គ្រូ Kedah ថា ឈ្នះពាន Smart RSN Cup មិនមែនជារឿងងាយស្រួល

មាស សុផាណារ៉ុង January 15, 2020


 

ភ្នំពេញ៖ លោក Adil Sharin Sahak គ្រូបង្វឹកក្លឹប Kedah FA បានអះអាងថា ការឈ្នះពានមិត្តភាពអន្ដរជាតិ Smart RSN Cup 2020 មិនមែនជារឿងងាយស្រួលនោះទេ ព្រោះក្រុមកម្ពុជាបច្ចុប្បន្នរីកចម្រើនគួរឲ្យកត់សម្គាល់ ជាក់ស្ដែងក្លឹបភ្នំពេញក្រោន ដែលបានប្រកួតកាត់សេចក្ដី នៅកីឡដ្ឋាន Smart RSN កាលពីល្ងាចមិញ។

គួរដឹងថា ក្លឹបលេខ៤ នៃលីគកំពូលម៉ាឡេស៊ី Kedah FA បានគ្រងជើងឯកពាន Smart RSN Cup 2020 បន្ទាប់ពីដណ្ដើមបានជ័យជម្នះ ២ប្រកួតជាប់គ្នា ខណៈការប្រកួតកាត់សេចក្ដី កាលពីល្ងាចថ្ងៃទី១៤-មករា ពួកគេបានយកឈ្នះក្លឹបភ្នំពេញក្រោន ដោយលទ្ធផល ២-១ ក្រោយយកឈ្នះក្រុមអង្គរថាយហ្គឺរ ១-០ កាលពីថ្មីៗកន្លងទៅ។

បុរសវ័យ ៤២ឆ្នាំខាងលើ បានសម្ដែងនូវការពេញចិត្ត ចំពោះលទ្ធផលដែលទទួលបាននេះ ដ្បិតលោកបានចាត់ទុកលទ្ធផលនេះ គឺជាវាស់ស្ទង់សមត្ថភាពកូនក្រុមដ៏ល្អមួយ ក្នុងការត្រៀមប្រកួតជម្រុះពានរង្វាន់ AFC Champions League ជុំទី២ នាខែកុម្ភៈខាងមុខ។ តែអ្វីដែលពិសេសនោះ គឺលោកបានកោតសរសើរ ចំពោះក្លឹបបាល់ទាត់នៅកម្ពុជា ដែលមានការវិវត្តន៍រីកចម្រើនគួរឲ្យកត់សម្គាល់ ធ្វើឲ្យការប្រកួតនីមួយៗបញ្ចប់ដោយតានតឹង។

លោក Adil Sharin Sahak បាននិយាយថា៖ «ខ្ញុំគិតថា ការប្រកួតមិត្តភាពនេះ មិនងាយស្រួលនោះទេ គឺលំបាកគ្រប់ប្រកួត តែខ្ញុំសប្បាយចិត្ត ដែលកូនក្រុមខ្លួនបានល្អ។ ដូចយើងឃើញអញ្ចឹង ក្រុមនៅកម្ពុជាទាំងអស់ សុទ្ធតែរីកចម្រើន ជាក់ស្ដែងដូចការប្រកួតចុងក្រោយជាមួយភ្នំពេញក្រោនយប់នេះ ភ្នំពេញក្រោនពិតជាធ្វើបានល្អ ធ្វើការប្រកួតមានភាពតានតឹង និងជក់ចិត្ត។ តែអ្វីដែលសំខាន់ គឺយើងធ្វើបានល្អតាមផែនការ និងការប្ដេជ្ញាចិត្តរបស់ក្រុម តែខ្ញុំរំពឹងថា យើងនឹងមកទីនេះ ដើម្បីជួបគ្នាម្ដងទៀត។»

គួរបញ្ជាក់ថា Kedah FA បានបញ្ចប់កម្មវិធី Pre-Season របស់ខ្លួន នៅលើទឹកដីកម្ពុជាហើយ ដោយបញ្ចប់ជាមួយលទ្ធផលការប្រកួតមិត្តភាពអន្ដរជាតិ ៥ប្រកួត រួមមានឈ្នះវិសាខា ១-០, ចាញ់ណាហ្គាវើលដ៏ ៣-២, ឈ្នះបឹងកេត ៤-១ រួមទាំងប្រកួតពានមិត្តភាពអន្ដរជាតិ Smart RSN Cup 2020 ដោយបានយកឈ្នះអង្គរថាយហ្គឺរ ១-០ និងយកឈ្នះក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន ២-១ កាលពីល្ងាចមិញ៕

 

អត្ថបទ៖ បុត្រា

មតិយោបល់