ម្ចាស់កីឡដ្ឋាន SRU រៀបចំពាន Siem Reap Super Asia Cup ព្រោះបំណង ២យ៉ាង

មាស សុផាណារ៉ុង January 12, 2020


 

សៀមរាប៖ ក្លិបកីឡាបាល់ទាត់សៀមរាបយូណាយធីត បានសហការជាមួយក្រុមហ៊ុនម៉ាឡេស៊ី Bolabros និង Karki Jersi នឹងរៀបចំពានរង្វាន់មិត្តភាពអន្ដរជាតិ Siem Reap Super Asia Cup 2020 នៅកីឡដ្ឋាន SRU ខេត្តសៀមរាប នៅថ្ងៃទី២៣-២៦ ខែមករាខាងមុខ ដោយមាន ៤ក្លឹបមកពី ៣ប្រទេសចូលរួម គឺក្លឹប Petaling Jaya City មកពីលីគកំពូលម៉ាឡេស៊ី និងក្លឹប Bhayangkara FC មកពីលីគកំពូលឥណ្ឌូនេស៊ី រួមទាំងក្រុមម្ចាស់ទឹកដី ៣ក្រុម គឺក្លឹបអង្គរថាយហ្គឺរ និងវិសាខា។

លោក ប៊ួយ ដារី អ្នកចាត់ការទូទៅក្លឹបសៀមរាបយូណាយធីត និងកីឡដ្ឋាន SRU អះអាងថា ការរៀបចំពានរង្វាន់មិត្តភាពអន្ដរជាតិនេះ គឺធ្វើឡើងក្នុងគោលបំណងសំខាន់ៗ ២យ៉ាង ទី១-ជាការធ្វើតេស្ដទីលាន និងទី២-ជាការសាកល្បងការរៀបចំរបស់ខ្លួន ក្នុងការរៀបចំព្រឹត្តិការណ៍ធំបែបនេះ។ តែយ៉ាងលោកសង្ឃឹមថា ការរៀបចំពានអន្ដរជាតិលើកដំបូង លើទីលានថ្មីស្រឡាងនេះ នឹងទទួលបានការគាំទ្រច្រើនពីមហាជន ពិសេសអ្នកគាំទ្ររបស់ក្លឹបអង្គរថាយហ្គឺរ ដែលមានមូលដ្ឋាននៅខេត្តសៀមរាបស្រាប់។

លោកបន្ដថា៖ «យើងរៀបចំព្រឹត្តិការណ៍នេះឡើង ដោយសារកីឡដ្ឋានយើង ទើបតែចាប់ផ្ដើមធ្វើ ដែលនេះជាឱកាសមួយ ហើយម្យ៉ាងកីឡដ្ឋានរបស់យើង នឹងទទួលក្រុមពីរ នៅលីគកំពូលកម្ពុជា គឺអង្គរថាយហ្គឺរ និងសូលទីឡូអង្គរ ។ ដូច្នេះយើងចង់តេស្ដទីលាន និងការរៀបចំរបស់យើង ហើយយើងពិតជាមានមោទកភាពដែលយើងអាចរៀបចំព្រឹត្តិការណ៍អន្តរជាតិនេះ ។ យើងសង្ឃឹមលើទស្សនិកជន នៅខេត្តសៀមរាប ដោយសារសៀមរាប ជាខេត្តមួយមានទស្សនិកជនផុលផុសក្នុងបាល់ទាត់ ជាពិសេសអង្គរថាយហ្គឺរជាប់ជាក្រុមមានទស្សនិកជនច្រើនជាងគេបំផុតពីរឆ្នាំជាប់គ្នា»។

អ្នកចាត់ការទូទៅក្លឹបពាក់កណ្ដាលអាជីពសៀមរាបយូណាយធីតដដែលបន្ដថា៖ «ដោយសារតែនេះជាលើកទីមួយ តែយើងនឹងព្យាយាមធ្វើឲ្យព្រឹត្តិការណ៍នេះពិសេស ហើយពេលខាងមុខ ក៏កាន់តែពិសេសជាងនេះ ការផ្សព្វផ្សាយកាន់តែទូលំទូលាយជាងហ្នឹងអ៊ីចឹងទៅ។ ប៉ុន្តែការធ្វើទៅបាន គឺដោយសារអ្នកគាំទ្រ និងម្ចាស់ឧបត្ថម្ភ។ យើងរីករាយសហការជាមួយអ្នកឧបត្ថម្ភ ដើម្បីឲ្យកាន់តែច្រើនថែមទៀត។»

ចំពោះកម្មវិធីប្រកួតពានមិត្តភាពអន្ដរជាតិខាងលើវិញ បន្ទាប់ពីធ្វើការចាប់ពូល កាលពីម្សិលមិញ គឺអង្គរថាយហ្គឺរ ត្រូវជួបក្រុម Petaling Jaya City នាទី២៣-មករា ហើយវិសាខា ត្រូវប៉ះ Bhayangkara FC នាថ្ងៃទី២៤-មករា។ ចំពោះក្រុមឈ្នះ នឹងឡើងប៉ះគ្នាយកជើងឯក នាថ្ងៃទី២៦-មករា ខណៈក្រុមចាញ់ ត្រូវជួបគ្នាដណ្ដើមលេខ៣ នាថ្ងៃទី២៥-មករា។ ការប្រកួតនេះ បើស្មើគ្នានឹងទាត់បាល់ ១១ម៉ែត្រកាត់សេចក្ដី មិនមានការបន្ថែមម៉ោង ១៥នាទី ២ដងនោះទេ។

ការប្រកួតនេះ នឹងចាប់ផ្ដើមនាវេលាម៉ោង ៤ល្ងាចដូចគ្នា ដោយប្រើកីឡដ្ឋាន SRU តែមួយគត់។ ហើយពាននេះ មានលក់សំបុត្រ ២ប្រភេទ ទី១-តម្លៃ ៤,០០០រៀលសម្រាប់កន្លែងគ្មានដំបូល តែបើសិនទិញសរុបសម្រាប់ ៤ប្រកួត គឺនៅសល់តម្លៃត្រឹម ១២,០០០រៀលប៉ុណ្ណោះ ។ ទី២-តម្លៃ ១០,០០០រៀលសម្រាប់កន្លែងមានដំបូល តែករណីទិញទុកទាំង ៤ប្រកួត គឺចំណាយត្រឹម ៣០,០០០រៀលប៉ុណ្ណោះ៕

 

រូបភាព៖ ផ្ដល់ឲ្យ

អត្ថបទ៖ បុត្រា

មតិយោបល់