ព្រឹត្តិការណ៍បាល់ទាត់សំខាន់ៗ ដែលជម្រើសជាតិកម្ពុជា គ្រប់ឈុត ត្រៀមចូលរួមប្រកួតក្នុងឆ្នាំ២០២០

មាស សុផាណារ៉ុង January 3, 2020


 

ភ្នំពេញ៖ កាលពីឆ្នាំ២០១៩ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា គ្រប់ឈុតបានបន្សល់ទុកនូវការចង់ចាំរៀងៗខ្លួនក្នុងការប្រកួតប្រចាំទ្វីប ក៏ដូចជាតំបន់ ខណៈទំព័រឆ្នាំថ្មី ឆ្នាំ២០២០ បានបើកជាផ្លូវការ ជាមួយនឹងព្រឹត្តិការណ៍បាល់ទាត់សំខាន់ៗ ជាច្រើនទៀតកំពុងបន្តរង់ចាំក្រុមជម្រើសជាតិកម្ពុជា គ្រប់ឈុតចូលរួមប្រកួត។

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា មានឈុតជម្រើសជាតិជាច្រើនដូចជា ជម្រើសជាតិឈុតធំ ( បុរស-នារី ), ជម្រើសជាតិយុវជន ( យុវជនអាយុក្រោម២២ឆ្នាំ, ១៩ឆ្នាំ និង១៦ឆ្នាំ – យុវនារីអាយុក្រោម ១៦ឆ្នាំ ), និងក្រុមជម្រើសជាតិហ្វូតសាល ខណៈខាងក្រោមគឺជាកម្មវិធីប្រកួតខ្លះៗដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា អាចនឹងបញ្ជូនទៅចូលរួមក្នុងឆ្នាំនេះ។

  • ជម្រើសជាតិបុរស ឈុតធំ

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ឈុតធំ ក្នុងឆ្នាំ២០២០ នេះនឹងមានភារកិច្ចច្រើនជាក់ស្ដែង ការប្រកួតជម្រុះបាល់ទាត់ពិភពលោក ក៏ដូចជាវគ្គជម្រុះពានរង្វាន់បាល់ទាត់អាស៊ី ជុំទី២ ( 2022 FIFA World Cup qualification – AFC Second Round ) ដែលនឹងបន្តការប្រកួតប្រចាំពូល C ដែលនៅសេសសល់ ៣ប្រកួតចុងក្រោយ ក្នុងនោះ ២ប្រកួត លេងនៅថ្ងៃទី២៦ និងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ និងមួយប្រកួតចុងក្រោយ លេងនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០។

ចន្លោះពេលត្រឹមពាក់កណ្ដាលឆ្នាំ ជម្រើសជាតិកម្ពុជា ក៏អាចនឹងមានការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិកម្ដៅសាច់ដុំ ( FIFA Day ) ផងដែរ ពោលគឺនៅខែមិថុនា, ចុងខែសីហា ដើមខែកញ្ញា, ដើមខែតុលា និងដើមខែវិច្ឆិកា។

ក្រៅពីនេះនៅមានបានរង្វាន់ដ៏សំខាន់មួយទៀតដែល កម្ពុជា នឹងចូលរួមនៅចុងឆ្នាំ គឺការប្រកួតពានរង្វាន់ជើងឯកអាស៊ីអាគ្នេយ៍ ​( 2020 AFF Suzuki Cup ) ឆ្នាំ២០២០ ដែលគ្រោងធ្វើនៅចន្លោះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នឹងបន្តរហូតដល់ចុងខែធ្នូ ថ្ងៃទី៣១។

  • ជម្រើសជាតិកម្ពុជាអាយុក្រោម ២២ឆ្នាំ

ចំពោះក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម ២២ឆ្នាំ នៅឆ្នាំ២០២០ នេះផងដែរ អាចនឹងចូលរួមការប្រកួត ជើងឯកយុវជនអាស៊ីអាគ្នេយ៍ អាយុក្រោម ២២ឆ្នាំ ( AFF U-22 Championship ) ប៉ុន្តែហាក់ស្ថិតក្នុងភាពស្រពិចស្រពិល ដ្បិតពានរង្វាន់តែងតែអាកខានក្នុងការរៀបចំ ឬអាចនិយាយបានថារៀបចំធ្វើឡើងនៅក្នុងអំឡុងឆ្នាំដែលមានការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ( SEA Games )។

