ច្រឹង ពលរដ្ឋ ប្ដេជ្ញាប្រជែងកៅអីជម្រើសជាតិវិញ ក្នុងឆ្នាំ២០២០

មាស សុផាណារ៉ុង January 14, 2020


 

ភ្នំពេញ៖ បន្ទាប់ពីផ្ទេរទៅក្លិបវិសាខា ខ្សែបម្រើវ័យ ២២ឆ្នាំ ច្រឹង ពរលដ្ឋ បានប្ដេជ្ញានឹងខិតខំប្រឹងប្រែង ដើម្បីទាក់ចិត្តគ្រូបង្វឹកលោក Felix G.Dalmas ក្នុងការប្រជែងកៅអីក្រុមជម្រើសជាតិកម្ពុជាមកវិញ ក្នុងឆ្នាំ២០២០។

កីឡាករធ្លាប់ខកខានឱកាសលេងឲ្យក្លឹប Buriram United ដោយសារបញ្ហារបួស កាលពីដើមឆ្នាំ២០១៩ ខាងលើ បានបញ្ជាក់ថា មកទល់ពេលនេះរបួសជង្គង់របួសខ្លួន បានជាសះស្បើយ ១០០% ហើយ នៅឡើយតែការខំប្រឹងបន្ថែម ដើម្បីត្រឡប់ទៅដូចដើមវិញ។

ពលរដ្ឋ បន្ដថា៖ «បន្ទាប់ពីខ្ញុំផ្ទេរមកវិសាខាមួយរយៈពេលនេះ ខ្ញុំមានអារម្មណ៍ថា យើងលេងស៊ីចង្វាក់គ្នាល្អជាមួយមិត្តរួមក្រុមទាំងអស់។ វិសាខាសម្បូរកីឡាករជម្រើសជាតិ និងកីឡាករបរទេសល្អៗច្រើន ចឹងតំបន់នីមួយៗ មានការប្រកួតជែងគ្នា តែខ្ញុំបានត្រៀមខ្លួនរួចរាល់ ព្រោះវាជាឱកាសល្អ ដើម្បីបង្កើនសមត្ថភាពរបស់ខ្ញុំ។»

ពាក់ព័ន្ធនឹងកៅអីក្រុមជម្រើសជាតិវិញ ត្រូវអតីតសមាជិកក្រុមក្រសួងការពារជាតិ បញ្ជាក់ថា៖ «សម្រាប់ខ្ញុំ បើសិនខ្ញុំខំប្រឹងប្រែង និងបង្ហាញខ្លួនលើទីលាន ខ្ញុំគិតថា ខ្ញុំនឹងអាចជួយជម្រើសជាតិដូចដើមវិញ ។ ខ្ញុំរំពឹងទុកថា ខ្ញុំនឹងខំប្រឹងឲ្យអស់ពីសមត្ថភាព ដើម្បីប្រជែងកៅអីជម្រើសជាតិ ក្នុងឆ្នាំ២០២០។»

គួរបញ្ជាក់ថា ច្រឹង ពលរដ្ឋ បានខកខានជាប់ជម្រើសជាតិប្រមាណ ២ឆ្នាំមកហើយ បន្ទាប់ពីរងរបួសដាច់សរសៃរជង្គង់។ បច្ចុប្បន្នរូបគេ កំពុងបោះជំរំហ្វឹកហាត់ជាមួយវិសាខា នៅប្រទេសថៃ ដើម្បីត្រៀមរដូវកាលថ្មី នៃលីគកំពូលកម្ពុជា និងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២០៕

 

រូបភាព៖ វិសាខា – Visakha Football Club

អត្ថបទ៖ បុត្រា

មតិយោបល់