ឃួន ឡាបូរ៉ាវី កំណត់គោលដៅក្រោយចូលនិវត្តន៍ពីបាល់ទាត់

មាស សុផាណារ៉ុង January 9, 2020


 

ភ្នំពេញ៖ ឃួន ឡាបូរ៉ាវី បានកំណត់ពីការចូលនិវត្តន៍ពីអាជីពជាកីឡាករបាល់ទាត់ ប៉ុន្តែអាជីពបន្ទាប់របស់កីឡាកររូបនេះ នឹងមិនទៅណាឆ្ងាយពីបាល់ទាត់ទេដោយសាររូបគេ មានការប្តេជ្ញាចិត្តធ្វើជាគ្រូបង្វឹក។

អតីតខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជារូបនេះ ទទួលបានសញ្ញាបត្រគ្រូបង្វឹក C-license ខណៈបច្ចុប្បន្នគេកំពុងធ្វើការជាជំនួយការ នាយបច្ចេកទេសប្រចាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងជាគ្រូបង្វឹកក្រុមយុវជនបឹងកេត អាយុក្រោម ១៥ឆ្នាំ ផងដែរ។

កីឡាករវ័យ ៣១ឆ្នាំរូបនេះជឿជាក់ថាគេ នឹងមានអាជីពបាល់ទាត់ដ៏អស្ចារ្យ ខណៈធ្លាប់បានឈ្នះពានរង្វាន់ជាច្រើនជាមួយបឹងកេត និងព្រះខ័នរាជស្វាយរៀង ក្នុងពានរង្វាន់លីគកំពូលកម្ពុជា និងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន។

ឃួន ឡាបូរ៉ាវី បានប្រាប់គេហទំព័រ camsports.org ថា៖ «គ្រូបង្វឹក គឺជាគោលដៅរបស់ខ្ញុំ បន្ទាប់ពីខ្ញុំចូលនិវត្តន៍ ប៉ុន្តែវាត្រូវការពេលវេលាច្រើនទៀតដើម្បីឈានដល់គោលដៅនេះ។ ឥឡូវនេះ ខ្ញុំទទួលបានសញ្ញាបត្រគ្រូបង្វឹក C-license ហើយខ្ញុំកំពុងបង្វឹក U15 បឹងកេត។ ខ្ញុំក៏ជាជំនួយការនាយកបច្ចេកទេស នៅសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ទទួលបន្ទុកយុវជនតាមខេត្ត។ ខ្ញុំមានផែនការចូលនិវត្តន៍ពីបាល់ទាត់រួចហើយ ប៉ុន្តែអ្នកត្រូវរង់ចាំមើលសិន។»

«ខ្ញុំគិតថា ខ្ញុំមានសមិទ្ធិផលដ៏អស្ចារ្យមួយចំនួននៅក្នុងអាជីពបាល់ទាត់របស់ខ្ញុំ។ ខ្ញុំឈ្នះជើងឯកលីគ ៣ដង ជាមួយក្លឹប ២ផ្សេងគ្នា គឺ ២លើក ជាមួយបឹងកេត និង ១លើក ជាមួយព្រះខ័នរាជស្វាយរៀង និងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ផងដែរ។ ពិតណាស់ វាពិបាកសម្រាប់ខ្ញុំ ព្រោះវាជាបទពិសោធន៍ដំបូងរបស់ខ្ញុំ ប៉ុន្តែបន្ទាប់ពីខ្ញុំបានចូលរួមវគ្គបណ្តុះបណ្តាល វាបានធ្វើឱ្យខ្ញុំយល់កាន់តែច្បាស់អំពីតួនាទីគ្រូបង្វឹក។ ខ្ញុំក៏ចង់ចែករំលែកបទពិសោធន៍របស់ខ្ញុំដល់ក្មេងៗដែលចូលចិត្តលេងបាល់ទាត់ដែរ។»

 

រូបភាព៖ បឹងកេត – Boeung Ket Football Club

អត្ថបទ៖ សុភ័ក្ត្រ

មតិយោបល់