វិសាខា ធ្វើឲ្យភ្ញាក់ផ្អើលការដោះដូរកីឡាករលីគកំពូលកម្ពុជា សប្ដាហ៍កន្លងទៅ

មាស សុផាណារ៉ុង January 6, 2020


 

ភ្នំពេញ៖ ទីផ្សារដោះដូរកីឡាករលីគកំពូលកម្ពុជា សម្រាប់រដូវកាល២០២០ បាននឹងកំពុងបន្តបើកចាប់តាំងពីថ្ងៃទី០៩ ខែធ្នូ ខណៈកាលពីចុងសប្ដាហ៍កន្លងទៅថ្មីៗនេះ ក៏មានភាពមមាញឹកផងដែរ ជាពិសេស ក្លឹបបាល់ទាត់វិសាខា។

  • វិសាខា៖

ចាប់តាំងពីដើមខែធ្នូ ក្លឹបបាល់ទាត់វិសាខា បានធ្វើការប្រកាសពីការបន្តកិច្ចសន្យាជាមួយកីឡាករជាច្រើនរូប និងត្រូវបានទន្ទឹងរង់ចាំកីឡាករថ្មីរហូតដល់សប្ដាហ៍កន្លងទៅក្លឹបទើបតែប្រកាសនាំចូលកីឡាករថ្មី ទាំងខ្មែរ និងបរទេស បន្ទាប់ពីមានពាក្យចចាមអារាមជាហូរហែរ។

កីឡាករថ្មីដែលត្រូវក្លឹបប្រកាសនាំចូលត្រឹមតែមួយសប្ដាហ៍ រួមមានកីឡាករ ច្រឹង ពលរដ្ឋ, រ៊ឹង ប៊ុនហៀង ដែលផ្ទេរមកពីក្រសួងការពារជាតិ ដូចគ្នា ស្របពេលដែលកីឡាករបរទេសថ្មី ៣រូបរួមមាន Mustafa Sazazai ( អតីតកីឡាករភ្នំពេញក្រោន ), Mahammed Khan ( អតីតកីឡាករក្រសួងការពារជាតិ ) និងកីឡាករ Alisher Mirzaev ដែលជាកីឡាករសញ្ជាតិអ៊ូបីគីស្ថាន ផ្ទេរមកពីក្លឹប FK Termez Surkhon លីគទី២ អ៊ូបីគីស្ថាន។

និយាយដោយឡែកវិញ គិតមកទល់ដើមឆ្នាំ២០២០ នេះ វិសាខា បានផ្ដល់កិច្ចសន្យាបន្ថែមដល់កីឡាករចំនួន ១៩រូបហើយ រួមមានកីឡាករ កែវ សុខ​ផេង​, ឆេង ម៉េង​, កែវ សុខ​សិលា​, អ៊ិន សូ​ដា​វីដ​, ស៊ិន កក្កដា​, គីម ឆាយា​, ផុន តៃនិញ​, ង​យ ស្រ៊ី​ន​, សារី ម៉ាត់​ណូ​រ៉ូ​ទីន​, ម៉ាត់ សា​ក់រវី​, ទៀត គីមហេង​, ទិ​ត្យ ឌី​ណា​, រស់ សំអឿន និង​ឡុង ម៉េង​ហាវ​, សាន គឹម​ហេង, កែន ច័​ន្ធ​សុភ័ក្ត្រ, ស៊ិន សុ​ផា​ណាត់,  អ៊ុក សុវណ្ណ និងចុងក្រោយនេះបន្តឲ្យកីឡាករបរទេស Ajayi Opeyemi Korede។

  • ភ្នំពេញក្រោន៖

ក្លឹបមានមូលដ្ឋាននៅរាជធានីភ្នំពេញមួយនេះ កាលពីសប្ដាហ៍កន្លងទៅមិនមានការនាំចូលកីឡាករថ្មីបន្ថែមទៀតឡើយ ប៉ុន្តែបានបន្តកិច្ចសន្យាបន្ថែមដល់កីឡាករយុវជន លឹម ពិសុទ្ធ ក្នុងកិច្ចសន្យារយៈពេលវែង ពោលគឺដល់ឆ្នាំ២០២៤។

  • បឹងកេត៖

បន្ទាប់ពីការនាំចូលកីឡាករយុវជនផ្ទេរមកពីសាលាបាល់ទាត់ជាតិបាទី ៤រូបរួមមានកីឡាករអ្នកចាំទី ថា ចាន់ឬទ្ធី, ខ្សែការពារ ជុង មករា, ខ្សែបម្រើការពារ សៅ វ៉ៃហ្វី និងខ្សែប្រយុទ្ធ សៀង ចន្ធា រួចមក នៅថ្ងៃទី០៦ មករា នេះផងដែរក្លឹបបាល់ទាត់បឹងកេត បានធ្វើការប្រកាសជាផ្លូវការ ស្ដីពីការបន្តកិច្ចសន្យាជាមួយកីឡាករបរទេស ( ជប៉ុន ) ទាំងពីររូប ពោលគឺ Mizuno Hikaru និង Kenta Yamazaki ជាមួយនឹងកិច្ចសន្យាដល់បំណាច់រដូវកាល ២០២០។

កីឡាករទាំងពីររូបនេះ ដើរតួនាទីយ៉ាងសំខាន់នៅតំបន់កណ្ដាលរបស់ក្លឹប រួមចំណែកឲ្យបឹងកេត បញ្ចប់ទៅដោយឈរនៅលេខ៤ នៃលីគកំពូលកម្ពុជា រដូវកាលមុន និយាយដោយឡែក Kenta Yamazaki ចូលរួមជាមួយក្លឹបនៅពាក់កណ្ដាលរដូវកាល២០១៩។

  • អាស៊ីអឺរ៉ុបយូណាយធីត៖

សម្រាប់ក្លឹបបាល់ទាត់អាស៊ីអឺរ៉ុបយូណាយធីត ក៏ត្រូវបានដឹងថាមានការនាំចូលកីឡាករបរទេសថ្មីផងដែរ ពោលគឺជាកីឡាករសញ្ជាតិជប៉ុន មានឈ្មោះថា Kanta Asami លេងក្នុងតួនាទីជាខ្សែបម្រើ។

Kanta Asami គឺជាកីឡាករបរទេសដំបូងដែលក្លឹបតំណាងសាកលវិទ្យាល័យមួយនេះ នាំចូលសម្រាប់រដូវកាល ២០២០ ផងដែរ បន្ទាប់ពីបានធ្វើតេស្តរើសកីឡាករថ្មីបានមួយចំនួន កាលពីដើមខែធ្នូ ឆ្នាំ២០១៩ កន្លងទៅ។

សូមបញ្ជាក់ផងដែរថា ទីផ្សារដោះដូរកីឡាករលីគកំពូលកម្ពុជា សម្រាប់រដូវកាល២០២០ បានចាប់ផ្ដើមបើកពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ ហើយនឹងបិទនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ ពោលគឺមួយសប្ដាហ៍មុនលីគកំពូលកម្ពុជា ចាប់ផ្ដើមនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់