គ្រូ Kedah FA បង្ហើបពីការឆ្លៀតឱកាសសង្កេតមើលកីឡាករកម្ពុជា ដើម្បីអាចជ្រើសរើសយកទៅបំពេញកូតាកីឡាករអាស៊ាននៅក្លឹបរបស់ខ្លួន

មាស សុផាណារ៉ុង January 8, 2020


 

ភ្នំពេញ៖ លោក Aidil Sharin bin Sahak គ្រូបង្វឹកក្លឹប Kedah FA នៃលីគកំពូលម៉ាឡេស៊ី បានបង្ហើបពីការឆ្លៀតឱកាសសង្កេតមើលកីឡាករកម្ពុជា ដើម្បីអាចជ្រើសរើសយកទៅបំពេញកូតាកីឡាករអាស៊ាននៅក្លឹបរបស់ខ្លួន និងថា កម្ពុជាសម្បូរធនធានកីឡាករល្អៗជាច្រើន មិនមែនមានតែ ចាន់ វឌ្ឍនាកា នោះទេ។ ការនិយាយបែបនេះ គឺបន្ទាប់ពីក្រុម Kedah FA បានយកឈ្នះក្រុមវិសាខា ដោយលទ្ធផល ១-០ ក្នុងជំនួបមិត្តភាពអន្ដរជាតិ នៅពហុកីឡដ្ឋានជាតិ កាលពីល្ងាចមិញ។

គ្រូបង្វឹកសញ្ជាតិសិង្ហបុរីបន្ថែមថា ដោយសារកម្ពុជាមានការរីកចម្រើនផ្នែកបាល់ទាត់ និងមានធនធានកីឡាករល្អៗច្រើននេះហើយ ទើបលោកសម្រេចដឹកនាំក្រុមមកបោះជំរំហ្វឹកហាត់នៅកម្ពុជា សម្រាប់ត្រៀមរដូវកាលថ្មី។ ម្យ៉ាងលោកក៏ឆ្លៀតឱកាសនេះ នឹងធ្វើការសង្កេតមើលកីឡាករកម្ពុជា ដើម្បីអាចជ្រើសរើសយកទៅបំពេញកូតាកីឡាករអាស៊ាននៅក្លឹបរបស់ខ្លួនផងដែរ។

លោក Aidil Sharin បានបញ្ជាក់ថា៖ «ដោយសារខ្ញុំធ្លាប់មកកម្ពុជាច្រើនដង ខ្ញុំបានមើលឃើញកីឡាករល្អៗជាច្រើន ដូចជាកីឡាករនៅបឹងកេតភ្នំពេញក្រោន បឹងកេត និងឥលូវក៏មានកីឡាករល្អៗច្រើននៅវិសាខាដែរ ហើយជាការពិត យើងក៏កំពុងនឹងធ្វើការសម្លឹងរកកីឡាករអាស៊ាន ក៏ដូចជាកីឡាករល្អៗ នៅកម្ពុជា ដែលអាចទៅលេងជាមួយពួកយើង នារដូវកាលក្រោយៗផងដែរ។»

បុរសវ័យ ៤២ឆ្នាំដដែលបន្ថែមថា៖ «កន្លងមក ខ្ញុំមើលឃើញកម្ពុជា មានកីឡាករមានសមត្ថភាពក្មេងៗ ដែលទើបនឹងចូលរួម ហើយខ្ញុំជឿថា ពួកគេនឹងកាន់តែរីកចម្រើនប្រសើរឡើង នៅថ្ងៃខាងមុខ ។ យើងបានដឹងថា ចាន់ វឌ្ឍនាកា គឺជាកីឡាករដែលល្អម្នាក់ ប៉ុន្ដែអាលូវខ្ញុំមើលឃើញកីឡាករជាច្រើនទៀត ដែលមានសមត្ថភាពល្អៗ ជាក់ស្ដែងកីឡាករវិសាខា ដូចជា គីម ឆៃយ៉ា និង ច្រឹង ពលរដ្ឋ ជាដើម។»

គួរបញ្ជាក់ថា ក្រុម Kedah FA បានមកបោះជំរំហ្វឹកហាត់ត្រៀមរដូវកាលថ្មីនៅកម្ពុជារយៈពេល ១សប្ដាហ៍ ហើយបន្ទាប់ពីជួបក្រុមវិសាខា ក្រុមឈរលេខ៤ នៃលីគកំពូលម៉ាឡេស៊ីនេះ នឹងបន្ដជួបក្រុមខ្លាំងៗនៅកម្ពុជាបន្ដទៀត ដូចជាក្រុមបឹងកេត, ណាហ្គាវើលដ៏, អង្គរថាយហ្គឺរ និងភ្នំពេញក្រោនជាដើម៕

 

រូបភាព៖ វិសាខា – Visakha Football Club | Kedah FA

អត្ថបទ៖ បុត្រា

មតិយោបល់