ប្រត្តិកម្មរបស់ លោក Conor Nestor ក្រោយអតីតជំនួយការរបស់ខ្លួន ទទួលបានដំណែងជាគ្រូបង្គោលវិសាខា

មាស សុផាណារ៉ុង January 11, 2020


 

ភ្នំពេញ៖ លោក Colum Curtis អតីតជំនួយការគ្រូបង្វឹកនៃក្លឹបព្រះខ័នរាជស្វាយរៀង ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីរបស់ ក្លឹបបាល់ទាត់វិសាខា កាលពីម្សិលមិញ ខណៈលោក Conor Nestor រីករាយដែលបានឃើញជំនួយការរបស់លោក ទទួលបានការងារដ៏ធំមួយនៅក្លឹបដែលមានឥទ្ធិពលមួយក្នុងលីគកំពូលកម្ពុជា។

ម្ចាស់ជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០១៩ បានកោតសរសើរអតីតមិត្តរួមការងាររបស់ខ្លួនចំពោះគុណភាពបង្វឹក ប៉ុន្តែក៏រំពឹងថាវានឹងក្លាយជាសម្ពាធសម្រាប់ លោក Colum Curtis ដែលនឹងត្រូវប្រឈម ក្នុងនាមជាគ្រូបង្វឹកនៃក្លឹបចំណាយច្រើន ( វិសាខា ) ដែលគួរតែកំពុងផ្ដោតយកការចិត្តទុកដាក់ខ្ពស់ក្នុងការឈ្នះលីគ រដូវកាលនេះ។

លោក Conor Nestor បានប្រាប់សារព័ត៌មាន camsports.org ថា៖ «និយាយលក្ខណៈផ្ទាល់ខ្លួន ខ្ញុំពិតជារីករាយណាស់សម្រាប់ Colum ព្រោះវាជាឱកាសដ៏ធំមួយសម្រាប់គាត់។ ក្នុងកម្រិតអាជីព ជាការពិត ខ្ញុំសុំទោសដែលយើងបាត់បង់គាត់ ប៉ុន្តែនេះគឺជាបាល់ទាត់ ហើយខ្ញុំទន្ទឹងរងចាំជួបគាត់។»

«ខ្ញុំគិតថាគ្រូបង្វឹកដែលមានសមត្ថភាព គឺគ្រូបង្វឹកម្នាក់ដែលមានការគាំទ្រពីថ្នាក់ដឹកនាំ ហើយអ្នកអាចមើលឃើញពីរដូវកាល២០១៨ ដែលខ្ញុំជាគ្រូបង្វឹកសំណាងជាមួយថ្នាក់ដឹកនាំរបស់ខ្ញុំ។ គ្រូបង្វឹកដែលមានសមត្ថភាព ក៏ជាគ្រូបង្វឹកដែលមានកីឡាករឆ្នើម ហើយនៅឆ្នាំ២០១៩ ដែលអាចនិយាយបានថាជារូបខ្ញុំ ដូច្នេះនៅឆ្នាំ២០២០ ចាំមើលបន្តទៀត។» លោក Conor Nestor បន្ថែម។

គ្រូបង្វឹកសញ្ជាតិអៀរឡង់រូបនេះបន្តទៀតថា៖ «Colum នឹងទទួលបានជោគជ័យ ពីព្រោះគាត់ជាគ្រូបង្វឹកដែលមានគុណសម្បតិ្តល្អ ហើយវាពិតជាសំខាន់ណាស់ ព្រោះការបង្វឹកសំខាន់គឺការទុកចិត្ត។ គាត់ក៏ជាគ្រូបង្វឹកដែលមានចំណេះដឹង និងជំនាញច្រើន ប៉ុន្តែដូចខ្ញុំបាននិយាយថាគ្រូបង្វឹកម្នាក់គឺល្អ ដោយសារមានហេដ្ឋារចនាសម្ពន្ធ័អំណោយផលនៅជុំវិញគាត់ ហើយសម្រាប់វិសាខា ត្រូវប្រហែលជាមានសម្ពាធច្រើនទៅលើថ្នាក់ដឹកនាំក្លឹប ព្រោះនេះជារដូវកាលទី៣ របស់ពួកគេក្នុងនាមជាក្រុមដែលចំណាយធំបំផុត ហើយជាមួយនឹងការរំពឹងទុកខ្ពស់។»

និយាយពីអារម្មណ៍ជាមួយ Colum Curtis គ្រូបង្វឹកដែលរួមសញ្ជាតិដូចគ្នានេះ លើកឡើងថា៖ «អារម្មណ៍របស់ខ្ញុំចំពោះ Colum គឺជាមិត្តភក្តិ និងជាបុរសម្នាក់ទំនងជាមិនផ្លាស់ប្តូរទេ។ គាត់ដឹងថាខ្ញុំឱ្យតម្លៃគាត់ប៉ុណ្ណា។ ក្នុងនាមជាគូប្រជែង វាជារឿងសាមញ្ញ ហើយរាល់ពេលដែលក្រុមរបស់ខ្ញុំលេងជាមួយក្រុមរបស់គាត់ ខ្ញុំចង់យកឈ្នះគាត់ ពីព្រោះនោះជាតួនាទីចាំបាច់របស់ខ្ញុំ នោះជាអ្វីដែលកីឡាករដែលខ្ញុំបង្វឹកទាមទារ ហើយនោះជាអ្វីដែលអ្នកគាំទ្រយើងសមនឹងទទួលបាន។»

សូមបញ្ជាក់ថានៅយប់ថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ២០២០ វិសាខា បានប្រកាសតែងតាំងគ្រូបង្គោលថ្មី គឺលោក Colum Curtis ជាផ្លូវការ ដែលអតីតគ្រូជំនួយក្រុមព្រះខ័នរាជស្វាយរៀង លើកិច្ចសន្យាយរយៈពេល ២ឆ្នាំ៕

 

រូបភាព៖ Hun Sen Cup – ពានរង្វាន់សម្តេច ហ៊ុន សែន

អត្ថបទ៖ សុភ័ក្ត្រ

មតិយោបល់