លឹម ពិសុទ្ធ ចង់ក្លាយជាវីរបុរសភ្នំពេញក្រោន ក្រោយបន្តកុងត្រាដល់ឆ្នាំ២០២៤

មាស សុផាណារ៉ុង January 6, 2020


 

ភ្នំពេញ៖ កីឡាករវ័យក្មេង លឹម ពិសុទ្ធ ប្តេជ្ញាអនាគតរបស់ខ្លួនក្រោយបានចុះកុងត្រារយៈពេលវែងជាមួយក្លឹបភ្នំពេញក្រោន ដែលធ្វើឱ្យរូបគេបន្តរួមរស់ជាមួយក្រុមមានមូលដ្ឋានក្នុងរាជធានីភ្នំពេញ មួយនេះរហូតដល់ឆ្នាំ២០២៤ ដោយរំពឹងថាចង់ក្លាយជាវីរបុរស របស់ភ្នំពេញក្រោន។

លឹម ពិសុទ្ធ ត្រូវបានដំឡើងពីក្រុមយុវជនភ្នំពេញក្រោន មកកាន់ឈុតធំកាលពីឆ្នាំ២០១៨ ប៉ុន្តែទើបតែបានបង្ហាញខ្លួនជាមួយក្រុមធំ និងជាលើកដំបូងកាលពីរដូវកាលមុន អំឡុងពេលក្រុមប្រកួតឈ្នះ ៥ទល់០ លើក្លឹបបាល់ទាត់អគ្គីសនីកម្ពុជា ខណៈដែលរូបគេក៏បានរកគ្រាប់បាល់បញ្ចូលទី ក្នុងការបង្ហាញខ្លួនក្នុងលីគកំពូលកម្ពុជា លើកដំបូងផងដែរ។

«សម្រាប់ខ្ញុំវាជាពេលវេលាដ៏អស្ចារ្យ។ ខ្ញុំមានអារម្មណ៍រីករាយណាស់ដែលបានបន្តកុងត្រានៅភ្នំពេញក្រោន។» ខ្សែប្រយុទ្ធវ័យ ១៩ឆ្នាំរូបនេះ បានប្រាប់សារប័ត៌មាន camsports.org។

លឹម ពិសុទ្ធ សង្គត់ធ្ងន់ថា៖ «វាជាការសំរេចចិត្តដ៏ងាយស្រួលសម្រាប់ខ្ញុំ ក្នុងការបន្តស្នាក់នៅទីនេះ។ ខ្ញុំធំធាត់នៅទីនេះ ហើយក្លឹបបានជួយខ្ញុំច្រើនណាស់។ ខ្ញុំបានហ្វឹកហាត់នៅទីនេះតាំងពីខ្ញុំនៅក្មេង។ ខ្ញុំស្រឡាញ់ក្លឹប ហើយវាតែងតែជាក្តីសុបិន្តក្នុងការលេងឱ្យក្លឹបនេះ។» 

«ខ្ញុំចង់ជួយក្លឹប ឲ្យអស់ពីសមត្ថភាព និងឈ្នះពានរង្វាន់ជាមួយភ្នំពេញក្រោន។ បើអាច ខ្ញុំពិតជាចង់ក្លាយជាវីរៈបុរស របស់ក្លឹបភ្នំពេញក្រោន។ វាជាក្លឹបដែលខ្ញុំស្រឡាញ់។ ខ្ញុំបានហ្វឹកហាត់នៅទីនេះដើម្បីក្លាយជាកីឡាករបាល់ទាត់ ដូច្នេះខ្ញុំតែងតែអរគុណដល់ក្លឹប។» ក្មួយប្រុសកីឡាករ រស់ សំអឿន រូបនេះបន្ត។

សមាជិកនៃក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ១៩ឆ្នាំដដែលរូបនេះបន្តទៀតថា៖ «ខ្ញុំទទួលបានបទពិសោធន៍ជាច្រើនពីឈុតធំ។ ឥឡូវនេះខ្ញុំកាន់តែមានភាពចាស់ទុំ ហើយខ្ញុំអាចលេងដោយមានទំនុកចិត្តខ្ពស់ ព្រោះខ្ញុំតែងតែទទួលបានដំបូន្មានល្អៗ ពីកីឡាករដែលមានបទពិសោធន៍។ រដូវកាលនេះ ខ្ញុំនឹងព្យាយាមឲ្យអស់ពីសមត្ថភាព ហើយសង្ឃឹមថាខ្ញុំអាចរីកចម្រើន និងលេងបានល្អជាងនេះ។»

សម្រាប់រដូវកាល២០២០ លឹម ពិសុទ្ធ បានក្លាយជា​កីឡា​ករទី​៦ ដែល​ក្លឹប​សម្រេច​បន្ត​កិច្ចសន្យា​ជាមួយ បន្ទាប់ពី​កីឡាកររាមច្បងមុនមួយជំនាន់ ៥​រូប​ផ្សេងទៀតត្រូវ​ក្លឹប​បាន​បន្ត​កិច្ចសន្យាបន្ថែម​កាលពី​ចុងខែ​វិច្ឆិកា ឆ្នាំ​២០១៩ រួមមាន កីឡាករ ពៅ ប៉ុន​វុទ្ធី (​ខ្សែប្រយុទ្ធ​), គង់ ចាន់​វុទ្ធី (​អ្នកចាំទី​), សួន នឿ​ត (​ខ្សែ​ការពារ​), សេត រ៉ូ​ហ្សា​ក់ (​ខ្សែបម្រើ​) និង​សុខ បញ្ញា (​ខ្សែការពារ​) ខណៈដែល​ពួកគេ​សុទ្ធសឹងតែ​ជា​យុវជន​ដែល​រីកដុះដាល​ជា​មួយ​ភ្នំពេញ​ក្រោ​ន ​តាំងពី​នៅជាយុជនអាយុក្រោម ១៣ឆ្នាំ​។៕

 

អត្ថបទ៖ សុភ័ក្ត្រ

មតិយោបល់