វិសាខា នាំយក រ៊ឹង ប៊ុនហៀង មករួមក្រុមប្រៀបដូចបន្ថែមសមាជិកក្រុមជម្រើសជាតិកម្ពុជា ដែលតែងតែទទួលការកោះហៅទៀងទាត់

មាស សុផាណារ៉ុង January 4, 2020


 

ភ្នំពេញ៖ ទីបំផុតខ្សែប្រយុទ្ធ រ៉ឹង ប៊ុនហៀង បានរកឃើញទ្រនំថ្មី ដើម្បីបន្ដអាជីពលើវាលស្មៅហើយ គឺក្លឹបវិសាខា។ នេះបើតាមការប្រកាសលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្លឹប នាព្រឹកថ្ងៃសៅរ៍ ទី០៤ ខែមករា ឆ្នាំ២០២០។

នេះគឺជាដំណឹងគួរឲ្យភ្ញាក់ផ្អើលមួយទៀត សម្រាប់អ្នកគាំទ្រ ដ្បិតកាលពីម្សិលមិញ វិសាខា ក៏បានប្រកាសអតីតសមាជិកក្លឹបក្រសួងការពារជាតិម្នាក់ ជាកីឡាករចំណូលថ្មីរបស់ខ្លួនដែរ គឺខ្សែបម្រើ ច្រឹង ពលរដ្ឋ ។

តាមរយៈការបន្ថែមនូវកីឡាករដ៏មានបទពិសោធន៍ទាំង ២រូបនេះ វិសាខាត្រូវបានគេចាត់ទុកជាក្លឹបប្រជុំដោយកីឡាករល្អៗ សម្រាប់ត្រៀមរដូវកាលថ្មី ទាំងការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា និងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២០ ជាពិសេសជាការបន្ថែមសមាជិកក្រុមជម្រើសជាតិដទៃទៀតដែលតែងតែទទួលបានការកោះហៅជាទៀងទាត់ នៅក្នុងឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ រួមមានដូចជា កែវ សុខផេង, ឆេង ម៉េង, កែវ សុខសិលា, ស៊ិន កក្កដា, អ៊ិន សូដាវីដ, កែន ច័ន្ទសុភ័ក្ត្រ, អ៊ុក សុវណ្ណ, ស៊ិន សុផាណាត់ ជាដើម។

គួរបញ្ជាក់ថា មកទល់ពេលនេះ វិសាខា ទើបប្រកាសនាំចូលកីឡាករថ្មី ២រូបប៉ុណ្ណោះ គឺ ច្រឹង ពលរដ្ឋ និង រ៉ឹង ប៊ុនហៀង ខណៈសមាជិកគ្រប់រូប សុទ្ធតែត្រូវបានក្លឹបជើងឯករងឆ្នាំចាស់នេះ ផ្ដល់កិច្ចសន្យារយៈពេលវែង គ្រាដែលកីឡាករបរទេស វិសាខាទើបប្រកាសបន្ដកុងត្រាជាមួយកីឡាករ Ajayi ម្នាក់ប៉ុណ្ណោះ៕

 

រូបភាព៖ វិសាខា

អត្ថបទ៖ បុត្រា

មតិយោបល់