Mustafa Zazai បង្ហាញពីគោលបំណងធំចង់ឈ្នះលីគ និងទទួលបានកៅអី AFC Cup ក្រោយចូលរួមជាមួយវិសាខា

មាស សុផាណារ៉ុង January 8, 2020


 

ភ្នំពេញ៖ កីឡាករ Mustafa Zazai បង្ហាញពីគោលបំណងធំនៅរដូវកាលនេះបន្ទាប់ពីបញ្ចប់ការផ្ទេរផ្ទេរទៅចូលរួមជាមួយក្លឹបបាល់ទាត់វិសាខា ខណៈដែលរូបគេបានចុះកុងត្រារយៈពេល ២ឆ្នាំជាមួយក្លឹបនេះ។

ខ្សែបម្រើរូបនេះត្រូវបានគេស្គាល់នៅលីគកំពូលកម្ពុជា កាលពីរដូវកាលមុននៅពេលដែលរូបគេបានចូលរួមជាមួយក្លិបភ្នំពេញក្រោន នាជុំទី២ ដោយរកបាន ៧គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ១២លើក សម្រាប់ក្រុមរហស្សនាម សឹង្ហក្រហម។

Mustafa Zazai បានសារភាពថា គេពិតជាមានពេលវេលាល្អជាមួយភ្នំពេញក្រោន ដែលបានផ្តល់បទពិសោធក្នុងលីគ ដែលរូបគេគិតថានឹងផ្តល់ភាពងាយស្រួលដល់ខ្លួន ក្នុងការសម្របខ្លួនបានល្អនៅរដូវកាលនេះ។

កីឡាករសញ្ជាតិអាហ្វហ្គានីស្ថាន រូបនេះបានប្រាប់ camsports.org ថា៖ «និយាយដោយស្មោះត្រង់ទៅ ពីដំបូងខ្ញុំមិនគិតថាកម្ពុជានឹងក្លាយជាជម្រើសសម្រាប់ខ្ញុំក្នុងការបន្តអាជីពរយៈពេលវែងនោះទេ ប៉ុន្តែឥឡូវនេះខ្ញុំចូលចិត្ត។»

«បាល់ទាត់នៅទីនេះមានការអភិវឌ្ឍច្រើន ហើយគុណភាពកីឡាករ និងក្រុមក៏ធ្វើអោយខ្ញុំភ្ញាក់ផ្អើលដែរ។ ខ្ញុំចូលចិត្តប្រទេសដែលមានប្រជាជនល្អ និងរួសរាយរាក់ទាក់ ហើយភ្នំពេញគឺជាទីក្រុងដ៏ស្រស់ស្អាតមួយដែលមានសកម្មភាពជាច្រើន។» Zazai បានបន្ថែម។

កីឡាករដែលធ្លាប់ទាត់បាល់បញ្ចូលទី ជម្រើសជាតិកម្ពុជា ២គ្រាប់រូបនេះ បន្តទៀតថា ជុំវិញក្រោយការចូលរួមជាមួយវិសាខា៖ «យើងមានកីឡាករដែលមានគុណភាពជាច្រើន ហើយគោលដៅរបស់យើងគឺឈ្នះលីគ។ ប៉ុន្តែវាមិនត្រឹមតែមានទេព្យកោសល្យ និងគុណភាពប៉ុណ្ណោះទេ។ អ្នកត្រូវខិតខំប្រឹងប្រែង និងការតាំងចិត្តខ្ពស់ ហើយអ្នកត្រូវតែប្រឹងប្រែងហ្វឹកហាត់ខ្លាំងរាល់ថ្ងៃ។ រាល់ការប្រកួតទាំងអស់នឹងក្លាយជាការប្រកួតដ៏ស្វិតស្វាញ ព្រោះគ្រប់ក្រុមចង់បំបាក់យើង ប៉ុន្តែប្រសិនបើយើងរួមគ្នាជាក្រុម ហើយមានស្មារតីក្រុមល្អនោះ យើងអាចធ្វើបាន ព្រោះយើងមានគុណភាព។»

«ដូចខ្ញុំបាននិយាយថា ខ្ញុំចង់ឈ្នះលីក និងខាប់។ ខ្ញុំចង់លេងបាល់ទាត់នៅលើឆាកអន្ដរជាតិជាមួយវិសាខានាពេលអនាគត ហើយដើម្បិអាចធ្វើវាបាន យើងត្រូវតែឈ្នះលីគ។ ខ្ញុំនឹងខិតខំនិងព្យាយាមឱ្យអស់ពីសមត្ថភាពក្នុងរាល់ការហ្វឹកហាត់ និងការប្រកួត ហើយព្យាយាមជួយកីឡាករវ័យក្មេងឱ្យឈានដល់គោលដៅនេះ។» Mustafa Zazai បន្ថែម។

និយាយត្រលប់ជុំវិញការរយមរស់ជាមួយភ្នំពេញក្រោន កីឡាករវ័យ ២៦ឆ្នាំរូបនេះរំឭកថា៖ «ខ្ញុំរីករាយជាមួយភ្នំពេញក្រោន ហើយខ្ញុំស្គាល់លីគ ក្រុម និងកីឡាករបរទេសច្បាស់ ដូច្នេះខ្ញុំគិតថាសម្រាប់ឆ្នាំនេះខ្ញុំមិនចាំបាច់សម្របខ្លួនច្រើនទៀតទេ។»

«ចំពោះភ្នំពេញក្រោន និងអ្នកគាំទ្រទាំងអស់ខ្ញុំអាចនិយាយអរគុណសម្រាប់ពេលវេលានេះ ហើយខ្ញុំពិតជារីករាយណាស់ ហើយសូមជូនពរឱ្យពួកគេទទួលបានអ្វីដែលល្អបំផុត។ ខ្ញុំកំពុងទន្ទឹងរងចាំការប្រកួតជាមួយពួកគេ ហើយខ្ញុំសង្ឃឹមថាពួកគេនឹងមានរដូវកាលដ៏ល្អមួយប្រហែលជាពួកគេអាចក្លាយជាក្រុមលេខ២ ក្នុងលីគបន្ទាប់ពីយើង។»

 

រូបភាព៖ វិសាខា & ភ្នំពេញក្រោន

អត្ថបទ៖ សុភ័ក្ត្រ

មតិយោបល់