លោក Conor ថាព្រះខ័នរាជស្វាយរៀង ត្រៀមខ្លួនរួចជាស្រេច ដើម្បីតំណាងឱ្យអ្នកគាំទ្រ និងបាល់ទាត់កម្ពុជា

មាស សុផាណារ៉ុង January 21, 2020


 

ភ្នំពេញ៖ ព្រះខ័នរាជស្វាយរៀង នឹងស្វាគមន៍ក្រុមជើងឯករងលីគកំពូលឡាវ Master 7 FC ក្នុងការប្រកួតជើងទី១ វគ្គជម្រុះ នៃពានរង្វាន់ក្លិបបាល់ទាត់លំដាប់ទី២ ប្រចាំទ្វីបអាស៊ី ( 2020 AFC Cup ) នៅពហុកីឡដ្ឋានជាតិអូឡាំពិក នៅថ្ងៃពុធស្អែកនេះ ស្របពេលដែល លោក Conor Nestor កំពុងទន្ទឹងរង់ចាំយ៉ាងខ្លាំងដើម្បីឈានទៅវគ្គបន្ត។

ក្រុមម្ចាស់ជើងឯកលីគកំពូលកម្ពុជា បានបង្កើតកំណត់ត្រាដ៏ល្អក្នុងដំណើរប្រកួតក្រៅប្រទេស ( Pre Season ) មុនបើករដូវកាលរបស់ពួកគេនៅប្រទេសម៉ាឡេស៊ី ដែលពួកគេបានផ្តួលក្រុមលីគកំពូលម៉ាឡេស៊ី ចំនួន ៣ផ្សេងគ្នា។

គ្រូបង្វឹកជនជាតិអៀរឡង់រូបនេះបានប្រាប់​ សារព័ត៌មាន camsports.org ថា៖ «យើងបានត្រៀមខ្លួនរួចរាល់ហើយ ហើយយើងទន្ទឹងរង់ចាំតំណាងរបស់អ្នកគាំទ្រ និងបាល់ទាត់កម្ពុជា។»

«រដូវកាលមុនរបស់យើងលេងបានល្អ។ ខ្ញុំគិតថាយើងមិនទាន់មានកាយសម្បទាគ្រប់គ្រាន់នៅឡើយទេ ប៉ុន្តែកីឡាករបានខិតខំធ្វើការយ៉ាងខ្លាំង។ ការបង្ហាញទម្រង់លេងនៅក្នុងការប្រកួតមុនរដូវកាល ពិតជាធ្វើបានល្អ។» លោក Conor Nestor បន្ថែម។

និយាយអំពីកង្វល់ខ្លះៗមុនការប្រកួត លោកសង្កត់ធ្ងន់ថា៖ «យើងមានកង្វល់អំពីបញ្ហារបួសរបស់កីឡាករមួយចំនួនមុនពេលការប្រកួតនៅថ្ងៃពុធនេះ ប៉ុន្តែសង្ឃឹមថាអ្នករាល់គ្នានឹងត្រៀមខ្លួនរួចរាល់។»

«ខ្ញុំបានមើលការប្រកួតមិត្តភាពរបស់ពួកគេ ក៏ដូចជាការប្រកួតជាច្រើនពីរដូវកាលមុន ប៉ុន្តែគេមានគ្រូបង្វឹកថ្មី។ ពួកគេបានចុះហត្ថលេខាកីឡាករបរទេសថ្មីមួយចំនួនផងដែរ ដូច្នេះយើងចាំបាច់ត្រូវត្រៀមសម្រាប់អ្វីដែលមិនបានរំពឹងទុក។»

«ការឈ្នះ គឺផ្ដល់ទំនុកចិត្តលើក្រុមទាំងអស់ ហើយយើងក៏មិនខុសគ្នាដែរ។ ប៉ុន្តែរដូវកាលថ្មីពិតជាចាប់ផ្តើមនៅថ្ងៃពុធនេះ ហើយអ្វីគ្រប់យ៉ាងដែលកើតឡើងមុននោះនឹងក្លាយជារឿងផ្សេង។ ខ្ញុំតែងតែជឿជាក់លើក្រុមរបស់ខ្ញុំ ប៉ុន្តែភាពជឿជាក់នោះក៏ត្រូវបានបញ្ចូលគ្នាជាមួយនឹងការគោរពគូប្រជែងរបស់យើងផងដែរ។ យើងនឹងមានជំនឿចាំបាច់ដើម្បីឈ្នះ ប៉ុន្តែការជឿ និងការធ្វើ គឺជារឿងដាច់ដោយឡែកពីគ្នា។» លោក Conor Nestor បានសង្កត់ធ្ងន់៕

 

រូបភាព៖ Preah Khan Reach Svay Rieng FC

អត្ថបទ៖ សុភ័ក្ត្រ

មតិយោបល់