ឆ្នាំ២០២០ កម្ពុជា មានអាជ្ញាកណ្ដាលកម្រិតពិភពលោក (FIFA) ៩នាក់

មាស សុផាណារ៉ុង January 10, 2020


 

ស្វីស៖ សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក ហៅ​កាត់​ថា ( FIFA ) កាលពីពេលថ្មីៗនេះ បានធ្វើការ​បង្ហាញ​ជា​ផ្លូវការ​នូវ​បញ្ជី​ឈ្មោះ​មន្ត្រី​អាជ្ញាកណ្ដាល និង​មន្ត្រី​ជំនួយ​របស់​ប្រទេស​ជា​សមាជិក ដែល​ទទួលស្គាល់​ដោយ FIFA ក្នុង​ឆ្នាំ២០២០ ដើម្បី​ត្រៀម​បំពេញភារកិច្ច​ក្នុង​ឆ្នាំ​នេះ ដោយ​ក្នុង​នោះ​កម្ពុជា មាន​សមាសភាព​អាជ្ញាកណ្ដាល ៩​រូប​ ផងដែរ។​

អាជ្ញាកណ្ដាលកម្រិត FIFA មានស្លាកសញ្ញា (FIFA) នៅលើអាវ

​យោងតាមការបញ្ជាក់នៅលើវិបសាយផ្លូវការរបស់ fifa.com មន្ត្រី​អាជ្ញាកណ្ដាល​ទាំង ៩​រូប​នោះ​រួមមាន ​មន្ត្រី​អាជ្ញាកណ្ដាល​កាត់​សេចក្តី ( Referee ) ៣​រូប គឺលោក ជី សាម​ឌី​, លោក ឃួន វីរៈ និង​លោក លឹម ប៊ុនធឿន។ ដោយឡែកសម្រាប់​មន្ត្រី​ជំនួយការ​អាជ្ញាកណ្តាល ( Assistant Referee ) មាន​៥​រូប ​រួមមាន លោក ចេង ច័ន្ទដារ៉ា​, លោក គឹម​ស៊ី ពិសាល​, លោក សៀន សុភ័ក្ត្រ​, លោក សុន ច័ន្ទ​ភា​រិ​ទ្ធិ និង​លោក ស៊ុន ដារ៉ាវុធ ខណៈលោក សន វី​ហ្ស៊ែ​ល ជា​មន្ត្រី​អាជ្ញាកណ្ដាល​បាល់ទាត់​ក្នុង​សាល ( Futsal Referee )។​​

ក្នុងចំណោមអាជ្ញាកណ្ដាលទាំង ៩រូបនេះមាន ២រូបទើបតែទទួលបានក្នុង​ការ​ទទួលស្គាល់​ដោយ FIFA ពោលគឺ លោក សៀន សុភ័ក្ត្រ​ ទទួលបានការទទួលស្គាល់ជាថ្មី បន្ទាប់ពីលោកធ្លាប់បានកាលពីឆ្នាំ២០១៥ ហើយខកខានដោយសារមានបញ្ហារបួសផ្ទាល់ខ្លួន ស្របពេលដែលលោក សន វី​ហ្ស៊ែ​ល ទទួលបានការទទួលជាលើកដំបូង។

លោក សៀន សុភ័ក្ត្រ​ កាលពីឆ្នាំ២០១៥ ( រូបភាព៖ Sovanna Kem )

បញ្ជាក់ថា ការ​ទទួល​ស្គាល់​ដោយ FIFA សម្រាប់​មន្ត្រី​អាជ្ញាកណ្ដាល​ខាងលើនេះ គឺ​មានន័យថា ពួកគាត់​មាន​អាទិភាព​ក្នុងការ​ជ្រើសរើស​ជា​មន្ត្រី​សម្រាប់​បម្រើការ​ដល់​ការប្រកួត​លក្ខណៈ​អន្តរជាតិ​ដែល​រៀបចំឡើង​ដោយ សហព័ន្ធ​បាល់ទាត់​អាស៊ាន​, អាស៊ី ឬពិភពលោក៕

 

អត្ថបទ៖ ណារ៉ុង​

មតិយោបល់