ព្រះខ័នរាជស្វាយរៀង ចាប់ផ្ដើមដំណើរ Pre Season របស់ខ្លួននៅម៉ាឡេស៊ីយប់នេះ ប៉ះក្រុម Selangor

មាស សុផាណារ៉ុង January 8, 2020


 

ម៉ាឡេស៊ី៖ ម្ចាស់ជើងឯកលីគកំពូលកម្ពុជា ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ដែលបានចេញទៅបោះជំរំហ្វឹកហាត់នៅប្រទេសម៉ាឡេស៊ី មួយសប្ដាហ៍ កាលពីព្រឹកថ្ងៃទី០៧ មករា ដើម្បីត្រៀមការប្រកួតវគ្គជម្រុះពានរង្វាន់ក្លឹបបាល់ទាត់ប្រចាំទ្វីបអាស៊ី លំដាប់ទី២ ( AFC Cup 2020 ) នឹងចាប់ផ្ដើមយុទ្ធនាការប្រកួតភ្លាមៗនៅយប់ថ្ងៃទី០៨ ខែមករា នេះ។

ក្នុងដំណើរប្រកួតអន្តរជាតិក្រៅប្រទេស ( Pre Season ) នៅយប់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ នេះ ព្រះខ័នរាជស្វាយរៀង នឹងត្រូវស្វាគមន៍ ដោយក្រុមលេខ៣ លីគកំពូលម៉ាឡេស៊ី កាលពីរដូវកាល២០១៩ ( ក្លឹប Selangor FC ) ដោយនឹងធ្វើការប្រកួតនៅវេលាម៉ោង ៨:៤៥នាទីយប់ ( ម៉ោងនៅកម្ពុជា ) លើវាលស្មៅនៃកីឡដ្ឋាន 3K Sport Complex Subang Jaya។

សូមបញ្ជាក់ថា ព្រះខ័នរាជស្វាយរៀង ដែលបានចេញទៅបោះជំរំហ្វឹកហាត់នៅប្រទេសម៉ាឡេស៊ី មួយសប្ដាហ៍ កាលពីព្រឹកថ្ងៃទី០៧ មករា រហូតដល់ថ្ងៃទី១៤ ខែមករា ក្នុងនោះក៏មានការប្រកួតកម្ដៅសាច់ដុំផងដែរ ពោលគឺបន្ទាប់ពី Selangor រួច នៅថ្ងៃទី១១ ជួប Felda United និងថ្ងៃទី១៣ នឹងត្រូវជួប Terengganu FC មុនត្រលប់មកវិញមួយថ្ងៃ៕

 

រូបភាព៖ Preah Khan Reach Svay Rieng FC | FA Selangor

អត្ថបទ៖ ណារ៉ុង

មតិយោបល់