វិសាខា តែងតាំងអតីតគ្រូជំនួយព្រះខ័នរាជស្វាយរៀង ជាគ្រូបង្គោលរបស់ខ្លួនត្រៀមរដូវកាលថ្មី ជាផ្លូវការ

មាស សុផាណារ៉ុង January 10, 2020


 

ភ្នំពេញ៖ ក្រុមវិសាខា បានប្រកាសតែងតាំងគ្រូបង្គោលថ្មីជាផ្លូវការហើយ គឺលោក Colum Curtis អតីតគ្រូជំនួយក្រុមព្រះខ័នរាជស្វាយរៀង។ នេះបើយោងតាមការប្រកាសលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន នៅយប់ថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ២០២០ នេះ។

បុរសជនជាតិអៀរឡង់ខាងលើ ត្រូវបានគេស្គាល់ បន្ទាប់ពីលោកបានរួមចំណែកជាមួយក្រុមការងារគ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀងរយៈពេលជិត ៣ខែ កាលពីពាក់កណ្ដាលរដូវកាល ២០១៩ មុនភាគីទាំងពីរ បានប្រកាសចែកផ្លូវគ្នា កាលពីខែវិច្ឆិកា កន្លងទៅ ។

លោក Colum គឺជាគ្រូបង្វឹកកាន់អាជ្ញាប័ណ្ណកម្រិត A ដែលទទួលស្គាល់ដោយសហព័ន្ធបាល់ទាត់អឺរ៉ុប ( UEFA ) និងធ្លាប់មានបទពិសោធន៍ធ្វើគ្រូបង្វឹកក្លឹបមួយចំនួន នាប្រទេសអៀរឡង់ខាងជើង សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន មុនលោកធ្វើដំណើរមកប្រកបអាជីពនៅកម្ពុជា ។

គួរដឹងថា កាលពីរដូវកាលមុន វិសាខា បានអវត្តមានគ្រូបង្គោលពាក់កណ្ដាលទី បន្ទាប់ពីចែកផ្លូវជាមួយលោក ហុក សុជីវ័ន ហើយបានតែងតាំងលោក Akeeb Tunji Ayoyinka ជាគ្រូបង្វឹកស្ដីទី រហូតចប់រដូវកាល ដោយទទួលបានជើងឯករងក្នុងក្របខណ្ឌលីគកំពូលកម្ពុជា និងទទួលបានចំណាត់ថ្នាក់លេខ៣ នៃពានរង្វាន់ Hun Sen Cup 2019។

ចំពោះប្រវត្តិខ្លះៗរបស់គ្រូថ្មីវិសាខា កាលពីក្មេង Colum ធ្លាប់ចំណាយពេល ៥ឆ្នាំជាមួយក្រុមថ្នាល Manchester United ប្រចាំប្រទេសរបស់ខ្លួន នាទីក្រុង Belfast និងធ្លាប់ជាប់ជម្រើសជាតិ U18 អៀរឡង់ខាងជើង ។ ក្រោយវិវត្តន៍ខ្លួនក្លាយជាគ្រូ លោកក៏បានបង្ហាត់ក្រុមយុវជន នៅសាលាជាច្រើន ដែលមានទំនាក់ទំនងជាមួយក្លឹបល្បីនៅអង់គ្លេសដូចជា Sunderland, QPR និង Brentford ហើយបានបង្វឹកកីឡាករ ដែលបានចូលរួមជាបន្តបន្ទាប់ក្នុងក្រុមយុវជន Manchester United, Liverpool និង Sunderland ទៀតផង៕

 

រូបភាព៖ វិសាខា – Visakha Football Club

អត្ថបទ៖ បុត្រា

មតិយោបល់