គ្រូ Kedah ថាភ្នំពេញក្រោន នៅតែជាក្រុមដែលក្មេង បើធៀបទៅ ៣ឆ្នាំមុន

មាស សុផាណារ៉ុង January 14, 2020


 

ភ្នំពេញ៖ លោក Aidil Sharin គ្រូបង្គោល Kedah FA បានចាត់ទុកភ្នំពេញក្រោន ថានៅតែជាក្រុមដែលក្មេង ដ្បិតក្រុមនេះមាន​យុវជនល្អៗ បើធៀបទៅនឹង ៣ឆ្នាំមុនដែលលោក ធ្លាប់ដឹកនាំក្រុមផ្សេងមួយទៀត ជួបក្រុមរហស្សនាម សិង្ហក្រហម នេះក្នុងវគ្គជម្រុះ ( AFC Cup 2017 ) កាលពីឆ្នាំ២០១៧ ម្ដង។

និយាយបែបនេះគឺនៅមុនពេលដែលក្រុមថ្មីរបស់លោកកំពុងដឹកនាំ Kedah FA ត្រូវប្រកួតជាមួយ ភ្នំពេញក្រោន ក្នុងពានរង្វាន់មិត្តភាពអន្តរជាតិ Smart RSN Cup 2020 នៅល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ នេះ នៅកីឡដ្ឋានស្មាតអរអេសអិន ( Smart RSN ) ខណៈកាលពីឆ្នាំ២០១៧ លោកធ្លាប់ដឹកនាំក្រុម Home United របស់សិង្ហបុរី ប្រកួតគ្នាម្ដងក្នុងវគ្គជម្រុះ ពានរង្វាន់ក្លឹបបាល់ទាត់លំដាប់ទី២ ប្រចាំទ្វីបអាស៊ី ( AFC Cup 2017 ) ឈ្នះ លទ្ធផលសរុបទាំងពីរជើង ៣ទល់៧។

មានយោបល់ក្នុងកិច្ចសម្ភាសន៍ គ្រូបង្វឹកជនជាតិសិង្ហបុរី រូបនេះបានលើកឡើងថា៖ «ខ្ញុំធ្លាប់ជួបជាមួយភ្នំពេញក្រោន ហើយនៅ AFC។ ពួកគេមានកីឡាករយុវជនច្រើន។ ពួកគេបានព្យាយាមកសាងធនធានយុវជន។ ខ្ញុំឃើញថា ពួកគេនៅតែថែរក្សាគោលជំហរកសាងយុវជនដដែល។ ចំពោះបច្ចេកទេសវិញ ពួកគេចូលចិត្តលេងលឿនៗ។ ខ្ញុំបានឃើញកាលពួកគេជួបថាយហ្គឺរនៅថ្ងៃដំបូង។ ដូច្នេះ យើងបានដឹងពីចំណុចខ្លាំង និងចំណុចខ្សោយរបស់គេរួចហើយ ហើយយើងក៏បានត្រៀមលក្ខណៈរួចជាស្រេចហើយដែរ។ យើងមានពេលពីរថ្ងៃសម្រាក ដូច្នេះទំនងមិនងាយពេកទេសម្រាប់យើង។»

ដោយឡែកសម្រាប់គ្រូបង្វឹកភ្នំបេញក្រោន លោក ស៊ុំ វណ្ណា វិញក៏បានសម្ដែងយោបល់ផងដែរជុំវិញ ការប្រកួតជាមួយ Kedah FA ថា៖ «យើងនឹងព្យាយាមនឹងធ្វើបានល្អដោយសារនៅក្នុងទឹកដីរបស់យើង។ ទោះជាជួបក្រុមណាក៏ដោយក្នុងដីរបស់យើងត្រូវតែហ៊ានលេង ព្រោះតែជាការប្រកួតសាមញ្ញ។ ទោះជាលេងជាមួយ Kedah FA ដែលមានចំណាត់ថ្នាក់ក្នុងការលេងវគ្គជម្រុះ AFC Champions League ក៏យើងនៅតែបន្តពង្រឹង ដោយសារយើងលេងនៅក្នុងទឹកដីរបស់យើងកីឡដ្ឋាន Smart RSN មិនមែនទឹកដីរបស់ Kedah នោះទេ។ អញ្ចឹងបើលេងក្នុងទឹកដីរបស់យើងគឺនឹងព្យាយាមធ្វើឲ្យបានល្អសម្រាប់ក្រុម និងជាការវាស់ស្ទង់សមត្ថភាព ទោះបីជាចាញរឺឈ្នះដោយជាការចាំបាច់ក្នុងពង្រឹងសម្រាប់ត្រៀមរដូវកាលថ្មីនឹងមកដល់នាពេលខាងមុខនេះ»។

គួរបញ្ជាក់ថា ការប្រកួតរវាងក្រុមទាំងពីរ ក្រុមដែលឈ្នះ នឹងទទួលបានជើងឯកពានរង្វាន់មិត្តភាពអន្តរជាតិនេះ បន្ទាប់ពីបច្ចុប្បន្នមាន ៣ពិន្ទុដូចគ្នា ក្រោយយកឈ្នះ អង្គរថាយហ្គឺរ រៀងៗខ្លួន នៅប្រកួតទី១ និងទី២ ខណៈបើមានលទ្ធផលស្មើនឹងត្រូវកាត់សេចក្ដីដោយបាល់ ១១ម៉ែត្រ។

គួររំលឹកថា ក្រុមចូលរួមចំនួន៣ ក្នុងពានរង្វាន់នេះមាន ភ្នំពេញក្រោន ( ម្ចាស់ផ្ទះ ) និងអង្គរថាយហ្គឺរ របស់លីគកំពូលកម្ពុជា និងក្រុមដែលកំពុងមកកម្ពុជា ក្នុងដំណើរប្រកួតអន្តរជាតិក្រៅប្រទេស ( Pre Season ) ក្លឹប Kedah FA របស់លីគកំពូលម៉ាឡេស៊ី៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់