ផ្លូវការ! ច្រឹង ពលរដ្ឋ ផ្ទេរពីទ័ព ចូលវិសាខា

មាស សុផាណារ៉ុង January 3, 2020


 

ភ្នំពេញ៖ ទីបំផុតខ្សែបម្រើ ច្រឹង ពលរដ្ឋ បានផ្ទេរចូលក្លឹបវិសាខាជាផ្លូវការហើយ បន្ទាប់ពីត្រូវបានក្លឹបចាស់ក្រសួងការពារជាតិ(ទ័ព) ប្រកាសអំពីការចាកចេញ កាលពីពេលថ្មីៗ ។

ពលរដ្ឋ បានក្លាយជាកីឡាករចំណូលថ្មីថ្មីដំបូងគេ ដែលត្រូវបានក្លឹបជើងឯករងឆ្នាំចាស់វិសាខា ប្រកាសជាសមាជិក នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ ដើម្បីត្រៀមរដូវកាលថ្មីខាងមុខ ហើយក៏បញ្ចប់ពាក្យចរចាមអារាម ដែលបានបែកធ្លាយផងដែរ ។

គួរដឹងថា ច្រឹង ពលរដ្ឋ បានចាប់ផ្ដើមអាជីពបាល់ទាត់ តាំងពីឆ្នាំ២០០៨ ជាមួយក្រុមយុវជនក្រសួងការពារជាតិ មុនផ្ទេរទៅចូលរួមជាមួយក្រុមយុវជនព្រះខ័នរាជស្វាយរៀង នៅឆ្នាំ២០១០ ។ រហូតដល់ឆ្នាំ២០១៣ កីឡាករវ័យ ២២ឆ្នាំរូបនេះ បានចេញទៅក្លឹបត្រាយអាស៊ី(បច្ចុប្បន្នអង្គរថាយហ្គឺរ) និងឆ្នាំ២០១៥ បានផ្ទេរទៅក្លឹបក្រសួងការពារជាតិ ។

ប៉ុន្ដែខ្សែបម្រើរូបនេះ បានសាងកេរ្ដិ៍ក្នុងអាជីពលើវាលស្មៅនេះ គឺក្នុងឆ្នាំ២០១៦ និងឆ្នាំ២០១៧ បន្ទាប់ពីបានបង្ហាញទម្រង់លេងយ៉ាងល្អជាមួយក្លឹប និងក្រុមជម្រើសជាតិ ។ តែគួរឲ្យស្ដាយឆ្នាំ២០១៨ គេបានរបួសដាច់សរសៃជង្គង់ជើងស្ដាំ ដោយធ្វើឲ្យគេខកខានបង្ហាញខ្លួនលើទីលានជាង ១រដូវកាល ពោលគឺទើបអាចចូលលេងបានវិញ នៅចុងរដូវកាលឆ្នាំ២០១៩ មុននឹងផ្ទេរមកក្លឹបវិសាខានេះប៉ុណ្ណោះ ៕

 

អត្ថបទ៖ បុត្រា

មតិយោបល់