ព័ត៌មានបន្ថែមជុំវិញការដោះដូរកីឡាករលីគកំពូលកម្ពុជា នៅដើមឆ្នាំ២០២០

មាស សុផាណារ៉ុង January 8, 2020


 

ភ្នំពេញ៖ ទីផ្សារដោះដូរកីឡាករលីគកំពូលកម្ពុជា សម្រាប់រដូវកាល២០២០ បាននឹងកំពុងបន្តដំណើរការចាប់តាំងពីថ្ងៃទី០៩ ខែធ្នូ ខណៈ ២ថ្ងៃចុងក្រោយនេះ ក៏មានភាពមមាញឹកផងដែរ ពីខាងក្លឹបបឹងកេត, ភ្នំពេញក្រោន និងសូលទីឡូអង្គរ។

  • សូលទីឡូអង្គរ

ក្លឹបបាល់ទាត់សូលទីឡូអង្គរ បន្ទាប់ពីចុងឆ្នាំ២០១៩ កន្លងទៅ ប្រកាសផ្ដល់កិច្ចសន្យាបន្ថែមដល់កីឡាករជិត ២០នាក់ ទីបំផុតក្លឹបបានប្រកាសនាំចូលកីឡាករថ្មីជាលើកដំបូង ពោលគឺកីឡាករ Matheus Souza E Silva ដែលជាកីឡាករសញ្ជាតិប្រេស៊ីល ផ្ទេរមកពីក្លឹបបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលជាតិ។

ដោយឡែកជាមួយគ្នាផងដែរក្លឹបក៏ទើបតែបន្តកិច្ចសន្យាដល់កីឡាករបរទេស ( ជប៉ុន ) ២រូបបន្ថែមទៀតផងដែរ នោះគឺកីឡាករ ខ្សែបម្រើ Unno Tomoyuki និង​កីឡាករ Fumiya Kogure ដែល​លេង​ក្នុង​តំណែង​ជា​ខ្សែបម្រើ​ដូចគ្នា។

និយាយ​ដោយឡែក សូល​ទី​ឡូ​អង្គរ បាន​បន្ត​កិច្ចសន្យា​ដល់​កីឡាករ ១៧​នាក់​ហើយ​មុន​ការបន្ត​ឲ្យ​កីឡាករ​ជប៉ុន​ទាំងពីរ​រូបនេះ ដែល​រួមមាន​កីឡាករ សឿង បញ្ញា​, លី មូស្លីម​, អ៊ី​ម វ៉ា​ឃីម​, អៀម រតនា​, ពឺ​យ រស្មី​, រ័ត្ន សំណាង​, ប៊ុន វិច្ឆិកា​, ផាន មករា​, លី អា​រី​ហ្វី​ន​, ប្រាក់ ចាន់​រតនា​, កែវ សុផល​, ប្រាក់ សុវណ្ណ​ពិសិដ្ឋ​, យូ​គ អះ​អា​រី​, ស៊ុ​ក វ​ឌ្ឍ​នា និង​កីឡាករ លី សា​រ័ត្ន ខណៈ​កីឡាករ​ជប៉ុន ២​រូប​ទៀត Kento Fujihara, Kota Motoyama ក៏ត្រូវ​បាន​ក្លិប​ផ្ដល់​កិច្ចសន្យា​បន្ត​ដូចគ្នា​ផងដែរ​។ ចំពោះ​កីឡាករ​ចាក​ចេញ គឺមាន​កីឡាករ​តែ​ម្នាក់​គត់​ដែល​បាន​ចាកចេញ ពោលគឺ​កីឡាករ​ជប៉ុន Yuta Kikuchi គិត​ត្រឹម​បច្ចុប្បន្ន​នេះ​

