អ៊ុំ វិចិត្រ មិនច្បាស់ថាខ្លួនអាចជាអ្នកចាំទីជម្រើសទី១ សម្រាប់ភ្នំពេញក្រោន

មាស សុផាណារ៉ុង January 13, 2020


 

ភ្នំពេញ៖ លោក ស៊ុំ វណ្ណា នៅមិនទាន់បង្ហើបឱ្យដឹងថាអ្នកណានឹងក្លាយជាអ្នកចាំទីជម្រើសដំបូងរបស់ក្លឹបភ្នំពេញក្រោន នោះទេ ហើយកីឡាករចំណូលថ្មី អ៊ុំ វិចិត្រ បាននិយាយថាខ្លួនត្រូវតែប្រជែងដើម្បីជម្រើស ១១នាក់ដំបូងនៅដូវកាលថ្មីនេះ។

គ្រូបណ្ដោះអាសន្នភ្នំពេញក្រោន សង្ឃឹមថាអតីតអ្នកចាំទីក្រសួងការពារជាតិ ដែលមានបទពិសោធច្រើនទាំងក្លឹប និងក្រុមជម្រើសជាតិ នឹងក្លាយជាចម្លើយចំពោះបញ្ហាអ្នកចាំទីរបស់ខ្លួន។

វិចិត្រ នឹងត្រូវប្រកួតប្រជែងជាមួយអ្នកចាំទីវ័យក្មេង ដូចជា សាវែង សំណាង និងគង់ ចាន់វុទ្ធី ដើម្បីឈានទៅរកជម្រើស ១១នាក់ដំបូង ប៉ុន្តែអានិយាយបានថារូបគេ នឹងមានភាគរយច្រើនជាងដោយសារបទពិសោធន៍ និងគុណភាព។

អ៊ុំ វិចិត្រ បានប្រាប់ camsports.org ថា៖ «ខ្ញុំជាអ្នកចំណូលថ្មីរបស់ក្រុម ហើយជាការពិតខ្ញុំត្រូវការពេលវេលាដើម្បីសម្របខ្លួន និងរៀនសូត្រពីមិត្តរួមក្រុមរបស់ខ្ញុំ។»

«យើងមានកីឡាករក្មេងៗដែលមានទេពកោសល្យជាច្រើន ហើយសម្រាប់ខ្ញុំ ខ្ញុំនឹងប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីជួយក្រុម ឲ្យទទួលបានជោគជ័យនៅរដូវកាលនេះ ប៉ុន្តែខ្ញុំមិនប្រាកដ ១០០ភាគរយថាយើងនឹងឈ្នះលីគឡើយ។» វិចិត្រ បន្ត។

កីឡាករដែលធ្លាប់គ្រូអ្នកចាំទីក្រុម U-22 កម្ពុជា កាលពីពេលថ្មីៗនេះបានបន្តទៀតថា៖ «គ្រូបង្វឹករូបនេះមិនទាន់សម្រេចថានរណានឹងក្លាយជាអ្នកចាំទីជម្រើសទី១ របស់ក្រុមនៅឡើយទេ។ ពិតណាស់ ខ្ញុំមានអារម្មណ៍ថាមានសម្ពាធ ប៉ុន្តែមិនមែនជាសម្ពាធធំនោះទេ។ ពួកគេជាអ្នកចាំទីវ័យក្មេង ប៉ុន្តែពួកគេបានរៀនពីកំហុសរបស់ពួកគេដើម្បីកែលម្អ។ ពួកគេធ្វើការខ្លាំងរាល់ថ្ងៃ។»

«ខ្ញុំជាអ្នកចាំទីដែលមានបទពិសោធន៍ ហើយប្រាកដណាស់ ខ្ញុំនឹងចែករំលែកបទពិសោធន៍របស់ខ្ញុំជាមួយពួកគេ។ ខ្ញុំមិនត្រឹមតែជាអ្នកចាំទីប៉ុណ្ណោះទេ ប៉ុន្តែខ្ញុំក៏ជាអ្នកណែនាំសម្រាប់កីឡាករវ័យក្មេងផងដែរ។ វាមិនមែនជាការងាយស្រួលទេក្នុងការក្លាយជាអ្នកចាំទី។ អ្នកត្រូវរៀន និងភ្ជាប់ទំនាក់ទំនងល្អជាមួយខ្សែការពារ។»

និយាយអំពីមហិច្ឆតាចង់ឈ្នះជើងឯក អ៊ុំ វិចិត្រ បន្តទៀតថា៖ «ក្លឹបធំៗ ទាំងអស់មានគោលបំណងដណ្តើមពានរង្វាន់ ប៉ុន្តែដូចដែលអ្នកបានដឹងហើយថាយើងមានកីឡាករវ័យក្មេងជាច្រើន ដូច្នេះវាមិនងាយស្រួលនោះទេ។ យើងទាំងអស់គ្នានៅក្នុងក្លឹបបានខិតខំធ្វើការយ៉ាងខ្លាំង ហើយសង្ឃឹមថាយើងអាចនាំយកពាននេះត្រឡប់មកកាន់ក្លឹបបនេះវិញ»។

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់