ប្រាក់ មុន្នីឧត្តម ពេញចិត្តជ័យជម្នះលើក្រុមលេខ៣ ម៉ាឡេស៊ី ហើយរំពឹងក្រុមធ្វើបានកាន់តែល្អ ដើម្បីត្រៀម AFC Cup

មាស សុផាណារ៉ុង January 9, 2020


 

គូឡាឡាំពួរ៖ ខ្សែប្រយុទ្ធស្នូលរបស់ក្រុមព្រះខ័នរាជស្វាយរៀង ប្រាក់ មុន្នីឧត្តម បានសម្ដែងការពេញចិត្ត ចំពោះជ័យជម្នះ ៤-០ លើក្រុមលេខ៣ នៃលីគកំពូលម៉ាឡេស៊ី Selangor FA កាលពីល្ងាចមិញ ដ្បិតរូបគេ ចាត់ទុកនេះ គឺជាបទពិសោធន៍ដ៏ល្អ ដើម្បីត្រៀមប្រកួតជម្រុះពានរង្វាន់ AFC Cup 2020 នាពេលខាងមុខ។

គួរដឹងថា កាលពីល្ងាចថ្ងៃទី០៨ ខែមករា ក្រុមព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុម Selangor FA ដោយលទ្ធផល ៤-០ ក្នុងជំនួបមិត្តភាពអន្ដរជាតិ នៃកម្មវិធី Malaysia Pre-Season Tour 2020។ ចំពោះ ៤គ្រាប់របស់ក្រុមជើងឯកលីគកំពូលកម្ពុជា ធ្វើសម្រេចដោយកីឡាករ ប្រាក់ មុន្នីឧត្តម, Privat, ហ៊ួយ ផល្លីន និង សារ៉េត គ្រីយ៉ា រកបានម្នាក់ ១គ្រាប់ ។

បន្ទាប់ពីចប់ការប្រកួតនេះ ប្រាក់ មុន្នីឧត្តម បាននិយាយថា «ខ្ញុំសប្បាយចិត្ត ចំពោះលទ្ធផលនេះ ព្រោះមុនលេង យើងបានត្រៀមខ្លួនរួចហើយ ដោយសារការប្រកួតនេះ យើងក៏ត្រៀមការប្រកួតពាន AFC Cup ជាមួយ Master 7 FC ដែរ ។ ចឹងខ្ញុំគិតថា ការប្រកួតជាមួយខ្លាំងៗនៅម៉ាឡេស៊ី គឺជាកាត្រៀម និងជាបទពិសោធន៍មួយដ៏ល្អ សម្រាប់ត្រៀមប្រកួតពានអន្ដរជាតិ ។ ហេតុនេះ ពួកយើងនឹងត្រៀមឲ្យកាន់តែល្អទៀត ដើម្បីទទួលបានលទ្ធផលល្អក្នុងការប្រកួតពាន AFC នាពេលខាងមុខ។» 

សូមបញ្ជាក់ថា កម្មវិធី Pre-Season Tour របស់ក្រុមព្រះខ័នរាជស្វាយរៀង នៅលើទឹកដីម៉ាឡេស៊ី គឺត្រូវជួបក្រុមម្ចាស់ផ្ទះ ៣ប្រកួត ពោលគឺក្រោយជួបក្រុមលេខ៣ នៃលីគកំពូលម៉ាឡេស៊ី ពួកគេនឹងបន្ដជួបក្រុម Felda United នាថ្ងៃទី១១-មករា និងចុងក្រោយជួបអតីតក្លិបចាស់របស់កីឡាករជម្រើសជាតិកម្ពុជា ធារី ចន្ថាប៊ីន គឺក្រុម Terengganu FA នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ ដើម្បីត្រៀមប្រកួតជម្រុះពាន AFC Cup 2020 ដោយត្រូវជួបក្រុមក្រុមឡាវ Master 7 FC ជើងទី១ នៅថ្ងៃទី២២-មករា នៅពហុកីឡដ្ឋានជាតិ និងជើងទី២ ប្រកួតថ្ងៃទី២៩-មករា នៅទឹកដីឡាវ៕

 

រូបភាព៖ ផ្ដល់ឲ្យ

អត្ថបទ៖ បុត្រា

មតិយោបល់