រ៊ឹង ប៊ុនហៀង៖ «វានឹងក្លាយជាការប្រកួតប្រជែងថ្មីមួយសម្រាប់ខ្ញុំ នៅក្លឹបវិសាខា»

មាស សុផាណារ៉ុង January 6, 2020


 

ភ្នំពេញ៖ រ៊ឹង ប៊ុនហៀង មានបំណងចង់ឈ្នះពានរង្វាន់លីគកំពូលកម្ពុជា រដូវកាល២០២០ នេះ បន្ទាប់ពីរូបគេបានបំពេញការផ្ទេរពីក្លឹបបាល់ទាត់ក្រសួងការពារជាតិ ទៅចូលរួមជាមួយ ក្លឹបបាល់ទាត់វិសាខា ជាផ្លូវការកាលពីចុងសប្ដាហ៍កន្លងទៅ។

ខ្សែប្រយុទ្ធសមាជិកក្រុមជម្រើសជាតិកម្ពុជារូបនេះ បានយល់ព្រមលើកិច្ចសន្យារយៈពេល ៣ឆ្នាំជាមួយក្លឹបដែលចំណាយច្រើនវិសាខា ជាទីដែល ប៊ុនហៀង គិតថានឹងផ្តល់ឲ្យរូបគេនូវការប្រកួតប្រជែងថ្មី ខណៈក្លឹបមួយនេះសម្បូរពៅពេញទៅដោយកីឡាករដែលមានទេពកោសល្យជាច្រើនរូប។

កីឡាករវ័យ ២៧ឆ្នាំរូបនេះបានត្រៀមខ្លួនប្រកួតប្រជែង និងបង្កើនការរីកចម្រើន ដើម្បីធ្វើឲ្យមានភាពលេចធ្លោនៅក្លឹបថ្មីរបស់ខ្លួន ខណៈដែលរូបគេសង្ឃឹមថានឹងរកបានកន្លែងមួយនៅជម្រើស ១១នាក់ដំបូងរបស់ក្លឹបវិសាខា។

រ៊ឹង ប៊ុនហៀង បានប្រាប់សារព័ត៌មាន camsports.org ថា៖ «ខ្ញុំរីករាយដែលបានចូលរួមជាមួយក្លឹបធំមួយនៅកម្ពុជា។ វានឹងក្លាយជាការប្រកួតប្រជែងថ្មីសម្រាប់ខ្ញុំ ពីព្រោះវិសាខាមានកីឡាករល្អៗជាច្រើន។ ខ្ញុំរីករាយជាមួយនឹងការប្រកួតប្រជែងនេះ ហើយខ្ញុំគិតថាខ្ញុំនឹងកាន់តែមានការរីកចម្រើន។»

រ៊ឹង ប៊ុនហៀង ពេលប្រកួតតទល់ជាមួយ វិសាខា រដូវកាលមុន

«ខ្ញុំគិតថាវិសាខាមានសង្ឃឹមខ្ពស់ក្នុងការឈ្នះលីគនៅរដូវកាលនេះ ព្រោះយើងមានកីឡាករដែលមានគុណភាព ជាពិសេសកីឡាករម្នាក់ៗសុទ្ធតែមានជំនាញផ្ទាល់ខ្លួន។» រ៊ឹង ប៊ុនហៀង បានបន្ថែមជុំវិញក្ដីរំពឹងជាមួយក្រុមថ្មី។

វិសាខា បានបញ្ចប់ទៅដោយឈរនៅចំណាត់ថ្នាក់លេខ២ នៃលីគកំពូលកម្ពុជា រដូវកាលមុន ដោយតាមពីក្រោយម្ចាស់ជើងឯក ព្រះខ័នរាជស្វាយរៀង ៧ពិន្ទុ។ ជាមួយនឹងការចុះហត្ថលេខារបស់កីឡាករដែលមានគុណភាពជាច្រើនដូចជា ច្រឹង ពលរដ្ឋ, រ៊ឹង ប៊ុនហៀង, Mustafa Sazazai ( អតីតកីឡាករភ្នំពេញក្រោន ) និង Mahammed Khan (អតីតកីឡាករក្រសួងការពារជាតិ ) ពួកគេគួរតែជាបេក្ខភាពធំៗក្នុងការប្រជែងការឈ្នះជើងឯកលីករដូវកាលនេះ៕

 

អត្ថបទ៖ សុភ័ក្ត្រ

មតិយោបល់