ស្វាយរៀង បញ្ចប់កម្មវិធី Pre-Season នៅម៉ាឡេស៊ី អមដោយជ័យជម្នះ ៣ប្រកួតផ្ទួនៗ

មាស សុផាណារ៉ុង January 14, 2020


 

គូឡាឡាំពួរ៖ ក្រុមព្រះខ័នរាជស្វាយរៀង បានបញ្ចប់កម្មវិធី Pre-Season Tour 2020 របស់ខ្លួន នៅលើទឹកដីម៉ាឡេស៊ីហើយ ដោយសម្រេចបាននូវលទ្ធផលដ៏ល្អ ក្នុងការប្រកួតមិត្តភាពអន្ដរជាតិ បន្ទាប់ពីទទួលបានជ័យជម្នះ ៣ប្រកួតផ្ទួនៗ មុនត្រឡប់មកមាតូភូមិវិញ ដើម្បីត្រៀមប្រកួតជម្រុះពានរង្វាន់ AFC Cup 2020។

សម្រាប់ការប្រកួតចុងក្រោយ ក្នុងការបោះជំរំក្រៅស្រុក ដើម្បីត្រៀមរដូវកាលថ្មី កាលពីល្ងាចមិញ ក្រុមជើងឯកលីគកំពូលកម្ពុជា បានវាយបកឈ្នះក្រុម Terengganu FC ដោយលទ្ធផល ៤-៣ បន្ទាប់ពីត្រូវអតីតក្រុមចាស់របស់កីឡាករជម្រើសជាតិកម្ពុជា ធារី ចន្ថាប៊ីន នាំមុខ ៣-១ នៅវគ្គទី១ ។ ៤គ្រាប់របស់ព្រះខ័នរាជស្វាយរៀង ធ្វើសម្រេចកីឡាករថ្មី Pedro ២គ្រាប់, Privat និងសុក សំណាង ម្នាក់ ១គ្រាប់។

ដូច្នេះព្រះខ័នរាជស្វាយរៀង បានបញ្ចប់កម្មវិធី Pre-Season Tour 2020 ដោយមិនស្គាល់ចាញ់ ឬស្មើឡើយ ដ្បិត ២ប្រកួតដំបូង ពួកគេបានយកឈ្នះក្រុម FA Selangor ៤-០ និងវាយបកឈ្នះក្រុម Fedal United ២-១ កាលពីចុងសប្ដាហ៍កន្លងទៅ ក្រោមការដឹកនាំរបស់លោក Conor Nestor មុនត្រឡប់មកមាតុភូមិវិញ ដើម្បីត្រៀមបើកទ្វារទទួលក្រុម Master 7 FC ក្នុងវគ្គជម្រុះពាន AFC Cup 2020 នាពេលឆាប់ៗខាងមុខ។

គួរដឹងថា ការចេញទៅបោះជំរំរយៈពេល ១សប្ដាហ៍របស់ក្រុមព្រះខ័នរាជស្វាយរៀង នៅប្រទេសម៉ាឡេស៊ី ដើម្បីត្រៀមរដូវកាលថ្មី នៃលីគកំពូលកម្ពុជាផង និងត្រៀមប្រកួតជម្រុះពានរង្វាន់ AFC Cup 2020 ផងដែរ ជាក់ស្ដែងក្រោយបញ្ចប់កម្មវិធី Pre-Season ខាងលើ ស្វាយរៀង នឹងត្រូវបើកទ្វារពហុកីឡដ្ឋានជាតិ ដើម្បីទទួលក្រុម Master 7 FC ក្នុងជើងទី១ នាថ្ងៃទី២២-មករា មុនត្រឡប់ទៅប្រកួតកាត់សេចក្ដីជើងទី២ នាថ្ងៃទី២៩-មករា នៅប្រទេសឡាវវិញ៕

 

រូបភាព៖ Preah Khan Reach Svay Rieng FC | Terengganu FC

អត្ថបទ៖ បុត្រា

មតិយោបល់