ឈ្នះក្រុម Selangor ៤-០ ប៉ុន្តែលោក Conor Nestor ថាមិនផ្ដោតលើលទ្ធផលខ្លាំងពេកនោះទេ

មាស សុផាណារ៉ុង January 9, 2020


 

គូឡាឡាំពួរ៖ លោក Conor Nestor បានសម្ដែងការពេញចិត្ត ចំពោះជ័យជម្នះ ៤-០ លើក្រុមលេខ៣ នៃលីគកំពូលម៉ាឡេស៊ី Selangor FA កាលពីយប់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ ប៉ុន្តែក៏មិនផ្ដោតលើលទ្ធផលជាធំ។

មានយោបល់ពីប្រទេសម៉ាឡេស៊ី លោក Conor Nestor បានសង្គត់ធ្ងន់ថា៖ «វាគឺជាការសាកល្បងដ៏ល្អជាមួយក្រុមលេខ៣ នៃលីគម៉ាឡេស៊ី កាលពីរដូវកាលមុន ហើយក៏ជាក្រុមដែលបាននាំចូលសមាជិកជម្រើសជាតិម៉ាឡេស៊ី ច្រើនកាលពីរដូវកាលមុនដូចគ្នា។» 

«វាជារឿងដ៏ល្អដែលយើងឈ្នះ រក្សាសំណាញ់ទីមិនឲ្យរបូតគ្រាប់បាល់ ហើយនឹងរកក្រាប់បាល់បាន ៤គ្រាប់ ប៉ុន្តែអ្វីដែលសំខាន់នៅក្នុង ដំណើរប្រកួតបោះជំរំហ្វឹកហាត់បែបនេះ គ្រប់គ្នាមានសុខភាពល្អ និងមិនមានបញ្ហារបួស។ យើងមិនផ្ដោតលើលទ្ធផលខ្លាំងពេកនោះទេ អ្វីដែលយើងផ្ដោតគឺការបង្ហាញទម្រង់លេងបានល្អ និងរក្សារាងកាយបានល្អ។» គ្រូបង្វឹកសញ្ជាតិអៀរឡង់ បានបន្ថែម។

គួរដឹងថា កាលពីល្ងាចថ្ងៃទី០៨ ខែមករា ក្រុមព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុម Selangor FA ដោយលទ្ធផល ៤-០ ក្នុងជំនួបមិត្តភាពអន្ដរជាតិ នៃកម្មវិធី Malaysia Pre-Season Tour 2020។ ចំពោះ ៤គ្រាប់របស់ក្រុមជើងឯកលីគកំពូលកម្ពុជា ធ្វើសម្រេចដោយកីឡាករ ប្រាក់ មុន្នីឧត្តម, Privat, ហ៊ួយ ផល្លីន និង សារ៉េត គ្រីយ៉ា រកបានម្នាក់ ១គ្រាប់។

សូមបញ្ជាក់ថា កម្មវិធី Pre-Season Tour របស់ក្រុមព្រះខ័នរាជស្វាយរៀង នៅលើទឹកដីម៉ាឡេស៊ី គឺត្រូវជួបក្រុមម្ចាស់ផ្ទះ ៣ប្រកួត ពោលគឺក្រោយជួបក្រុមលេខ៣ នៃលីគកំពូលម៉ាឡេស៊ី ពួកគេនឹងបន្ដជួបក្រុម Felda United នាថ្ងៃទី១១-មករា និងចុងក្រោយជួបអតីតក្លិបចាស់របស់កីឡាករជម្រើសជាតិកម្ពុជា ធារី ចន្ថាប៊ីន គឺក្រុម Terengganu FA នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ ដើម្បីត្រៀមប្រកួតជម្រុះពាន AFC Cup 2020 ដោយត្រូវជួបក្រុមក្រុមឡាវ Master 7 FC ជើងទី១ នៅថ្ងៃទី២២-មករា នៅពហុកីឡដ្ឋានជាតិ និងជើងទី២ ប្រកួតថ្ងៃទី២៩-មករា នៅទឹកដីឡាវ៕

 

អត្ថបទ៖ បុត្រា

មតិយោបល់