គ្រូអាស៊ីអឺរ៉ុប បារម្ភរឿងមួយ ដ្បិតទើបលើកពាន Pre-Season មុនចាប់ផ្ដើមរដូវកាលថ្មី

មាស សុផាណារ៉ុង January 21, 2020


 

ភ្នំពេញ៖ លោក សុក វាសនា គ្រូបង្វឹកក្រុមអាស៊ីអឺរ៉ុបយូណាយធីត បានបង្ហើបនូវក្ដីកង្វល់ អំពីបញ្ហាកម្លាំងរបស់កូនក្រុមខ្លួន ដែលមិនទាន់រួចរាល់សម្រាប់ការត្រៀមស្វាគមន៍ការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា រដូវកាលថ្មី ឆ្នាំ២០២០ ខាងមុខ។

ការអះអាងបែបនេះ ស្របពេលលោកបានដឹកនាំក្រុមចូលរួមប្រកួត និងលើកពានរង្វាន់មិត្តភាព TV-5 Pre-Season Championship 2020 ដែលរៀបចំដោយក្លឹបក្រសួងការពារជាតិ កាលពីថ្មីៗ ។ ប៉ុន្ដែយ៉ាងណាការឈ្នះពាន Pre-Season នេះ ត្រូវបានលើកចាត់ទុកជាការបើកផ្លូវមួយ សម្រាប់ក្រុមអាស៊ីអឺរ៉ុប ក្នុងការត្រៀមរដូវកាលថ្មី។

លោកនិយាយថា៖ «យើងនៅបារម្ភពាក់ព័ន្ធនឹងកម្លាំងកីឡាករយើង ពិសេសកីឡាករចាស់ៗ ព្រោះពេលលេងផ្លូវការ យើងអាចប្ដូរបានតែ ៣នាក់ ។ នេះជាផលលំបាករបស់យើង ផ្ទុយពីលេងពាន Pre-Season យើងអាចប្ដូរបានសេរី ។ ចឹងវាមិនទាន់ជាអ្វី ដែលយើងសប្បាយចិត្តទេ។»

អតីតគ្រូបង្វឹកក្រុមយុវជនព្រះខ័នរាជស្វាយរៀងខាងលើ បន្ថែមថា៖ «ពាក់ព័ន្ធការត្រៀមរដូវកាលថ្មី មកទល់ឥលូវក្រុមខ្ញុំ ទើបរៀបចំខ្លួនបាន ៥០% ដោយសារកីឡាករខ្មែរមួយចំនួន សុទ្ធតែធ្វើការ ចឹងយើងទើបរៀបចំឲ្យជុំគ្នា ហើយកីឡាករបរទេស គឺយើងទើបចុះកុងត្រាបាន ២នាក់(កីឡាករអាស៊ី)ប៉ុណ្ណោះ។»

យ៉ាងណាមិញលោក សុក វាសនា នៅតែពេញចិត្ត ចំពោះការសហការគ្នាបនាយ៉ាងល្អ ក្នុងពានរង្វាន់ TV-5 Pre-Season Championship 2020។ លោកថា៖ «សាមគ្គីជាក្រុម មានវិន័យ និងឆន្ទៈលេងប្រកប ដោយក្រមសីលធម៌ល្អ មិនប្រកាន់ពូជសាសន៍ និងសាសនា គឺជាអ្វីដែលពួកយើងចង់បាននៅរដូវកាលនេះ។»

គួរបញ្ជាក់ថា អាស៊ីអឺរ៉ុប បានលើកពាន TV-5 Pre-Season Championship 2020 បន្ទាប់ពីយកឈ្នះក្រុមក្រសួងការពារជាតិ ដោយការទាត់បាល់ប៉េណាល់ទី ៥-៤ ក្រោយប្រកួតពេញម៉ោងស្មើគ្នា ៣-៣ ។ តែមុនឡើងវគ្គផ្ដាច់ព្រ័ត្រ ក្រុមលោក សុក វាសនា ក៏បានយកឈ្នះក្រុមណាហ្គាវើលដ៏ ដែរ៕

 

រូបភាព៖ CNCC – គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា

អត្ថបទ៖ បុត្រា

មតិយោបល់