកម្ពុជា អនុញ្ញាតិឲ្យមានកីឡាករបរទេស ៥រូបនៅក្នុងក្លឹបនីមួយៗក្នុងនោះត្រូវមានកីឡាករបរទេសម្នាក់ជាកីឡាករមកពីទ្វីបអាស៊ីជាដាច់ខាត ចំពោះនៅលើទីលានវិញគឺមានកីឡាករបរទេសតែ ៤រូបប៉ុណ្ណោះដែលអាចចូលរួមប្រកួត និងម្នាក់ទៀតអង្គុយនៅកៅអីបម្រុង។

សូមបញ្ជាក់ផងដែរថា ទីផ្សារដោះដូរកីឡាករលីគកំពូលកម្ពុជា សម្រាប់រដូវកាល២០២០ បានចាប់ផ្ដើមបើកពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ ហើយនឹងបិទនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ ពោលគឺមួយសប្ដាហ៍មុនលីគកំពូលកម្ពុជាចាប់ផ្ដើមនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០៕

 

រូបភាព៖ បឹងកេត និង ណាហ្គាវើលដ៍

អត្ថបទ៖ ណារ៉ុង

មតិយោបល់