គ្រូព្រះខ័នរាជស្វាយរៀង ក្រោយនាំក្រុមបញ្ចប់ដំណើរប្រកួតមិត្តភាពនៅម៉ាឡេស៊ី ដោយជោគជ័យ

មាស សុផាណារ៉ុង January 15, 2020


 

គួរឡាឡាំពួរ៖ ព្រះខ័នរាជស្វាយរៀង បានបញ្ចប់ដំណើរប្រកួតមិត្តភាពក្រៅប្រទេសមុនរដូវកាលថ្មី ជាមួយនឹងការចងចាំដ៏ល្អនៅប្រទេសម៉ាឡេស៊ី បន្ទាប់ពីបានផ្តួលក្រុមលីគកំពូលម៉ាឡេស៊ី ៣ក្រុម ដូចដែលគួរតែជាការរៀបចំដ៏ល្អមួយសម្រាប់ការប្រកួតជម្រុះ AFC Cup របស់ពួកគេជាមួយក្រុម Master 7 FC របស់ឡាវនៅចុងខែនេះ។

ក្រុមម្ចាស់ជើងឯកនៃលីគកំពូលកម្ពុជា បានចាប់ផ្តើមដំណើរប្រកួតមិត្តភាពក្រៅប្រទេស មុនបើករដូវកាលរបស់ពួកគេនៅក្នុងប្រទេសម៉ាឡេស៊ី ជាមួយនឹងការផ្ដល់ភាពខកចិត្តមួយទៅម្ចាស់ផ្ទះ នៅពេលដែលពួកគេបានផ្តួលក្រុម Selangor FA ៤ទល់០ កាលពីថ្ងៃទី៩ ខែមករា។ ដោយ Marie Privat បានបើកការនាំមុខ នៅ ៣នាទីដំបូង រហូតដល់ ១០នាទីក្រោយមក ប្រាក់ មុន្នីឧត្តម រកបានគ្រាប់បាល់ទី២ មុនពេល សារ៉េត គ្រីយ៉ា និងហូយ ផល្លីន រកបាននៅចុងវគ្គទី១ ដើម្បីដណ្តើមបានជ័យជម្នះ ៤-០ យ៉ាងធំសម្រាប់ព្រះខ័នរាជស្វាយរៀង។

ពីរថ្ងៃក្រោយមកទៀត ព្រះខ័នរាជស្វាយរៀង បានជួបក្រុមលីគកំពូលម៉ាឡេស៊ីដទៃទៀត គឺក្រុម Felda United។ ដោយ Felda បាននាំមុខ ១-០ នៅវគ្គទី១ ប៉ុន្តែគ្រាប់បាល់ ២ គ្រាប់នៅវគ្គទី២ ពី ប្រាក់ មុន្នីឧត្តម និងហូយ ផល្លីន ធានាបានជ័យជម្នះផ្សេងទៀតសម្រាប់ព្រះខ័នរាជស្វាយរៀង។

ព្រះខ័នរាជស្វាយរៀង រកបានជ័យជំនះ ៣លើកក្នុងចំណោម ៣ប្រកួត ខណៈដែលពួកគេបានរកជ័យជម្នះដ៏គួរឱ្យភ្ញាក់ផ្អើលលើ Terengganu។ ក្រុមរបស់ Conor Nestor តាមពីក្រោយដោយលទ្ធផល ៣-១ នៅពេលសម្រាកវគ្គទី១ ខណៈ Privat រកបានគ្រាប់បាល់តែមួយគត់សម្រាប់ពួកគេ។ ទោះយ៉ាងណាកីឡាករចំណូលថ្មី Pedro Augusto និងគ្រាប់បាល់ពី សុក សំណាង បានជួយព្រះខ័នរាជស្វាយរៀង បញ្ចប់ដំណើរប្រកួតមិត្តភាពក្រៅប្រទេសមុនរដូវកាលថ្មី នៅប្រទេសម៉ាឡេស៊ី ដោយលទ្ធផលឈ្នះ ៤-១ ទល់នឹង Terengganu ។

លោក Conor Nestor មានមោទកភាពចំពោះក្រុមរបស់គាត់ ហើយរំពឹងថាក្រុមរបស់លោកនឹងទទួលបានលទ្ធផលល្អជាងនេះ បន្ទាប់ពីទទួលបានលទ្ធផលអស្ចារ្យនៅម៉ាឡេស៊ី ក្នុងដំណើរប្រកួតមិត្តភាពក្រៅប្រទេសមុនរដូវកាលថ្មី របស់ពួកគេ។

គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង បានប្រាប់សារព័ត៌មាន camsports.org ថា៖ «យើងបានមកប្រទេសម៉ាឡេស៊ី សម្រាប់ការប្រកួតដែលមានការប្រកួតប្រជែង និងការប្រកួតដែលខ្លាំង ហើយយើងបានធ្វើវា។»

«ក្រុមនីមួយៗដែលយើងលេងជាមួយ គេបានចាប់ផ្តើមជាមួយនឹងកីឡាករដែលជាជម្រើសល្អបំផុតរបស់ពួកគេ។ ពួកគេលេងបានល្អ ហើយពួកគេលេងបាល់ទាត់ដែលមានការប្រើប្រាស់ការប៉ះទង្គិចខ្លាំង ហើយយើងបានយកឈ្នះឧបសគ្គទាំងអស់នេះ។ ខ្ញុំមានមោទកភាពចំពោះក្រុមរបស់យើង ប៉ុន្តែនៅមានថ្ងៃសំខាន់ខាងមុខទៀតសំរាប់ពួកយើង។» លោក Conor បានបន្ត។

គ្រូបង្វឹកសញ្ជាតិអៀរឡង់រូបនេះបន្ថែមទៀតថា៖ «រដូវកាលមុនខ្ញុំជឿជាក់ថាក្រុមនេះមានសក្តានុពល ៧៥% ហើយពេលនេះខ្ញុំមានអារម្មណ៍ថាយើងល្អជាងនេះ។ ការឈានដល់សក្តានុពលពេញលេញរបស់យើង គឺជាគោលដៅ ហើយអ្វីដែលខ្ញុំដឹងគឺយើងកំពុងធ្វើការឆ្ពោះទៅរកគោលដៅនោះ។»

«យើងចង់សាកល្បងខ្លួនយើង ទល់នឹងក្រុមខ្លាំងៗ ហើយប្រសិនបើយើងមិនជួបកម្រិតនេះទេ នោះយើងនឹងបន្តខិតខំរហូតទាល់តែយើងឈានដល់កម្រិតនោះ។ ខ្ញុំជាគ្រូបង្វឹកសំណាងម្នាក់ ខណៈដែលកីឡាកររបស់ខ្ញុំមិនដែលបោះបង់ ហើយនោះជាអ្វីដែលខ្ញុំអាចស្នើសុំ។» លោក Conor Nestor បានបន្ថែម៕

 

រូបភាព៖ Preah Khan Reach Svay Rieng FC

អត្ថបទ៖ សុភ័ក្ត្រ

មតិយោបល់