គ្រូភ្នំពេញក្រោន, Kedah និងអ្នកតំណាងក្លឹបអង្គរថាយហ្គឺរ ជុំវិញការប្រកួតពានរង្វាន់ Smart RSN Cup 2020

មាស សុផាណារ៉ុង January 9, 2020


 

ភ្នំពេញ៖ កីឡដ្ឋាន Smart RSN របស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានសហការជាមួយក្រុមហ៊ុនទូរស័ព្ទចល័ត Smart Axiata រួមទាំងបណ្តាដៃគូឧបត្ថម្ភដទៃទៀត រួមគ្នាបង្កើតនូវពានរង្វាន់ Smart RSN Cup 2020 ដោយមានក្រុម ៣ចូលរួមរបស់កម្ពុជា និងម៉ាឡេស៊ី ដែលនឹងចាប់ផ្តើមប្រកួតនាថ្ងៃសុក្រនេះ។

មុនការប្រកួតមកដល់ ក្រុមទាំង៣ បានធ្វើសន្និសីទសារព័ត៌មាន ដោយមាន លោក ស៊ុំ វណ្ណា គ្រូបង្វឹកភ្នំពេញក្រោន លោក Aidil Sharin bin Sahak គ្រូបង្វឹកក្លឹប Kedah FA និង លោក ម៉េង ហួរ តំណាងក្លឹបអង្គរថាយហ្គឺរ ដោយមានលើកឡើងអំពីការព្រឹត្តិការណ៍នេះ ធ្វើឡើងនៅកីឡដ្ឋានស្មាតអរអេសអិន ( Smart RSN Stadium ) ផ្ទាល់។

លោក ស៊ុំ វណ្ណា គ្រូបង្វឹកភ្នំពេញក្រោន៖

«ជាឱកាសល្អសម្រាប់ការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិ សម្រាប់រដូវកាលថ្មីរបស់ភ្នំពេញក្រោន ដើម្បិធ្វើការវាស់ស្ទង់សមត្ថភាពមួយមុនទៅដល់ MCL ២០២០ របស់យើង ក្នុងរយៈពេល ៧ទៅ៨ សប្ដាហ៍ដែលយើងបានត្រៀមក្នុង Pre Season នេះ យើងចង់ដឹងថាតើកីឡាកររបស់យើងបានដល់កម្រិតណា ដើរដល់កម្រិតណា ស្វែងយល់បានដល់កម្រិតណា ដើម្បីយើងងាយស្រួលបន្ថែមទៀត មុននឹងយើងចាប់ផ្ដើមរដូវកាលថ្មីរបស់យើងនៅឆ្នាំ២០២០ នេះ ព្រោះយើងមានកីឡាករចំណូលថ្មីច្រើន យុវជនមកពីថ្នាលច្រើន ហើយយុវជនពីសហគមន៍មកចូលរួមក៏ច្រើន ចឹងហើយវាជាចំណុចល្អមួយដើម្បីយើងសម្លឹងមើល អង្គេតថាតើនៅក្នុងទីលាន សម្រាប់ការប្រកួតធំបែបនេះគាត់ធ្វើបានកម្រិតណា ហើយគាត់នៅខ្វះខាតកម្រិតណាទៀត។»

លោក Aidil Sharin bin Sahak គ្រូបង្វឹកក្លឹប Kedah FA៖

«ខ្ញុំគិតថា នេះគឺជាឱកាសដ៏ល្អដើម្បីតេស្តកីឡាកររបស់ខ្ញុំ ដូចដែលយើងកំពុងស្ថិតក្នុងដំណាក់កាល Pre Season។ គោលបំណងរបស់យើងមកទីនេះ ពិតណាស់ លទ្ធផលគឺសំខាន់ ប៉ុន្តែមិនមែនទាំងអស់ឡើយ អ្វីដែលសំខាន់សម្រាប់ក្រុមគឺ ព្យាយាមកែតម្រូវដើម្បីការត្រៀមខ្លួនរបស់យើង ក្នុងពានរង្វាន់ AFC នាពេលដ៏ខ្លីខាងមុខនេះ។»

លោកបន្តថា ក្រុមរបស់លោកមកទីនេះជាមួយនឹងការប្រកួត ដល់៥ ត្រឹមតែ ១០ថ្ងៃ ដូច្នេះវាពិតជាតាន់តឹងបន្តិច ប៉ុន្តែមិនជាបញ្ហាឡើយដ្បិតលោកបាននាំកីឡាករជាច្រើនមកចូលរួម ហើយគ្រប់គ្នាសុទ្ធតែមានឱកាសបានលេងទាំងអស់ ហើយលោកនឹងដាក់កីឡាករដែលល្អៗលេង ហើយនឹងលេង ១០០ភាគរយ។

ម៉េង ហួរ តំណាងក្លឹបអង្គរថាយហ្គឺរ៖

«វាជាឱកាសល្អ សម្រាប់ក្លឹបធ្វើការតេស្តសាកល្បង នូវសមត្ថភាពកីឡាករថ្មីៗ ក៏ដូចជាកីឡាករដែលនាំចូល និងការត្រៀមនាំចូល ជាពិសេសតេស្តសមត្ថភាពកីឡាករយុវជនរបស់យើង យើងបានយកកីឡករពីឈុតយុវជន អ្វីដែលសំខាន់ពួកយើងបានត្រៀមខ្លួនក្នុងការចូលរួមពានរង្វាន់មួយនេះបានយ៉ាងល្អ ហើយទាំងគ្រូបង្វឹក និងកីឡាករ ពួកយើងនឹងប្រឹងប្រែង ធ្វើយ៉ាងណាឲ្យការប្រកួតកាន់តែមានលក្ខណៈស្វិតស្វាញ និងល្អមើលជូនបងប្អូនអ្នកគាំទ្រទាំងអស់គ្នា។»

សូមបញ្ជាក់ថា កីឡដ្ឋាន Smart RSN របស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានសហការជាមួយក្រុមហ៊ុនទូរស័ព្ទចល័ត Smart Axiata រួមទាំងបណ្តាដៃគូឧបត្ថម្ភដទៃទៀត រួមគ្នាបង្កើតនូវពានរង្វាន់ Smart RSN Cup 2020 នេះឡើងដើម្បីរឹតចំណងមិត្តភាព ក៏ដូចជាដើម្បីត្រៀមខ្លួនសម្រាប់រដូវកាលថ្មី នៃលីគកំពូលកម្ពុជា ( សម្រាប់ភ្នំពេញក្រោន និងអង្គរថាយហ្គឺរ ) ក៏ដូចជាលីគកំពូលម៉ាឡេស៊ី ( សម្រាប់ Kedah FA ) នឹងត្រូវប្រកួតតតាំងគ្នាចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ នៅលើកីឡដ្ឋានស្មាតអរអេសអិន ( Smart RSN Stadium ) ទាំង ៣ប្រកួត ស្របពេលដែលគេហទំព័រព័ត៌មានកីឡា CAMSPORTS បានទទួលសិទ្ធិផ្សាយផ្ទាល់ការប្រកួតនេះដែលមានសរុបទាំងអស់ចំនួន ៣ប្រកួតដូចគ្នាផងដែរ៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់