  • ជម្រើសជាតិនារី ឈុតធំ

សម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិនារី ឈុតធំ នៅឆ្នាំ២០២០ គឺគ្រោងនឹងចូលរួមប្រកួតពានរង្វាន់ជើងឯកនារីអាស៊ីអាគ្នេយ៍ ( AFF Women’s Championship ) ដែលជាទូទៅគ្រោងធ្វើនៅអំឡុងពាក់កណ្ដាលខែសីហា ខណៈឆ្នាំ២០២០ នេះ នឹងធ្វើនៅប្រទេសហ្វីលីពីន។

  • ជម្រើសជាតិយុវជនអាយុក្រោម ១៩ឆ្នាំ ( បុរស )

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម ១៩ឆ្នាំ នៅឆ្នាំ២០២០ នេះនឹងចូលរួមព្រឹត្តិការណ៍ ២ធំៗ ពោលគឺអាចនៅអំឡុងចុងខែសីហា ដល់ដើមខែកញ្ញា ចូលរួមប្រកួត ជើងឯកយុវជនអាស៊ីអាគ្នេយ៍ អាយុក្រោម ១៩ឆ្នាំ ( AFF U-19 Championship ) ដែលឆ្នាំ២០២០ ឥណ្ឌូនេស៊ី ធ្វើជាម្ចាស់ផ្ទះ។

បន្ទាប់មកការប្រកួតជើងឯកយុវជនអាស៊ី អាយុក្រោម ១៩ឆ្នាំ ( AFC U-19 Championship ) ជុំផ្ដាច់ព្រ័ត្រ ដែលគ្រោងនឹងធ្វើឡើងនៅពាក់កណ្ដាលខែតុលា ពីថ្ងៃទី១៤ ដល់ថ្ងៃទី៣១។ នេះជាព្រឹត្តិការណ៍មួយដែលអ្នកគាំទ្រទន្ទឹងរង់ចាំផងដែរ។

  • ជម្រើសជាតិយុវជនអាយុក្រោម ១៦ឆ្នាំ ( បុរស )

ចំពោះក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម ១៦ឆ្នាំ នៅឆ្នាំ២០២០ នេះផងដែរ នឹងចូលរួមការប្រកួត ជើងឯកយុវជនអាស៊ីអាគ្នេយ៍ អាយុក្រោម ១៦ឆ្នាំ ( AFF U-16 Championship ) ដែលជាទូទៅធ្វើឡើងនៅអំឡុងខែកក្កដា ឬក៏ដើមខែសីហា ស្របពេលដែលឆ្នាំ២០២០ ពានរង្វាន់នេះនឹងធ្វើឡើងនៅប្រទេសឥណ្ឌូនេស៊ី។

  • ជម្រើសជាតិនារីអាយុក្រោម ១៦ឆ្នាំ

សម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិនារី អាយុក្រោម ១៦ឆ្នាំ ក៏នឹងត្រៀមចូលរួមប្រកួតពានរង្វាន់ជើងឯកនារីអាស៊ីអាគ្នេយ៍ អាយុក្រោម ១៦ឆ្នាំ ( AFF U-16 Women’s Championship ) ដែលគ្រោងនឹងធ្វើនៅអំឡុងខែឧសភា ហើយឆ្នាំ២០២០ នេះផងដែរ ឥណ្ឌូនេស៊ី នឹងទទួលធ្វើជាម្ចាស់ផ្ទះ។

  • ក្រុមជម្រើសជាតិហ្វូតសាល

ក្រុមបាល់ទាត់ជម្រើសជាតិហ្វូតសាលកម្ពុជា ក្នុងឆ្នាំ២០២០ នេះក៏គ្រោងនឹងចូលរួមប្រកួតពានរង្វាន់ជើងឯកហ្វូតសាល ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ( AFF Futsal Championship ) ដែលឆ្នាំនេះគ្រោងធ្វើនៅអំឡុងខែតុលា ផងដែរ។

គួរបញ្ជាក់ថា បើមិនមានអ្វីប្រែប្រួល សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងបញ្ជូនក្រុមទាំង ៦ឈុតនេះទៅចូលរួមការប្រកួតពានរង្វាន់ដូចដែលបានរៀបរាប់ខាងលើ ប៉ុន្តែក៏អាចនឹងមានការចូលរួមការប្រកួតមិត្តភាពអន្តរជាតិ ឬក៏ពានរង្វាន់បែបមិត្តភាពអន្តរជាតិ ផងដែរ តាមសេចក្ដីត្រូវការរបស់សហព័ន្ធ។

សម្រាប់កាលវិភាគប្រកួតច្បាស់ការ ជាពិសេសសម្រាប់ពានរង្វាន់ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដូចដែលបានរៀបរាប់ខាងលើសហព័ន្ធប្រចាំតំបន់មួយនេះ នៅមិនទាន់បញ្ជាក់នៅឡើយទេ៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

អត្ថបទ៖ ណារ៉ុង

មតិយោបល់