វិសាខា បង្ហាញមុខអតីតគ្រូយុវជន Leed United ជាប្រធានផ្នែកអភិវឌ្ឍន៍បាល់ទាត់

មាស សុផាណារ៉ុង January 2, 2020


 

ភ្នំពេញ៖ ក្លឹបបាល់ទាត់វិសាខា កាលពីល្ងាចថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ បានធ្វើការបង្ហាញសមាសភាពថ្នាក់ដឹកនាំកំពូលៗរបស់ក្លឹប សម្រាប់រដូវកាល២០២០ ខណៈអ្វីដែលគួរឲ្យចាប់អារម្មណ៍ ក៏មានការបង្ហាញមុខ ប្រធានផ្នែកអភិវឌ្ឍន៍បាល់ទាត់ ផងដែរ ដែលត្រូវបានគេស្គាល់ថាជាអតីតគ្រូយុវជនរបស់ក្លឹប Leed United នៃលីគអង់គ្លេស។

ប្រធានផ្នែកអភិវឌ្ឍន៍បាល់ទាត់ របស់ក្លឹបវិសាខា ដែលទើបតែតែងតាំងនេះមានឈ្មោះថា Arran Horton James ជាគ្រូជនជាតិអង់គ្លេស មានវ័យ៣២ឆ្នាំ ដោយនឹងកាន់ការងារលើការអភិវឌ្ឍន៍បាល់ទាត់ប្រចាំក្លឹប គ្រប់កម្រិតពីថ្នាល ដល់ឈុតធំ។

និយាយអំពីប្រវត្តិរបស់បុរសកើតនៅទីក្រុង Leed រូបនេះវិញ ធ្លាប់ជាកីឡាករដែលលេងនៅលីគអង់គ្លេស ចាប់ផ្ដើមជាមួយក្លឹប Wakefield F.C នៅឆ្នាំ២០០៥ ប៉ុន្តែទន្ទឹមនឹងជាកីឡាករ លោកក៏ជាគ្រូផងដែរ ជាពិសេសនៅឆ្នាំ២០១៥ លោកបានក្លាយជាគ្រូយុវជននៅក្លឹបអាជីព Wetherby Athletic Juniors ហើយក៏បន្តដឹកនាំឈុតយុវជន Leed United នៅឆ្នាំដដែល។

លោកត្រូវបានក្លឹបបញ្ជូនឲ្យទៅធ្វើជាគ្រូសាលាបាល់ទាត់ប្រចាំក្លឹប Leed United នៅប្រទេសចិន ផងដែរ មុននឹងមកចូលរួមជាមួយវិសាខា៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់