វិសាខា ជាក្លឹបទី២ របស់កម្ពុជាចេញទៅបោះជំរំហ្វឹកហាត់ក្រៅស្រុកត្រៀមរដូវកាលថ្មី

មាស សុផាណារ៉ុង January 10, 2020


 

ភ្នំពេញ៖ ក្រុមជើងឯករងវិសាខា បានបន្ដចេញទៅបោះជំរំហ្វឹកហាត់ នៅប្រទេសថៃ ដើម្បីត្រៀមរដូវកាលថ្មី ឆ្នាំ២០២០ ខណៈកាលពីឆ្នាំមុន ពួកគេក៏បានទៅបោះជំរំនៅទីនោះដែរ។

វិសាខាបានក្លាយជាក្លឹបសមាជិកលីគកំពូលកម្ពុជាទី២ ដែលបានចេញទៅបោះជំរំហ្វឹកហាត់ក្រៅស្រុក សម្រាប់ពង្រឹងសមត្ថភាពក្រុមត្រៀមរដូវកាលថ្មី បន្ទាប់ពីក្លឹបព្រះខ័នរាជស្វាយរៀង ដែលកំពុងសម្ងំហ្វឹកហាត់ នៅប្រទេសម៉ាឡេស៊ី ដើម្បីត្រៀមការពារតំណែងជើងឯក ក៏ដូចជាត្រៀមប្រកួតជម្រុះពាន AFC Cup 2020 ចុងខែនេះ។

យោងតាមសេចក្ដីប្រកាសរបស់ក្លឹបមានមូលដ្ឋាននៅហ្គ្រេនភ្នំពេញនេះ បានបញ្ជាក់ថា ក្នុងកម្មវិធី Pre-Season លើទឹកដីថៃនេះ ពួកគេក៏នឹងមានការប្រកួតមិត្តភាពអន្ដរជាតិ ៣ប្រកួតផងដែរ រួមមានប៉ះក្រុម Bangkok FC ( សមាជិកលីគទី៣ ) នាថ្ងៃទី១១-មករា, ជួបក្រុម BG Pathum United FC ( សមាជិកលីគកំពូល ) នាថ្ងៃទី១៥-មករា និងចុងក្រោយជួបក្រុម Ayutthaya United FC ( សមាជិកលីគទី២ ) នាថ្ងៃទី១៨ ខែមករា។

ក្រុម Bangkok FC

ក្រុម BG Pathum United

ក្រុម Ayutthaya United FC

គួរដឹងថា ក្រៅពីវិសាខា បឹងកេត ក៏នឹងត្រៀមចូលរួមប្រកួតពានមិត្តភាពដែលមានឈ្មោះថា Edy Rahmayadi Cup 2020 នៅប្រទេសឥណ្ឌូនេស៊ី ផងដែរ ដោយមានប្រទេចំនួន ៣ចូលរួម រួមមានបឹងកេត តំណាងកម្ពុជា, Penang និង Felda United តំណាងម៉ាឡេស៊ី ស្របពេលម្ចាស់ផ្ទះឥណ្ឌូនេស៊ី ទទួលដោយក្រុម PSMS Medan និងធ្វើការប្រកួតនៅថ្ងៃទី១៦-១៨ ខែមករា ឆ្នាំ២០២០។

ដោយឡែកអតីតក្រុមជើងឯក ៦សម័យកាលភ្នំពេញក្រោន ក៏ត្រៀមចេញទៅប្រកួតមិត្តភាពអន្ដរជាតិ LEO Pre-Season Cup 2020 នៅប្រទេសថៃ ដើម្បីពង្រឹងសមត្ថភាពត្រៀមរដូវកាលថ្មីដែរ ក្រោយទទួលបានការអញ្ជើញពីម្ចាស់កម្មវិធី ដោយក្រុមសិង្ហក្រហមនេះ ត្រូវឈរចាំការប្រកួតរវាងក្រុមចំនួន៣ នៅវគ្គ ៨ក្រុមចុងក្រោយ រួមមានក្រុម Chainat FC, Chiangmai FC និងក្រុម Chiangrai United។ ចំពោះការប្រកួត នឹងចាប់ផ្ដើមពីថ្ងៃទី១៨-មករា ដល់ថ្ងៃទី០៤-កុម្ភៈ ដោយមានក្រុមចូលរួមសរុប ១៦ក្លឹប៕

 

រូបភាព៖ វិសាខា – Visakha Football Club

អត្ថបទ៖ បុត្រា

មតិយោបល់