ក្លឹបលីគកំពូលឥណ្ឌូនេស៊ី Persija Jakarta ចង់បាន Keisuke Honda ទៅរួមក្រុម

មាស សុផាណារ៉ុង January 15, 2020


 

ឥណ្ឌូនេស៊ី៖ សមាជិកលីគកំពូលឥណ្ឌូនេស៊ី Persija Jakarta មានសេចក្ដីរាយការណ៍មកថា មានបំណងចង់នាំយកអ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា Keisuke Honda ទៅរួមក្រុមនៅរដូវកាល ២០២០ ខាងមុខ។ នេះបើយោងតាមសារព័ត៌មានឥណ្ឌូនេស៊ី indosport.com

ផែនការនៃការផ្ទេរនេះត្រូវបានទទួលស្គាល់ផ្ទាល់ដោយនាយកប្រតិបត្តិក្លឹប Persija Jakarta គឺលោក Ferry Paulus។ យោងទៅសម្ដីរបស់លោក លោកបានបញ្ជាក់ថា គណៈគ្រប់គ្រងរបស់ក្លឹប Persija បច្ចុប្បន្នកំពុងធ្វើទំនាក់ទំនងជាមួយ Honda ដើម្បីចរចាបង្កើតកិច្ចព្រមព្រៀងនៃការផ្ទេរនេះ។

លោក Ferry បាននិយាយថា៖ «ជាការពិត យើងកំពុងស្វែងរកកីឡាករមួយចំនួន រួមទាំងអ្នកដែលត្រូវបានគេនិយាយ Honda ផងដែរ។»

Ferry Paulus ខាងឆ្វេង (រូបភាព៖ Detikcom)

ទោះបីមិនទាន់មានសម្ដីច្បាស់លាស់ក៏ដោយ ដំណើរការនៃការចាប់អារម្មណ៍របស់ Persija ចំពោះ Honda នៅតែសមនឹងការពិភាក្សា។ នេះបើតាមសារព័ត៌មានដដែលបញ្ជាក់។ មូលហេតុដែលត្រូវយកមកពិចារណា គឺចំពេលដែល លោក Honda ទើបតែសម្រេចបញ្ចប់កិច្ចសន្យារបស់ខ្លួនជាមួយក្លឹប Vitesse នៃលីគកំពូលហូឡង់ ដែលបានសេចក្ដីថា បច្ចុប្បន្នកំពុងទំនេរគ្មានក្លឹបប្រកបអាជីពជាមួយ។

គួររំលឹកផងដែរថា អ្នកចាត់ការក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា លោក Keisuke Honda ដែលបានចូលរួមជាមួយក្លឹប Vitesse នៃលីគកំពូលហូឡង់ ជាមួយកិច្ចសន្យាដល់ រដូវកាល២០១៩-២០២០ កាលពីដើមខែវិច្ឆិកា កន្លងទៅថ្មីៗនេះបានសម្រេចចាកចេញពីក្លឹបនេះវិញ កាលពីចុងខែធ្នូ ឆ្នាំ២០១៩ បន្ទាប់លោកគិតថាពុំអាចជួយកែប្រែស្ថានការណ៍របស់ក្លឹបឲ្យទទួលបានលទ្ធផលល្អបាន៕

 

ប្រភព៖ indosport.com

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់