ភ្នំពេញក្រោន នឹងប្រកួតកាត់សេចក្ដី ជាមួយ Kedah ដើម្បីប្រជែងពាន Smart RSN Cup

មាស សុផាណារ៉ុង January 13, 2020


 

ភ្នំពេញ៖ ការប្រកួតដណ្ដើមពានរង្វាន់មិត្តភាពអន្តរជាតិ Smart RSN Cup 2020 ដែលចាប់ផ្តើមប្រកួតកាលពីថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ២០២០ ត្រូវបានកំណត់រកឃើញក្រុម ២ប្រជែងពានហើយ គឺរវាងម្ចាស់ផ្ទះ ភ្នំពេញក្រោន ជាមួយ ក្រុមមកពីម៉ាឡេស៊ី Kedah FA បន្ទាប់ពីអង្គរថាយហ្គឺរ បានខកខានមិនអាចរកពិន្ទុបានពីការប្រកួត ២លើករបស់ខ្លួន។

អង្គរថាយហ្គឺរ អស់ឱកាសប្រជែងពាននេះ គឺបន្ទាប់ពីចាញ់នៅ ២ប្រកួតដំបូងរបស់ខ្លួន ពោលគឺចាញ់ ភ្នំពេញក្រោន ២ទល់១ កាលពីថ្ងៃទី១០ និងចុងក្រោយចាញ់ Kedah FA ០ទល់១ កាលពីថ្ងៃទី១២ ដែលបានសេចក្ដីថា មិនអាចរកពិន្ទុបានឡើយ។

សម្រាប់ភ្នំពេញក្រោន ដែលឈ្នះ អង្គរថាយហ្គឺរ ២ទល់១ នោះ បានសេចក្ដីថា រកបាន ៣ពិន្ទុ ជាមួយ ស្របពេលដែល Kedah FA ដែលឈ្នះ អង្គរថាយហ្គឺរ ០ទល់១ ផងដែរនោះ រកបាន ៣ពិន្ទុដូចគ្នា ដូច្នេះការប្រកួតចុងក្រោយនៅថ្ងៃទី១៤ ខែមករា ស្អែកនេះ គឺជាការប្រកួតកាត់សេចក្ដីរកក្រុមជើងឯកពានរង្វាន់មិត្តភាពអន្តរជាតិ Smart RSN Cup 2020 ជាលើកដំបូង ក្នុងឆ្នាំ២០២០។

គួររំលឹកថា ក្រុមចូលរួមចំនួន៣ ក្នុងពានរង្វាន់នេះមាន ភ្នំពេញក្រោន ( ម្ចាស់ផ្ទះ ) និងអង្គរថាយហ្គឺរ របស់លីគកំពូលកម្ពុជា និងក្រុមដែលកំពុងមកកម្ពុជា ក្នុងដំណើរប្រកួតអន្តរជាតិក្រៅប្រទេស ( Pre Season ) ក្លឹប Kedah FA របស់លីគកំពូលម៉ាឡេស៊ី។

ចំពោះរូបមន្តប្រកួតនឹងប្រើប្រាស់ head-to-head ស្របពេលក្រុមមានពិន្ទុខ្ពស់ជាងគេនឹងក្លាយជាម្ចាស់ជើងឯកនៃពានរង្វាន់ Smart RSN Cup 2020 តែម្តង៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់