  • បឹងកេត៖

បន្ទាប់ពីការនាំចូលកីឡាករយុវជនផ្ទេរមកពីសាលាបាល់ទាត់ជាតិបាទី ៤រូបរួមមានកីឡាករអ្នកចាំទី ថា ចាន់ឬទ្ធី, ខ្សែការពារ ជុង មករា, ខ្សែបម្រើការពារ សៅ វ៉ៃហ្វី និងខ្សែប្រយុទ្ធ សៀង ចន្ធា ក៏ដូចជាទើបតែបន្តកិច្ចសន្យាជាមួយកីឡាករបរទេស ( ជប៉ុន ) ពីររូប ពោលគឺ Mizuno Hikaru និង Kenta Yamazaki ជាមួយនឹងកិច្ចសន្យាដល់បំណាច់រដូវកាល ២០២០ នៅថ្ងៃទី០៨ ខែមករា នេះ ក្លឹបបានប្រកាសនាំចូលកីឡាករបរទេសដំបូងសម្រាប់រដូវកាល ២០២០ ផងដែរ។

កីឡាករដែលក្លឹបប្រកាសនាំចូលនៅថ្ងៃនេះ គឺកីឡាករ Anderson Zogbe ដែលផ្ទេរមកពីណាហ្គាវើលដ៍ ក្រោយរួមរស់ជាមួយម្ចាស់ជើងឯកលីគ ឆ្នាំ២០១៨ អស់រយៈពេល ៥ឆ្នាំ។

Anderson មានសញ្ជាតិ កូឌីវ័រ ( Ivory Coast ) បច្ចុប្បន្នមានវ័យ ២៥ឆ្នាំ បានចាប់ផ្តើមអាជីពបាល់ទាត់ដំបូងនៅសាលាបាល់ទាត់ JMG Academy ( ២០០២-២០០៦ ) JMG FC ( ២០០៦-២០០៨ )។ នៅឆ្នាំ ២០១៣ ខ្សែការពាររូបនេះ បានចូលរួមជាមួយក្លិប Bec Tero- Sasana របស់ថៃ ( ២០១៣-២០១៥ ) មុនមកចូលរួមក្នុងលីគបាល់ទាត់កម្ពុជា នៅឆ្នាំ ២០១៥ ជាមួយក្លិបណាហ្គាវើលដ៍។

  • ភ្នំពេញក្រោន

ក្លឹបបាល់ទាត់ភ្នំពេញក្រោន នៅថ្ងៃទី០៧ ខែមករា ​បានបង្រ្គប់ការនាំចូលកីឡាករបរទេសគ្រប់កូតា ៥នាក់ហើយ ក្រោយផ្ទេរយកខ្សែប្រយុទ្ធ Timothy Okereke ដែលជាអតីតសមាជិកក្លិបអង្គរថាយហ្គឺរ។

បុរសសញ្ជាតិនីហ្សេរីយ៉ា បានប្រកបអាជីពនៅលីគកំពូលកម្ពុជាលើកដំបូងនាឆ្នាំ២០១៥ ជាមួយក្លឹប CMAC United និងបានធ្វើការផ្លាស់ប្តូរទៅ អង្គរថាយហ្គឹរ, អាស៉ីអឺរ៉ុបយូណាយធីត និង UITM លីគលំដាប់ទី២របស់ម៉ាឡេស៊ី ខណៈរួមរស់ជាមួយអង្គរថាយហ្គឺរ រដូវកាលមុនអាចរកគ្រាប់បាល់បានដល់ទៅ ២៣គ្រាប់ ឈរលេខរៀងទី៥ ជាកីឡាករ Top Scorer។

ដូច្នេះ កីឡាករបរទេសរបស់ក្រុមជើងឯកលីគកំពូល៦សម័យមាន Paulo Victor (ប្រេស៊ីល), Paul Esoh Omogba (នីហ្សេរីយ៉ា), Andres Nieto (កូឡុំប៊ី) និង Ideguchi Masaki (ជប៉ុន)។

សូមបញ្ជាក់ផងដែរថា ទីផ្សារដោះដូរកីឡាករលីគកំពូលកម្ពុជា សម្រាប់រដូវកាល២០២០ បានចាប់ផ្ដើមបើកពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ ហើយនឹងបិទនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ ពោលគឺមួយសប្ដាហ៍មុនលីគកំពូលកម្ពុជា ចាប់ផ្ដើមនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់